ភ្នំពេញៈ នៅក្នុង​បន្ទប់​ដ៏ក្ដៅ​មួយ​នៅឯ​បណ្ណាល័យ​ក្នុង​វត្ត​ឧណ្ណាលោម​ក្នុង​រាជធានី​ភ្នំពេញ​ក្រុម​​អ្នក​ស្រាវជ្រាវ​ដែល​មាន​លោក​ ឡេង កុកអាន និង​លោក​ សួន កុសល ទើប​តែ​បញ្ចប់​ការរៀបចំ​កាសែត​ចំនួន​ ២៥០០ ​គីឡូក្រាម​ដាក់​ក្នុង​កេស​ក្រដាស​កាតុង​។

លោក​ កុកអាន លោក​ កុសល និង​អ្នកស្រាវជ្រាវ​ម្នាក់​ទៀត​ឈ្មោះ​ ឃុន សុភាព នឹង​ធ្វើ​ដំណើរ​ទៅជា​មួយ​កេស​កាសែត​នេះ​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ដំណើរ​រយៈពេល​​ ២០ ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ហើយ​ក្រោយ​មក​ត្រូវ​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​សាលា​បារាំង French School of the Far East ដែល​ប្រមូលផ្តុំ​កាសែត​បោះពុម្ព​នៅ​កម្ពុជា​នៅឯ​បណ្ណាល័យ​ភាសា​ដើម​ និង​អរិយធម៌​ (BULAC) ។

នៅ​ទី​នោះ​ឯកសារ​ទាំងអស់​នឹង​ស្ថិត​នៅ​ក្រោម​ការឃ្លាំមើល​ពី​សាស្ត្រាចារ្យ Olivier de Bernon ​នៃ​សាលា​បារាំង​ចុង​បូព៌ា​ (EFEO) ​ដែល​អាច​ជា​ការប្រមូល​ផ្តុំ​កាសែត​ និង​ទស្សនាវដ្តី​ធំ​ជាង​គេ​តែ​មួយ​គត់​ដែល​ចាប់ផ្តើម​ប្រមែរ​ប្រមូល​ចាប់​តាំងពី​ឆ្នាំ​ ១៩៦៤ ​មកម្ល៉េះ​។

លោក​ កុកអាន បាន​ថ្លែង​ដោយ​​អស់​សំណើច​ថា​៖ «​ក្រសួង​ព័ត៌មាន​អាច​មិនមាន​ព័ត៌មាន​ច្រើន​ដូច​​នេះ​ទេ​»​។ ការប្រមូលផ្តុំ​ឯកសារ​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩០ ​ដោយ​លោក de Bernon មុនពេល​ដែល​វា​ត្រូវ​បាន​អភិវឌ្ឍ និង ទទួល​បាន​ការឧបត្ថម្ភ​ពី​សាលា​បារាំង​ចុង​បូព៌ា​ (EFEO) ​ក្នុង​ឆ្នាំ​ ២០០៥ ​ដែល​ជា​ពេល​លោក​ កុកអាន និង​សហការី​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ជា​លើក​ដំបូង​។ នេះ​គឺជា​ការដឹកជញ្ជូន​លើក​ទី​ ៣ ​ហើយ​ដើម្បី​បន្ថែម​លើ​ចំនួន​ដែល​មាន​ស្រាប់​។

លោក​​ កុកអាន ​ថ្លែង​ថា​៖ «​នៅពេល​អនាគត​ប្រជាជន​អាច​រកមើល​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ពេល​នេះ​ហើយ​វា​គឺជា​ភ័ស្តុតាង​មួយ​»​។ ខណៈ​ដែល​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​អាន​កាសែត​ ឬ​ទស្សនាវដ្តី​ជា​រៀងរាល់​ថ្ងៃ​នោះ​គោលបំណង​ដ៏សំខាន់​របស់​ពួកគេ​គឺ​សិក្សា និង​អភិរក្ស​សត្រា​ស្លឹករឹត​ពី​បុរាណ​ដែល​បាន​តម្កល់​ទុក​នៅ​វត្ត​ឧណ្ណាលោម​ដែល​ពួកគេ​យល់​ថា​ពួកគេ​ជា​អ្នក​ថែរក្សា​ប្រវត្តិសាស្ត្រ​។

