ភ្នំពេញៈ ​ឪពុកម្ដាយ​មួយចំនួន មិន​ពេញចិត្ត​ការធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ ១៩ លើ​សិស្សសាលា​ដោយ​ត្រូវ​ចំណាយ​ពី ១០០ ​ទៅ​ ១១០ ​ដុល្លារ​ សម្រាប់​សិស្ស​ម្នាក់ៗ​នោះឡើយ ដោយសារ​ពួកគេ​ព្រួយបារម្ភ​ថា ក្មេងៗ​នឹង​មាន​ការឈឺចាប់ ដោយសារ​ការយក​សំឡី​រុក​ចូល​ច្រមុះ​យក​សំណាក​ទៅ​ធ្វើ​តេស្ដ​។ ប៉ុន្តែ​មន្ត្រី​ថា សាលារៀន​គឺ​ត្រូវតែ​អនុវត្ត​តាម​ការសម្រេច​របស់​អន្តរក្រសួង​។

បុរស​សុំលាក់​អត្តសញ្ញាណ​ម្នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា លោក​រួមទាំង​ឪពុកម្ដាយ​ប្រហែល​ ១០០ ​នាក់​ផ្សេងទៀត​បាន​នាំគ្នា​ប្រឆាំង​ទៅនឹង​សាលា​ដែល​បាន​តម្រូវ​ឱ្យ​ឪពុកម្ដាយ​ត្រូវ​យល់ព្រម​ឱ្យ​កូនៗ​របស់ខ្លួន​ធ្វើតេស្ដ​រក​ជំងឺ​​កូវីដ​១៩​ជា​មុន​ មុន​អនុញ្ញាត​ឱ្យ​ចូលទៅក្នុង​សាលារៀន​ដែល​គ្រោង​បើក​ដំណើរការ​វិញ​នៅ​ខែសីហា​។

បុរស​ដែល​មាន​កូន​អាយុ​ ៨ ​ឆ្នាំ​ម្នាក់ និង​ ១២ ​ឆ្នាំ​ម្នាក់​រៀន​នៅ​សាលារៀន​អន្តរជាតិ​ឯកជន​មួយ​បាន​បន្តថា ឪពុកម្ដាយ​ទាំងនេះ​មិន​ពេញចិត្ត​ចំពោះ​វិធានការ​នេះឡើយ ដោយ​ពួកគេ​យល់ថា ការយក​សំឡី​យ៉ាង​វែង​រុក​ចូល​ទៅក្នុង​ច្រមុះ​គឺ​ប្រៀបដូចជា​ការធ្វើ​បាប​ដល់​កូនសិស្ស​ដែល​មួយចំនួន​គឺ​មាន​អាយុ​ត្រឹម​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​បន្ថែមថា ការធ្វើ​តេស្ដ​នេះ​គឺ​សាលារៀន​ខ្លះ​តម្រូវ​ឱ្យ​ឪពុកម្ដាយ​ចំណាយ​ ១០០ ​ដុល្លារ ខណៈ​សាលារៀន​ខ្លះទៀត​គឺ​ឱ្យ​ចំណាយ ១១០ ​ដុល្លារ បើ​គិត​ទាំង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សម្រាប់​សិស្ស​ម្នាក់ៗ​។

លោក​ថា​៖ «​ពួកយើង​កំពុង​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះស្រាយ​ពី​សាលា ព្រោះ​ធ្វើ​អ៊ីចឹង​ដូច​ធ្វើ​បាប​កូនក្មេង​។ ការយក​សំឡី​យ៉ាង​វែង​ញាត់​ចូល​ច្រមុះ ទោះ​ក្មេង​មិន​ឈឺ​ក៏ត្រូវ​ឈឺ​ (​ឈឺ​ចម្រុះ​) ​ដែរ ហើយ​ពួកខ្ញុំ​អាណិត​កូន ហើយ​មិនមែន​ជោះ​ឈាម​ឯណា បើ​ត្រឹម​ជោះ​ឈាម​មិន​អី​ទេ​»​។

លោក​ថា​៖ «​ខ្ញុំ​អត់​យល់​ដែរ ម៉េច​បាន​កំណត់​អ៊ីចឹង​? គេ​ធ្វើតេស្ដ​ហ្នឹង​មុន​កូនក្មេង​ចូល​ (​សាលា​) ​ប៉ុន្តែ​យើង​ពិចារណា​មើល នៅពេល​ចូលរៀន​ហើយ​ក្មេងៗ​ចេញ​មក​ (​ផ្ទះ​) ​វិញ​ដដែល​ហើយ​នៅពេល​ចូល​វិញ​ធ្វើ​ម៉េច​ទៅ​? ក្មេងៗ​នឹង​ចេញ​ចូលៗ​អ៊ីចឹង​ធ្វើតេស្ដ​បាន​ប្រយោជន៍​អី​?»​។

សាលារៀន​ចំនួន ២០ ដែល​ជា​សាលារៀន​ឯកជន​អន្តរជាតិ​មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​គឺ​បាន​ទទួល​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែសីហា ប៉ុន្តែ​ពួកគេ​គឺ​ត្រូវ​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​។

