ភ្នំពេញៈ ក្រុម​ឪពុកម្ដាយ​សិស្ស​នៅ​សាលា​អន្តរជាតិ​ផារ៉ាហ្គន​បាន​ឯកភាព​គ្នា ទទួល​យក​ការបញ្ចុះតម្លៃ​សិក្សា​ពី​ខាង​ភាគី​សាលា​ចំនួន ១៥ ​ភាគរយ​ដែល​ការព្រមព្រៀង​ទទួល​យក​​ដំណោះស្រាយ​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​ការជួយ​សម្របសម្រួល​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក កែង ណារុន ឪពុក​សិស្ស​រៀន​នៅ​សាលា​ផារ៉ាហ្គន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ៣០ ខែមេសា​ថា ក្រុម​ឪពុកម្ដាយ​របស់​សិស្ស​ជាង ២៨០ ​គ្រួសារ​ បាន​នាំគ្នា​បោះឆ្នោត​ទទួល​យក​ដំណោះស្រាយ​ពី​ភាគី​សាលា​ដែល​បានសម្រេច​បញ្ចុះតម្លៃ​សិក្សា​តាម​អនឡាញ​ចំនួន ១៥%​។

លោក​បន្តថា​៖ «​ធម្មតា​ការតវ៉ា​មិន​បាន​ ១០០% ទេ​អ៊ីចឹង​វា​ទាមទារ​ឱ្យ​មាន​ការសម្របសម្រួល​គ្នា​។ អ៊ីចឹង​! យើង​ក៏​សម្រេច​ទទួល​យក​ទៅ ១៥ ​ភាគរយ​ហ្នឹង​។ ការទទួល​យក​នេះ​គឺ​ខាង​ក្រុម​ឪពុកម្ដាយ​បាននាំគ្នា​ធ្វើការ​បោះឆ្នោត​ត្រឹមត្រូវ និង​ព្រមព្រៀង​គ្នា​ទទួល​យក​»​។

កាលពី​ថ្ងៃទី​ ២៧ ខែមេសា ក្រុម​ឪពុកម្ដាយ​សិស្ស រៀន​នៅ​សាលា​អន្តរជាតិ​ផារ៉ាហ្គន​បាន​លើក​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលារៀន​នេះ​ដោយ​ទាមទារ​ឱ្យ​បញ្ចុះតម្លៃ​បង្រៀន​តាម​អនឡាញ​ក្នុងពេល​កំពុង​កើត​មាន​ជំងឺ​កូវីដ ១៩ ចំនួន ៣០% សុំឱ្យ​រក្សា​តម្លៃ​សិក្សា​នៅ​ដដែល បន្ទាប់ពី​សាលា​ទើប​សម្រេច​ដំឡើង​ថ្លៃ ៨ ភាគរយ​​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​ ២០២០-២០២១ សុំ​ពន្យារពេល​ចុះឈ្មោះ​ចូលរៀន​ដែល​សាលា​ដាក់​កំហិត​បិទ​បញ្ចប់​ត្រឹម​ចុងខែ​មេសា និង​សុំ​ពង្រឹង​គុណភាព​បង្រៀន​ឡើងវិញ បន្ទាប់ពី​មាន​ការធ្លាក់ចុះ​ក្រោយ​កែប្រែ​ឈ្មោះ​សាលា​ហ្សាម៉ាន​មក​ជា​សាលា​ផារ៉ាហ្គន​។

លោក កែង ណារុន បញ្ជាក់​ថា​ក្រោយពី​ការតវ៉ា​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​មេសា មិន​ទទួល​បាន​ការឆ្លើយតប និង​ដំណោះស្រាយ​ពី​ខាង​ភាគី​សាលា​គឺ​នៅពេល​ល្ងាច​ថ្ងៃ​ដដែល​ក្រុម​ឪពុកម្ដាយ​បាន​ទៅ​ជួប​ជាមួយ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហើយ​ក្រោយមក​លោក​រដ្ឋមន្ត្រី​ក៏​បាន​ទទួល​សំណើ​នោះ​ទៅ​សម្របសម្រួល​ជាមួយ​ភាគី​សាលា​។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ ៣០ ​មេសា​ថា ក្រៅពី​ការបញ្ចុះ​តម្លៃ​សិក្សា​តាម​អនឡាញ​ចំនួន ១៣% ខាង​ភាគី​សាលា​ក៏​ទទួល​បាន​សំណើ​របស់​ក្រុម​ឪពុកម្ដាយ​ចំនួន​ ៣ ​ទៀត​ដូចជា​មិន​ដំឡើង​តម្លៃ​សិក្សា​ឆ្នាំ​ ២០២០-២០២១ សម្រាប់​សិស្ស​គ្រប់​កម្រិត ពន្យារពេល​បិទ​បញ្ចប់​ការចុះ​ឈ្មោះ​ចូលរៀន និង​ការពង្រឹង​គុណភាព​សិក្សា​។

លោក កែង ណារុន បញ្ជាក់ថា ក្រុម​ឪពុកម្ដាយ​មិន​ទាន់​ទទួល​បាន​ការបញ្ជាក់​ផ្លូវការ​ពី​ភាគី​សាលា​អន្តរជាតិ​ផារ៉ាហ្គន​នៅឡើយ​ទេ និង​កំពុង​រង់ចាំ​សាលា​នេះ​ចេញ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​បញ្ជាក់​អំពី​ការសម្រេច​ចំពោះ​ដំណោះស្រាយ​នេះ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ពី​លោក អ៊ាង សុផល្លែត ប្រធាន​កិត្តិយស​សាលា​អន្តរជាតិ​ផារ៉ាហ្គន​បានទេ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​៕