ភ្នំពេញៈ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៨ កុម្ភៈ សាលាឧទ្ធរណ៍ កាល ពីម្សិលមិញ បានប្រកាសសាលដីកា តម្កល់ទោសបុរស ២ នាក់ឪពុក និងកូនដាក់ពន្ធនាគារម្នាក់ៗ ១៥ ឆ្នាំដដែល ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនមេតំហ្វេតាមីនចំនួន ១១២,៧១ ក្រាម ប្រព្រឹត្តនៅសង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា កាលពីឆ្នាំ ២០១១។
នៅក្នុងបន្ទប់សវនាការ សាលាឧទ្ធរណ៍ លោកស្រីចៅក្រម ចាន់ ម៉ាឌីណា បានអានសាលដីកា នៅចំពោះមុខជនជាប់ចោទថា សំណុំរឿងនេះ មានជនជាប់ចោទឈ្មោះ សុខ ដារ៉ា, ឌិន សុខជា, សុខ គីមមី, មីនី, គីម ហេង, ឈ្មោះ ង្វៀង ធីធី ហើយពួកគេ បានប្តឹងទាស់មកសាលាឧទ្ធរណ៍ ប៉ុន្តែកាលពីថ្ងៃជំនុំជម្រះ មានវត្តមានតែឈ្មោះ សុខ ដារ៉ា និងឈ្មោះ ឌិន សុខជា ទេ ហើយនិងមានវត្តមានលោកមេធាវី នូ ចន្ថា ការពារសិទ្ធិឲ្យពួកគេដែរ។
លោកស្រីចៅក្រមថ្លែងថា៖ «ពេលនេះតុលាការសូមអានសេចក្តីសម្រេច ដែលសំណុំរឿងនេះ សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដ ដែល។ ប៉ុន្តែបើជនជាប់ចោទ មិនសុខចិត្ត គឺជនជាប់ចោទ មានសិទ្ធិប្តឹងសារទុក្ខ ទៅតុលាការកំពូល រយៈពេល ១ ខែគិតចាប់ពីថ្ងៃប្រកាសសាលដីកានេះទៅ។ ចំពោះស្រ្តីជាប់ចោទម្នាក់ឈ្មោះមីនី ដែលស្លាប់ គឺតុលាការរំលត់បណ្តឹងអាជ្ញាចោល»។
តាមចម្លើយរបស់ឈ្មោះ ឌិន សុខជា កាលពីថ្ងៃបើកសវនាការ បាននិយាយប្រាប់ចៅក្រមថា កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១១ ខ្លួនដែលត្រូវជាកូនប្រុសរបស់ឈ្មោះ សុខ ដារ៉ា ត្រូវបានម្តាយ និងបងប្អូនស្រីបង្កើតឈ្មោះ សុខ គីមមី, មី នី, គីម ហេង បានហៅគេឲ្យទៅចូលរួមសែនជើងធូប នៅផ្ទះជួលមួយ ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា។
ឌិន សុខជា និយាយបន្តថា នៅក្នុងផ្ទះជួល ១ ល្វែងនោះ មានខណ្ឌបន្ទប់ដាច់ពីគ្នា ដោយកន្លែងសែនជើងធូបរបស់ដូនតាគាត់ នៅផ្នែកខាងមុខ រីឯបន្ទប់ខាងក្រោយជាបន្ទប់របស់ឈ្មោះហ៊ឹម វ៉ាន ជាប្រពន្ធចុងរបស់ឪពុកគាត់ ឈ្មោះសុខ ដារ៉ា។
លុះបន្ទាប់ពីសែនជើងធូបបានមួយសន្ទុះ ក៏ស្រាប់តែសមត្ថកិច្ចចូលទៅឃាត់ខ្លួនពួកគាត់ និងឆែកឆេរក្នុងបន្ទប់ម្តាយចុងរបស់គាត់ ឃើញមានឧបករណ៍ផលិតគ្រឿងញៀន និងរកឃើញគ្រឿងញៀន មេតំហ្វេតាមីនចំនួន ១១២,៧១ ក្រាមនៅក្នុងបន្ទប់នោះ ហើយសមត្ថកិច្ច ក៏ចាប់ខ្លួនពួកគាត់តែម្តង នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១១ នោះ។
តាមកំណត់ហេតុរបស់តុលាការបង្ហាញថា សំណុំរឿងនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមេសាឆ្នាំ ២០១២ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ សុខ ដារ៉ា, សុខ គឹមមី, មីនី (ស្លាប់ក្នុងពន្ធនាគារ) និងឈ្មោះ ឌិន សុខជា ឲ្យជាប់ពន្ធនាគារម្នាក់ ១៥ ឆ្នាំចោទបទផលិតនិងជួញដូរគ្រឿងញៀនតាមបញ្ញត្តិមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
រីឯឈ្មោះង្វៀង ធីធី ជាប់ពន្ធនាគារ ៥ ឆ្នាំនិងឈ្មោះ គឹម ហេង ជាប់ពន្ធនាគារ ៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន៕