ព្រះវិហារៈ ឪពុក ម្ដាយ​របស់​សិស្ស​សាលា​ ៣ នាក់ ​ដែល​ត្រូវ​បានលោក​​ គឹម ចេ​ត្ថា​វី ប្រធាន​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត​ បើករថយន្ត​បុក​ស្លាប់​ហើយ​រត់គេចខ្លួន កាលពី​ថ្ងៃទី ២២ ខែ​ មិថុនា បានដាក់​ពាក្យ​ប្ដឹងទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារដើ​ម្បី​ទាមទារ​សំណង​ពី ២ ម៉ឺន​ ទៅ​ដល់ ៤ ម៉ឺន​ដុល្លារ ខណៈ​ជន​បង្ក​បាន​ឲ្យ​តំណាងចូល​ទៅសុំ​សម្រ​ប​សម្រួល​ជា​មួយ​គ្រួសារ​​សព​ក្មេង​រង​គ្រោះ​​ដោយ​ផ្តល់​សំណ​ង​ត្រឹម ១ ៥០០ ដុល្លារ​ សម្រាប់​សព​ក្មេង​ម្នាក់។

លោក កែវ សុខុន អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត និង​ត្រូវជា​ឪពុក​របស់​សព​យុវសិស្ស​ឈ្មោះ កែវ ប៊ុន​ជា ឬ​ហៅ​ក្រៅ​ថា ណា​រ៉ាត់ អាយុ ១៦ ឆ្នាំ រៀន​ថ្នាក់​ទី ៨ នៃ​អនុវិទ្យាល័យ​ជាំ​ក្សាន្ត ដែល​ជា​យុវ​សិស្ស​​ម្នាក់​ក្នុង​ចំណោមយុវសិស្ស​​ទាំង ៣ នាក់​ ត្រូវ​រថយន្ត​បុក​ស្លាប់ បាន​ប្រាប់​ភ្នំ​ពេញប៉ុស្ដិ៍​ម្សិលមិញ​ថា ពួក​លោ​ក​ជា​ឪពុកម្ដាយ ​បាននាំគ្នា​ដាក់​ពាក្យ​ប្ដឹង ទៅ​អធិការ​ស្រុក​ជាំក្សាន្ត​កាលពី​ថ្ងៃទី ២៤ ខែ​ មិថុនា និង​ទើបតែ​ដល់​ថ្ងៃទី ៣ កក្កដា ទើប​ពាក្យបណ្ដឹង​នោះ​ត្រូវ​បាន​ដាក់​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ។

លោក​បន្តថា ជនបង្ក​ឈ្មោះ គឹម ចេ​ត្ថា​វី ដែល​បាន​បើករថយន្ត​បុក​កូនលោក​ស្លាប់​ហើយ​បាន​​រត់គេចខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី ២២ ខែ ​មិថុនា​ មក​​នោះ​ គឺ​​រហូត​មក​ដល់​ពេល​នេះ មិនទាន់​ចូល​មក​ដោះ​ស្រាយ​នៅឡើយ​ទេ ប៉ុន្តែ​បងប្អូន​របស់​ជនបង្ក​នេះ ​បាន​ចេញមក​សម្រុះ សម្រួល​ជំនួស​កាលពី​ថ្ងៃទី ៣០ មិថុនា នៅពេល​គ្រួសារ​របស់លោក​ កំពុង​រៀបចំ​ពិធី បុណ្យសព ​៧ ថ្ងៃ ​ដោយ​ពួកគេ​បាន​ចូល​បុ​ណ្យ​​ចំនួន ៥០០ ​ដុល្លារ ​ក្នុង​គ្រួសារ​នីមួយៗ និង​បាន​ស្នើ​សុំ​ផ្ដល់​ប្រាក់​សំណង​ចំនួន ១ ៥០០​ ដុល្លារ​ក្នុង​ ១ ​គ្រួសារ។

លោក​ថា៖ «តំណាងឱ្យ​ជនបង្ក​ដែល​ត្រូវជា​ប្អូនគេ​ថា កូន​ខាង​ខ្ញុំ​វា​ខុស​ព្រោះ​វា​ទៅបុក​ឡា​ន​​គេ​ឱ្យ​ខូច​អី​ណា ហើយ​គេ​ឱ្យ​សំណង​តែ ១ ៥០០​ ក្នុង​សព​មួ​យ ប៉ុន្តែ​ពួក​ខ្ញុំ​ថា​ មិនអាច​ទទួល​យក​បានទេ ព្រោះ​កូន​ពួក​ខ្ញុំ​​​មិន​ខុស​ទេ​ ប្រសិនបើ​ឡាន​នោះ​មិន​បត់​ទៅបុក​កូន​ខ្ញុំ កូន​ខ្ញុំ​ក៏​មិន​ស្លាប់​ដែរ»។

