The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឪពុក​ម្តាយ​នារី​វ័យ​១៨​ឆ្នាំ​ដែល​បាត់​ខ្លួន​ស្វែងរក​អន្តរាគមន៍

ឪពុក​ម្តាយ​នារី​វ័យ​១៨​ឆ្នាំ​ដែល​បាត់​ខ្លួន​ស្វែងរក​អន្តរាគមន៍

ឪពុក​ម្តាយ​នារី​វ័យ​១៨​ឆ្នាំ​ដែល​បាត់​ខ្លួន​ស្វែងរក​អន្តរាគមន៍

120919_04a
ក្រុមកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ នាំគ្នាទិញបាយហូបនៅពេលសម្រាកថ្ងៃត្រង់

កំពង់ស្ពឺៈ ឪពុក​ម្ដាយ​នារី​អាយុ​១៨​ឆ្នាំ​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អង្គការ​ពីរ គឺ​អង្គការ​អាដហុក​និង​លីកាដូ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ទៅ​កាន់​សមាជិក​សភា​គណបក្ស​សមរង្ស៊ី​លោក​ស្រី មូរ សុខហួរ ដើម្បី​ឲ្យ​ជួយ​រក​កូន​ស្រី​ដែល​បាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន។

កញ្ញា ថុល វីន ​បាន​បាត់​ខ្លួន​ពី​កន្លែង​ធ្វើ​ការ​នាង​តាំង​ពី​ថ្ងៃ​ទី​១០​កញ្ញា​រហូត​មក​ ដល់​ថ្ងៃ​នេះ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​សោះ​ ហើយ​ក្រុម​គ្រួសារ​នាង​កំពុង​ស្វែង​រក​នាង​នៅ​គ្រប់​ទីកន្លែង។

ឪពុក កញ្ញា ថុល វីន គឺ​លោក សាក់ ថុល អាយុ​៤១​ឆ្នាំ​បាន​មាន​ប្រសាសន៍​ពីថ្ងៃ​ម្សិល​មិញ​ថា កូន​ស្រី​ទី២ ​គាត់​បាន​បាត់​ខ្លួន​៨​ថ្ងៃ​ហើយ​ ហើយ​មក​ដល់​ពេល​នេះ​គាត់​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​នាង​នៅ​ឡើយ​ទេ។

គាត់​បាន​ថ្លែង​ទាំង​អួលដើម​ក​ថា៖ «​ខ្ញុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​កូន​ស្រី​ណាស់ ហើយ​ខ្ញុំ​នឹក​នាង។ តើ​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ឯណាពេល​នេះ​?»។

លោក សាក់ ថុល បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អង្គការ​សិទ្ធិ​មនុស្ស​និង​សមាជិក​សភា​គណបក្ស​ប្រឆាំង​ឲ្យ​ជួយ​អន្តរាគមន៍​រក​កូន​ស្រី​។ គាត់​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ​។

គាត់​គិត​ថា៖ «កូន​ស្រី​ខ្ញុំ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ»។

ក្មេង ​ស្រី​វ័យ​ជំទង់​ ថុល​ វីន បាន​ចេញ​ពី​ផ្ទះ​ក្នុង​ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​មក​ធ្វើ​ការ​ជា​កម្មករ​កាត់​ដេរ​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ជាង២​ឆ្នាំ​ហើយ​ ហើយ​នាង​បាត់​ខ្លួន​នៅ​ពេល​សម្រាក​ហូប​អាហារ​ថ្ងៃ​ត្រង់​ ដោយ​គ្មាន​មូល​ហេតុ។

លោក សន ស៊ីន ​ឪពុក​មា​កញ្ញា ថុន វីន ​ពីថ្ងៃ​ម្សិលមិញ​ប្រាប់​ថា ​មាន​គេ​ទូរ​ស័ព្ទ​ប្រាប់​គាត់​និង​​ឪពុក​ម្ដាយ​នាង​ថា ពួក​គេ​បាន​ឃើញ​ស្ត្រី​នោះ ហើយ​ពួក​គេ​នឹង​ប្រាប់​ពី​កន្លែង​ដែល​នាង​នៅ​ បើ​សិន​គាត់​ឲ្យ​លុយ​ខ្លះ​ដល់​គេ​។

