ជាងដេរអង្គុយតម្រង់ជួរ ដេរប៉ះខោអាវ លើកស្ទួយការប្រើប្រាស់ឡើងវិញជាជាងបោះចោលទិញថ្មី។ AFP
ស្ទឹងត្រែងៈ នគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៣ មករាតាមបណ្តឹងរបស់ម្តាយមីងក្មេងរងគ្រោះក្រោយពីជនសង្ស័យចាប់កូនបង្កើតរំលោភសេពសន្ថវៈបានសម្រេច ២ ដង។
លោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែងប្រាប់ពីថ្ងៃម្សិលមិញថា៖ «យើងបញ្ជូនគាត់ទៅតុលាការខេត្តនៅថ្ងៃព្រហស្បតិ៍នេះដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត»។
លោក ស៊ីវត្ថា ប្រាប់បន្តថាក្មេងរងគ្រោះអាយុ ១២ ឆ្នាំរីឯជនសង្ស័យជាឪពុកឈ្មោះ គង់ ភារម្យអាយុ ៤៩ ឆ្នាំមានលំនៅនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកប្រាប់តាមសម្តីក្មេងរងគ្រោះថា បើយោងតាមចម្លើយក្មេងស្រីរងគ្រោះនិយាយថាករណីនេះបានកើតឡើងក្នុងអំឡុងខែមិថុនាឆ្នាំ ២០១៧ ដោយនៅពេលមួយដែលនាងមិនចាំថ្ងៃខែគឺនៅពេលម្តាយនាងទៅខេត្តកំពង់ចាម។ ឪពុករបស់នាងបានចាប់នាងរំលោភរហូតបានសម្រេចហើយនៅថ្ងៃបន្ទាប់ឪពុកនោះក៏ធ្វើសកម្មភាពបានសម្រេចម្តងទៀត។ រឿងនេះក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយដែរ ប៉ុន្តែម្តាយមិនអើពើ។ ប៉ុន្តែនៅមុនថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៨ ក្មេងរងគ្រោះបានទៅផ្ទះម្តាយមីងនៅខេត្តកំពង់ចាមហើយនាងនិយាយរឿងរ៉ាវនេះប្រាប់ហើយម្តាយមីងក៏នាំនាងទៅប្តឹងសមត្ថកិច្ចនៅទីនោះ ប៉ុន្តែដោយសាររឿងនេះកើតនៅខេត្តស្ទឹងត្រែងទើបសមត្ថកិច្ចណែនាំឲ្យត្រឡប់មកប្តឹងនៅស្រុកថាឡាបរិវ៉ាត់វិញ។
លោក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់អះអាងថាតាមការសួរចម្លើយជាបឋមជនសង្ស័យបានសារភាពហើយថាគេពិតជាបានរំលោភកូនស្រីខ្លួនឯង ព្រោះតែស្រវឹងស្រាហើយគិតថាជាប្រពន្ធរបស់ខ្លួននៅពេលនោះ៕