លោក​​អះ​អាង​ថា ឈ្មោះ គឹម ចេ​ត្ថា​វី បាន​ផឹកស្រា​ស្រវឹង​ហើ​យ​បាន​បើកឡាន​របស់ខ្លួន ​ដើម្បី​បន្ត​មក​ច្រៀង​នៅ​ហាងខា​​រ៉ា​អូ​ខេ​ឈ្មោះ​វីឡា​ផ្កាយ​មាស ហើយ​នៅពេល​ដល់​ចំណុច​ត្រូវ​បត់​ឆ្លង​ផ្លូវ​ ចូលទៅក្នុង​ហាង​ខារ៉ា​អូខេ​នោះ ជននេះ ​មិនបាន​បើក​ភ្លើង​​ស៊ីញ៉ូ​សុំ​ឆ្លងផ្លូវ​ឡើយគឺ​បត់​​​យក​តែ​ម្តង​ទើបត្រូវ​បុក​ម៉ូតូ​ដែ​ល​​ជិះ​ដោយ​យុវ​សិស្ស​​ទាំង ៣ នាក់ ក្នុងទិសដៅ​ស្រប​​គ្នា​ប៉ុន្តែ​ស្ថិត​នៅ​​ចំណុច​ផ្លូវ​អាទិភាព​របស់​ខាង​ភាគី​ម៉ូតូ។

លោក​​បញ្ជាក់​ថា៖ «​នៅលើ​ផ្លូវ​អាទិភាព​របស់​យើង ហើយ​បត់​ហ្នឹង​ មិនបាន​ឱ្យ​ស៊ី​ញ៉ូ​​អី​ទេ គឺ​បត់​មក​បុក​ផាំង​តែម្ដង​ហ្នឹង។ គេ​ផឹក​គ្រឿង​ស្រវឹង​រួច គេ​ជិះឡាន​ប្រុង​មក​ច្រៀង»។

បើតាម​របាយ​ការណ៍រ​បស់​នគរ​បាល​​ស្រុក​ជាំ​ក្សាន្ត​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក​ Dream ឆ្នាំ ២០១៨ ជាមួយ​រថយន្ត Ford Ranger ស្លាក​លេខ 2AY 9595 បានកើត​ឡើង​នៅ​ថ្ងៃទី ២២ ខែ ​មិថុនា វេលា​ម៉ោង ២​ និង​ ១០ នាទី​រសៀល ស្ថិ​ត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​ ៦៩ B ក្នុង​ភូមិ​ស្រអែម​ខាង​ត្បួ​ង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត។ មុន​ពេល​​មន្ត្រី​ចរាចរណ៍​ចុះ​ទៅដល់​កន្លែង​កើត​​​ហេតុ ម្ចាស់​រថយន្ត​​ដែល​ជា​ជនបង្ក​ បាន​រត់​គេច​ខ្លួន​បាត់ ខណៈ​ជនរង​គ្រោះ​ទាំង ៣ នាក់​​ជា​សិស្ស​សាលាមាន​ឈ្មោះ កែវ ប៊ុន​ជា ឈ្មោះ ចំរើន ណា​រ៉ុង និ​ង​ឈ្មោះ ប៊ុនលី កាណៈ បាន​ស្លា​ប់​​​នៅ​កន្លែង​កើត​ហេតុ​ចំនួន ២ ​នា​ក់ ​និង​ម្នាក់​ទៀត​ស្លាប់​ នៅ​ពេល​​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ស្រុក។

លោក​ឲ្យ​ដឹង​ថា ក្នុង​ពាក្យ​បណ្ដឹ​ង​ដាក់​ទៅ​តុលាការគឺ​គ្រួ​សារ​លោក​បានទាមទារ​សំណ​ង​ចំនួន ៤ ម៉ឺន​ដុល្លារ ខណៈ​ ២ ​គ្រួសារ​​ទៀត​ ​១ ​គ្រួសារ​ ទាមទារ​សំណង​តែ ២ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ ​កក្កដា​ម្សិលមិញ​នេះ ខាង​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត បាន​ហៅ​ពួកលោក​ទៅ​ប្រជុំ ហើយ​អាជ្ញាធរ​បាន​ដើរតួនាទី​ជំនួស​ឱ្យ​ជនបង្ក ដើម្បី​សុំឱ្យ​ពួកលោក​ទទួល​យក​សំណង​ត្រឹម​តែ ៤ ពាន់​ដុល្លារ​បាន​ហើ​យ ក្នុង​ ១ ​គ្រួសារ ប៉ុន្តែ​ពួក លោក​បាន​បដិសេធ​សំណើ​នេះ និង​បាន​ស្នើឱ្យ​បុគ្គល​ឈ្មោះ គឹម ចេ​ត្ថា​វី ត្រូវ​ចេញមុខ​មក​សម្រុះ​សម្រួល​ដោយ​ផ្ទាល់។