វីដេអូ៖

សាលារៀន​ខ្លះ​បញ្ជាក់​ថា ការបើក​សាលា​ឡើងវិញ​នៅក្នុង​ពេល​កំពុង​កើតមាន​ជំងឺ​កូវីដ​១៩​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១០ ខែ​សីហា បន្ទាប់ពី​ត្រូវបាន​ផ្អាក​តាំងពី​ខែមីនា​មក​ក្រោយពី​កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺ​​កូវីដ​លើកដំបូង​លើ​ពលរដ្ឋ​ខ្មែរ​។

លិខិត​របស់​សាលារៀន​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​បញ្ជាក់​ថា ឪពុកម្ដាយ​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការយល់ព្រម​ចូលរួម​សហការ និង​បង់ប្រាក់​ចំណាយ​ក្នុង​ការបញ្ជូន​កូន​ឱ្យ​មក​សិក្សា​ផ្ទាល់​នៅ​សាលារៀន​ក្នុង​បរិបទ​កូវីដ​ ១៩​។

នៅក្នុង​កិច្ចព្រមព្រៀង​នោះ​គឺ​ឪពុកម្ដាយ​ត្រូវ​យល់ព្រម​នាំ​កូន​ធ្វើតេស្ដ​រក​មេរោគ​កូវីដ​តាម​ការរៀបចំ​របស់​ភាគី​សាលារៀន​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់​ក្រសួង​អប់រំ​ និង​ក្រសួង​សុខាភិបាល​ជាមុនសិន មុនពេល​សាលា​អនុញ្ញាត​ឱ្យ​វិល​មកកាន់​បរិវេណ​សាលា​។

ប៉ុន្តែ​ការតម្រូវ​នេះ​បាន​ធ្វើឱ្យ​ឪពុកម្ដាយ​មួយចំនួន​យក​ទៅ​បង្ហោះ​នៅ​តាម​ហ្វេសប៊ុក​នូវ​សំណេរ​អត្ថបទ​មួយ​ដូចៗ​គ្នា ដើម្បី​ប្រឆាំង​ការបង្ខំ​ឱ្យ​កូនសិស្ស​ធ្វើតេស្ដ​រក​មេរោគ​នេះ ហើយ​បាន​បញ្ជាក់​ថា អ្នក​ដែល​គួរ​ធ្វើតេស្ដ គឺជា​គ្រូបង្រៀន​បរទេស​ដែល​អាច​ទើប​ធ្វើ​ដំណើរ​មកពី​ក្រៅប្រទេស​ក្នុង​ពេល​កំពុង​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​។

ពួកគាត់​បាន​គាំទ្រ​ចំពោះ​វិធានការ​ផ្សេង​វិញ​ដែល​ត្រូវ​អនុវត្ត​នៅពេល​បើក​សាលារៀន គឺ​ដូចជា​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ញឹកញាប់​ការវាស់​កម្ដៅ​សិស្ស និង​បុគ្គលិក​ឱ្យ​បាន​ជាប្រចាំ​ថ្ងៃ​មាន​ទឹក​អាល់កុល​លាងដៃ និង​បង្រៀន​សិស្ស​ឱ្យ​លាងដៃ​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពីគ្នា​ជាដើម​។

ប៉ុន្តែ​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ការតម្រូវ​ឱ្យ​សាលា​ទាំង ២០ ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង ដើម្បី​អនុវត្ត​នូវ​វិធានការ​មួយចំនួន នៅពេល​បើក​សាលា​នាពេល​ខាង​មុខ​ដូចជា​ការធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​លើ​សិស្ស​ និង​បុគ្គលិក​ជាដើម គឺជា​ការសម្រេច​ដោយ​កិច្ចប្រជុំ​របស់​អន្តរក្រសួង​ស្ដីពី​ការទប់ស្កាត់ ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា ថ្វីដ្បិត​សាលា​ទាំងនេះ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​សិស្ស​ទាំងអស់​ត្រូវ​ត្រឡប់​ទៅ​រៀន​ផ្ទាល់​នៅ​សាលា​នោះ​ទេ គឺ​ត្រូវ​បែងចែក​សិស្ស​ឱ្យ​ប្ដូរ​វេន​គ្នា ទៅ​រៀន​នៅ​សាលា​ខ្លះ និង​បន្ត​រៀន​តាម​អនឡាញ​ខ្លះ​។ «​នោះ​គឺជា​វិធានការ​របស់​សុខាភិបាល​ដែល​គណៈកម្មការ​អន្តរក្រសួង​សម្រេច​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានទេ​ដោយ​ទូរស័ព្ទ​លោកស្រី​មិន​អាច​ទាក់ទង​បាន​។ ទោះយ៉ាងណា ក្រសួង​អប់រំ​ព្រមាន​ថា ចំពោះ​សាលា​ដែល​បើក​ដំណើរការ​ក្នុង​ដំណាក់កាល​ទី​ ១ ហើយ​ពុំបាន​អនុវត្ត​តាម​អ្វីដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​នឹង​ត្រូវ​ប្រឈម​នឹង​ការព្រមាន និង​ការផ្អាក​ដំណើរការ​ឡើងវិញ​៕