លោក​ កុកអាន ​រៀបរាប់​ថា​៖ «​យើង​មិន​ត្រឹម​តែ​យក​ចិត្ត​ទុកដាក់​ថែរក្សា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ថែរក្សា​ប្រពៃណី​ ឬ​នយោបាយ​ថែម​ទៀត​ផង​។ ឯកសារ​ទាំងអស់​នោះ​គឺ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​រៀនសូត្រ​»​។

មុន​ពេល​ការប្រមូល​នេះ​លោក de Bernon ​បាន​ចាប់ផ្ដើម​ប្រមូល​ឯកសារ​ទៀងទាត់​ពេលវេលា​យ៉ាង​សកម្ម​គឺ​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​ឯកជន​របស់​អ្នកប្រាជ្ញ​ជនជាតិ​អាមេរិក លោក Michael Vickery ដែល​បាន​ប្រមូលផ្តុំ​ចងក្រង​សៀវភៅ​តាំងពី​ឆ្នាំ​ ១៩៧៩ ​តាមរយៈ​បណ្តាញ​មិត្តភក្តិ​។

មុន​ពេល​របប​ខ្មែរក្រហម​លោក de Bernon បាន​សរសេរ​ថា​ការប្រមូល​នេះ​វា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឥទ្ធិពល​ភាសា​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​កាសែត​ប្រចាំ​ថ្ងៃ​ជាច្រើន​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​បារាំង ហើយ​ក្នុង​ចំណោម​ឧទាហរណ៍​មួយ​ចំនួន​ទៀត​នៃ​ការ​បោះពុម្ព​ផ្សាយ​ទស្សនីយភាព​នយោបាយ​គឺ​កាសែត​ជា​ភាសា​ខ្មែរ និង​បារាំង​ដែល​មាន​ឈ្មោះ​ថា Psin-Psin​។

ភាគច្រើន​នៃ​វត្ថុ​ទាំង​នេះ​ត្រូវ​បាន​ប្រមូល​ដោយ​អតីតព្រះមហាក្សត្រ​នរោត្តម​សីហនុ​។ បន្ទាប់ពី​រដ្ឋប្រហារ​លន់នល់​អ្នក​កាសែត​ជនជាតិ​បារាំង​ឈ្មោះ Grard-Henri Briss និង​ជា​មិត្តភក្ដិ​របស់​ព្រះមហាក្សត្រ​សីហនុ​បាន​ប្រមូល​បន្ត ហើយ​ឯកសារ​ដែល​បាន​ចងក្រង​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​សាលា​បារាំង​ចុង​បូព៌ា​ (EFEO) ​រួម​ជាមួយ​នឹង​វត្ថុ​ផ្សេង​ទៀត​របស់​ព្រះមហាក្សត្រ​ក្នុង​ឆ្នាំ​ ២០០៤ ​សម្រាប់​រក្សា​ឲ្យ​មាន​សុវត្ថិភាព​។

នៅក្នុង​ឯកសារ​នោះ​លោក de Bernon ​និយាយ​ថា​គេ​អាច​សង្កេត​មើល​ឃើញ​ «​ការផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​» ​នៃ​ការសរសេរ​ភាសា​ខ្មែរ​។ ​លោក​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ក្នុង​ឆ្នាំ​ ២០១៧ ​ថា​៖ «​ពួកគេ​ភាគច្រើន​កើត​ចេញ​ពី​ការបង្កើត​ថ្មី​ដែល​ប្រែ​ទៅ​ជា​វាក្យសព្ទ​ក្នុង​អំឡុង​សម័យ​បដិវត្តន៍​ [​ខ្មែរក្រហម​] ​ជាពិសេស​ការប្រើប្រាស់​ការនិយាយ​ស្តី​ដើម្បី​ទទួល​ស្គាល់​ពី​ឋានៈ​អាយុ​ និង​មុខងារ​សង្គម​។