លោក កែវ សុវណ្ណារ៉ា អាយុ ៤៨ ឆ្នាំ រស់នៅ​ឃុំ​កន្ទួត និង​ត្រូវ​ជា​ឪពុក​របស់​យុវ​ជនរង​គ្រោះ​​ឈ្មោះ ប៊ុនលី កាណៈ អាយុ​ ១៥​ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា មូលហេតុ​ដែល​លោក​មិន​ទទួលយក​សំណង​ចំនួន ៤ ​ពា​ន់​​ដុល្លារ ដោយ​សារ​គ្រាន់តែ​លោ​ក​បាន​រៀបចំ​ពិធីបុណ្យ​សព ​គឺ​ចំណាយ​អស់​ប្រហែល​ពី ២ ​ទៅ​ ៣ ​ពាន់​ដុល្លារ​ហើយ ប៉ុន្តែ​លោក​ថា សំណង​ដែល​លោក​ដាក់​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន ​២ ​ម៉ឺន​ដុល្លារ នឹង​អាច​ចុះ​ខ្លះ​ប្រសិន​បើ​ជនបង្កចេញ​មក​សម្រុះ​សម្រួល​ដោយ​ផ្ទាល់។

លោក​បាន​ថ្លែង​ទៀត​ថា៖ ​«យើង​ទារ ២ ម៉ឺន​ហ្នឹង ព្រោះ​កូន​យើង​គ្មាន​កំហុសទេ​ព្រោះ​វា​ជិះ​បញ្ច្រាស​ទិស​គ្នា»។

លោក ឈឺ​ម មេធា មន្ត្រី​​​នគរបាល​ចរាច​រណ៍​ស្រុក​ជាំ​ក្សាន្ត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោ​ក​​មិនអាច​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ឡើយដោយសារ​សំណុំ​រឿង​​នេះបានដាក់​ទៅ​ដល់​តុលា​​ការ​រួចហើយ។ ប៉ុន្តែ​លោក​​ថា បើ​យុវជន​ទាំង ៣ នាក់ បាន​ពាក់​មួក​សុវត្ថិភាព​ប្រហែល​មិន​អាច​​គ្រោះថ្នាក់​​ដល់​ស្លាប់​ឡើយ។

លោកស្រីជុំ ក​ន្និ​យ៉ា អ្នក​​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​ថ្លែង​​ថា លោកស្រី​បាន​ឃើញ​មន្ត្រី​ចរាចរណ៍​បាន​នាំពាក្យ​បណ្ដឹង​នោះ មកកាន់​តុលាការ​ហើយ ​កាលពី​ល្ងាច​ថ្ងៃទី​ ៣ កក្កដា។

លោកស្រីថា​៖​ «ចាំ​មើល​ខ្ញុំ​មើល​ពាក្យបណ្ដឹង​សិន​នៅ​ពេល​ទៅ​ដល់​កន្លែង ព្រោះ​ម្សិលមិញ​ភ្លៀង»។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ ទៅ​លោក គឹម ចេ​ត្ថា​វី បានទេខណៈ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​ បញ្ជាក់​យ៉ាង​​ខ្លី​​កាលពី​​ម្សិលមិញ​ថា លោក ចេ​ត្ថា​វី បាន​សុំ​សម្រាក​ពី​ការងារ​មួយ​រយៈ​​ហើយ​។ លោក​ថា៖ «ឮថា​ គេ​មាន​អ្នកតំណាង​សម្រុះ​​សម្រួល​គ្នា​ហើយ»។

លោក ឡោ ចាន់ មន្ត្រី​សម្រ​ប​​សម្រួល​​អង្គការ​​អាដ​ហុក​ខេត្ត​ព្រះវិហារ​បានលើកឡើង​ថា នៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បើកបរ​បណ្ដាលឱ្យ​អ្នក​ដទៃ​ស្លាប់ ថ្វី​ដ្បិត​មានការ​ផ្ដល់​សំណង​ជា​រដ្ឋប្បវេណី​ក្ដី ប៉ុន្តែ​ជនបង្ក​គឺ​នៅតែ​ប្រឈមមុខ​ទៅ​​នឹង​​បទល្មើស​ព្រហ្មទណ្ឌ​​ដដែល​ ហើយ​​អាជ្ញាធរ​គ្មាន​សិទ្ធិ​ចេញ​មុខ​សម្រប​សម្រួល​រឿង​ផ្ដល់​ប្រាក់​សំណង​​នោះ​ទេ។

លោក​ថា៖ «គាត់​អាជ្ញាធរ ​ក្នុង​តួអង្គ​រដ្ឋ គាត់​មិនអាច​សម្រប​សម្រួល​រឿ​ង​​ព្រហ្មទណ្ឌ​បាន​ទេ ប្រសិន​បើ​រឿង​​រដ្ឋប្បវេណី គាត់​មាន​សិទ្ធិ​សម្រប​សម្រួល​បាន ហើយ​បើ​រឿង​ព្រហ្មទណ្ឌ គ្មាន​នរណា​ម្នា​ក់​មាន​សិទ្ធិ​សម្រប​សម្រួល​បាន​ទេ គឺ​មានតែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»៕