កំពង់ចាមៈ ជនសង្ស័យជាឪពុកដែលចាប់រំលោភកូនស្រីបង្កើតអាយុ ៦ ឆ្នាំត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមកាលពីម្សិលមិញ បន្ទាប់ពីចាប់ខ្លួននៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើកាលពីយប់ថ្ងៃទី ១២ ខែឧសភា។
លោក ហេង វុទ្ធី ស្នងការរងនគរបាលខេត្តនេះបានប្រាប់ឲ្យដឹងថា ជនសង្ស័យនោះ ឈ្មោះ ជិញ ព្រួញ អាយុ ៣៧ ឆ្នាំ ឯកូនស្រីរងគ្រោះឈ្មោះ ជ.ច.ថ អាយុ ៦ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
លោកប្រាប់ថា៖ «ជនសង្ស័យខ្ញុំបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមហើយកាលពីព្រឹកមិញ (ថ្ងៃចន្ទ) ប៉ុន្តែបើតាមខ្ញុំដឹងជានីតិវិធីតុលាការគឺជនសង្ស័យត្រូវឆ្លងកាត់ការសួរ និងចោទប្រកាន់របស់ព្រះរាជអាជ្ញាសិន បន្ទាប់មកទើបបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចោទប្រកាន់ចុងក្រោយ...»។
លោក ញ៉ែម ថុល នាយនគរបាលប៉ុស្តិ៍ចំការអណ្តូងបានប្រាប់ថាលោកដឹងថា ជនសង្ស័យមានកូន ២ នាក់ ប៉ុន្តែមិនដឹងថាកូនបងប្រុស ឬស្រីទេ ឯកូនស្រីរងគ្រោះអាយុ ៦ ឆ្នាំ ហើយបើតាមសាក្សីថា ជនសង្ស័យជាមនុស្សសតិមិនល្អ។ លោកបន្តថា៖ «នៅយប់ថ្ងៃកើតហេតុនោះមិនមែនលើផ្ទះគ្មានមនុស្សនៅទេគឺមានប្រពន្ធ និងបងថ្លៃនៅទីនោះទាំងអស់គ្នា ប៉ុន្តែបែរជាជនសង្ស័យហ៊ានធ្វើបែបនេះ»។
លោកបានបន្តថាក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច ក្មេងរងគ្រោះបានស្រែកធ្វើឲ្យអ្នកក្នុងផ្ទះឆោឡោហើយក្រោយក្មេងប្រាប់ទើបពួកគេរាយការណ៍ប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង។
លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាហៅកាត់ថា (ANSA) យល់ឃើញថាបើយើងមើលមួយជ្រុងករណីបែបនេះវាជាទិដ្ឋភាពមួយមិនដែលកើតមានទេ ហើយវាជារឿងមួយហួសពីការគិត ហួសពីការយល់ នៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាដូចជាកម្ពុជា។
លោកបញ្ជាក់ថា៖ «វិបត្តិសីលធម៌សង្គមគឺវាចុះដល់កម្រិតមួយសម្រាប់បុគ្គលមួយចំនួន ហើយវាអាចកើតឡើងដោយសារមនុស្សនោះស្រវឹង ឬត្រូវបានគេដាក់បន្ទុកថា ជាមនុស្សសេពគ្រឿងញៀន។ ដើមហេតុដូចជាមិនទាន់មានការសន្និដ្ឋាន ឬការស៊ើបអង្កេតណាមួយឲ្យស៊ីជម្រៅទេ»៕