យោង​តាម​លោក de Bernon បាន​ឲ្យ​ដឹងថា​ការប្រមូលផ្តុំ​ឯកសារ​នេះ​ក៏​ជា​រូបភាព​មួយ​នៃ​អក្សរសិល្ប៍​ផង​ដែរ​។ ក្នុង​ករណី​ដែល​គ្មាន​ការបោះពុម្ព​ផ្សាយ​រឿង​ប្រលោមលោក​ ឬ​កំណាព្យ​កាសែត​ដូចជា រស្មីកម្ពុជា កោះសន្តិភាព​ ឬ​ក៏​ការបោះពុម្ព​ផ្សាយ​របស់​នគរបាល​ជាតិ​ពី​ក្នុង​ឆ្នាំ​ ១៩៨០ ​រហូត​ដល់​ដើម​ឆ្នាំ​ ២០០០ ​អាច​បោះពុម្ព​ផ្សាយ​ជា​អក្សរសិល្ប៍​នៅ​លើ​ទំព័រ​របស់​ពួកគេ​បាន​រួម​ទាំង​ការបកប្រែ​រឿង​ប្រលោមលោក​បរទេស​ផង​ដែរ​ហើយ​ជួនកាល​ជា​សំណេរ​ពី​រឿងរ៉ាវ​ផ្អែមល្ហែម​បែប​មនោសញ្ចេតនា​លន្លង់​លន្លោច​។

ប៉ុន្តែ​វា​ជា​កំណត់ត្រា​នយោបាយ​ និង​សង្គម​របស់​ប្រទេស​កម្ពុជា​ និង​ជា​ទស្សនវិស័យ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ក្នុង​រយៈពេល​ពាក់កណ្ដាល​សតវត្សរ៍​នៃ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​ទំព័រ​នៅក្នុង​បណ្ណាល័យ​។

លោក​ កុកអាន ​ថ្លែង​ថា​សព្វ​ថ្ងៃ​នេះ​មាន​តែ​កាសែត​ប្រចាំ​ថ្ងៃ​ ៩ ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រមូល​បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះពុម្ព​ផ្សាយ​ដាច់​ដោយ​ឡែក​ចំនួន​ ២០៧ ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំព័រ​ថ្មី​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា​។ ទស្សនាវដ្តី​ត្រូវ​បាន​កាត់​ចេញ​ពី​ការប្រមូល​នេះ​ដោយសា​តែ​វា​មាន​តែ​ការនិយាយ​ដើម​ពី​តារា​។

លោក​ កុសល ថ្លែង​អំពី​បរិមាណ​បោះពុម្ព​ផ្សាយ​នេះ​ថា​៖ «​វា​ជា​បញ្ហា​មួយ​នៅក្នុង​សង្គម​របស់​យើង​។ ​ប្រសិន​បើ​ពួកគេ​អាច​រកប្រាក់​ចំណេញ​បាន​ពី​ការបោះពុម្ពផ្សាយ​នោះ​ពួកគេ​នឹង​បន្ត​ធ្វើ​ ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​ប្រាក់​ចំណេញ​ទេនោះ​គេ​នឹង​បិទ​...​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​នៅក្នុង​ករណី​របស់​កាសែត Cambodia Daily វា​មិនមែន​ក្ស័យធន​ទេ​ ប៉ុន្តែ​វា​ត្រូវ​បាន​បិទទ្វារ​ដោយសារ​តែ​បញ្ហា​ផ្សេង​»​។

នៅពេល​សាកសួរ​អំពី​ការបាត់បង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​តើ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​នៃ​ឯកសារ​នោះ​បែប​ណា លោក​ កុកអាន បាន​លើកឡើង​ថា ក្រុម​ការងារ​គ្រាន់​តែ​ប្រមូល​ឯកសារ ឯ​រឿងរ៉ាវ​នយោបាយ​ទុក​សម្រាប់​អ្នកដទៃ​ប៉ុណ្ណោះ​។

លោក​ កុកអាន ​ថ្លែង​ថា​៖ «​ប្រសិន​បើ​នរណា​ម្នាក់​ចង់​វិភាគ​រឿង​នេះ​វា​ជា​ទំនួល​ខុសត្រូវ​របស់​ពួកគេ​»​។ ​លោក​រំឭក​ថា​វា​ជា​ «​ភ័ស្តុតាង​» ​មួយ​៕ NS

Ouk Suntharoth