លោក ស៊ីន បញ្ជាក់​ថា៖ «​បុរស​ដែល​ទាក់ទង បន្ទាប់​ពី​ក្មួយ​ស្រី​ខ្ញុំ​បាន​បាត់​ខ្លួន​ពីរ​ថ្ងៃ បាន​ប្រាប់​ខ្ញុំ​ថា ក្មួយ​ស្រី​ខ្ញុំ​កំពុង​​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​គេ​នឹង​យក​នាង​មក​រាជធានី​ភ្នំពេញ​ បើ​សិន​ខ្ញុំ​ផ្ដល់​ប្រាក់​៣០០​ដុល្លារ​ឲ្យ​គេ»។

លោក សន ស៊ីន ​បាន​បន្ថែម​ថា គាត់​បដិសេធ​មិន​ព្រម​ផ្ដល់​ប្រាក់​ជា​មុន​ទេ​ ព្រោះ​គាត់​ខ្លាច​ថា គាត់​ត្រូវ​គេ​បោក​ប្រាក់ តែ​បាន​ទិញ​កាត​ទូរស័ព្ទ​តម្លៃ​១១​ដុល្លារ​ឲ្យ​បុរស​នោះ ដើម្បី​ទំនាក់​ទំនង​គ្នា។

លោក សន ស៊ីន ​បន្ត​ថា៖ «​ខ្ញុំ​ និង​ឪពុក​ម្ដាយ​នាង ​បាន​ទៅ​ជួប​បុរស​នោះ​តាម​ការ​ណាត់​ជួប​ដើម្បី​យក​ក្មួយ​ស្រី​ខ្ញុំ​ត្រឡប់​ មក​វិញ​ តែ​យើង​មិន​បាន​ឃើញ​អ្នក​ណា​ម្នាក់​នៅ​កន្លែង​ណាត់​ជួប​ទេ​ ហើយ​យើង​រង់ចាំ​ពួក​គេ​អស់​ជិត​៥​ម៉ោង​ ប៉ុន្តែ​ នៅ​តែ​មិន​ឃើញ​ដដែល»។

លោក សន ស៊ីន បាន​អះអាង​ថា គាត់​មិន​ទាន់​អាច​សន្និដ្ឋាន ថា នាង​ត្រូវ​គេ​ជួញ​ដូរ​ទៅ​បរទេស ឬ​ក៏​នាង​សម្ងំ​លាក់​ខ្លួន​ជា​មួយ​អ្នក​ណា​ម្នាក់​បាន​នៅ​ឡើយ​ទេ​ ព្រោះ​នាង​គឺជា​មនុស្ស​ល្អ ហើយ​នាង​មិន​ដែល​ចេញ​ទៅ​ក្រៅ​ម្នាក់​ឯង​ទេ​ បន្ទាប់​ពី​សម្រាក​ពី​ការងារ​។

លោក ភិន ផន មេ​ឃុំ​មាន​ជ័យ​ ស្រុក​ឧដុង្គ​មាន​ប្រសាសន៍​ពីថ្ងៃ​ម្សិលមិញ​ថា លោក​បាន​ប្រាប់​ទៅ​មន្ត្រី​និង​កម្លាំង​នគរបាល​ឲ្យ​ជួយ​ធ្វើ​ការ​ស៊ើប​ អង្កេត​រក​កញ្ញា ថុល វីន ​បន្ទាប់​ពី​លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​បាត់​ខ្លួន​នាង​ម្ល៉េះ។

លោក​មេ​ឃុំ​បាន​ថ្លែង​បញ្ជាក់​ថា៖ «​ឪពុក​ម្ដាយ​នាង​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​ខ្ញុំ​ ពី​ការ​បាត់​កូន​ស្រី​គាត់​ទេ​ តែ​ខ្ញុំ​បាន​ដឹង​ពី​ករណី​នេះ​ ហើយ​ខ្ញុំ​ក៏​បាន​ជូន​ដំណឹង​ទៅ​កង​កម្លាំង​នគរ​បាល​ ហើយ​និង​អាជ្ញាធរ​ដែន​ដី​ឲ្យ​ជួយ​ស៊ើប​អង្កេត​តាម​រក​នាង​»៕ PN

អត្ថបទគួរចាប់អារម្មណ៍