The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឯក​អគ្គរដ្ឋទូត​កូរ៉េ​ថា ​កម្ពុជា​ទទួលបាន​នូវ​ធនធាន​ធម្មជាតិ​សម្បូរបែប​ សម្រាប់​ចិញ្ចឹម​ពលរដ្ឋ




ឯក​អគ្គរដ្ឋទូត​កូរ៉េ​ថា ​កម្ពុជា​ទទួលបាន​នូវ​ធនធាន​ធម្មជាតិ​សម្បូរបែប​ សម្រាប់​ចិញ្ចឹម​ពលរដ្ឋ

Content image - Phnom Penh Post
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Heung-Kyeong។ រូបថត សហការី

ឯក​អគ្គរដ្ឋទូត​កូរ៉េ​ថា ​កម្ពុជា​ទទួលបាន​នូវ​ធនធាន​ធម្មជាតិ​សម្បូរបែប​ សម្រាប់​ចិញ្ចឹម​ពលរដ្ឋ

ភ្នំពេញៈ ប្រទេស​កម្ពុជា ​ត្រូវបាន​ផ្តល់​ជូន​នូវ​មូល​ដ្ឋាន​ធន​ធាន​ធម្ម​ជាតិ​ដ៏សម្បូរបែប​ ដែល​ជា​គន្លឹះ​សម្រាប់​សន្តិ​សុខ​ស្បៀង​ និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន​ប៉ុន្តែ​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការប្រែប្រួល​អាកាស​ធាតុ​។ នេះជាការថ្លែង​របស់​មន្ត្រី​ការទូត​ជាន់​ខ្ពស់​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា។

តាម​រយៈ​សុន្ទរក​ថារបស់​ លោក ​Park Heung-kyeong​ ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ​ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល ​P4G ​(Partnering for Green Growth and the Global Goals 2030)​លើក​ទី២ ​ដែល​នឹង​រៀបចំ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ នា​ថ្ងៃ​ទី ៣០​ និង ​៣១ ​ខែឧសភា​ ឆ្នាំ​នេះ​ លោក​ឯក​អគ្គ​រដ្ឋ​ទូត​ ឱ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​មូន​ចេអ៊ីន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ប្រមុខ​រដ្ឋ​ប្រមាណ​ ៦០​ នាក់​ និង​ថ្នាក់​ដឹក​នំា​នៃ​អង្គ​ការ​អន្តរ​ជាតិ​នានា​នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​នេះ​ផង​ដែរ។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ថ្លែង​ថា៖ «​ប្រទេសកម្ពុជា ​ត្រូវ​បាន​ផ្តល់​ជូន​នូវ​មូល​ដ្ឋាន​ធន​ធាន​ធម្មជាតិ​ដ៏សម្បូរបែប។​ នេះ​គឺជា​គន្លឹះ​សម្រាប់​សន្តិ​សុខ​ស្បៀង ​និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន។​ ប៉ុន្តែ​វា​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការប្រែ​ប្រួល​លក្ខ​ខណ្ឌ​អា​កាស​ធាតុ។ ​ដោយ​ឡែក​ការប្រែប្រួល​លក្ខ​ខណ្ឌ​អាកាស​ធាតុ ​បង្ក​ការគំរាម​កំហែង​ជា​បន្ត ​ចំពោះ​ការ​អភិ​វឌ្ឍប្រកប​ដោយ​ចីរ​ភាពនៅ​ក្នុង​ប្រទេស​ ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទន្លេ​មេគង្គ​ និង​អាង​ទន្លេ​សាប»។

លោក​បាន​បន្ត​ថា ​អាង​ទំាង​នេះ​ត្រូវ​បាន​កំណត់​ដោយ​ធារាសាស្ត្រ​សន្ទុះ​ទឹក​ជំនន់​ ដែល​មាន​ការប្រែ​ប្រួល​ដ៏សំខាន់​នៃ​កម្រិត​ទឹក​នាចន្លោះ​រដូវវស្សា ​និង​រដូវប្រំាង​។​ ប្រព័ន្ធ​សន្ទុះ​ទឹកជំនន់​ធ្វើ​ឱ្យ​មាន​ព្រៃ​លិច​ទឹក​ វាល​ស្មៅ ​និង​ដីសើម​ក៏ដូច​ជា​ជល​ផលទឹក​សាប​ដ៏សម្បូរបែប​ និង​មាន​ផលិត​ភាព​បំផុត​របស់​ពិភព​លោក។

លោក​លើក​ឡើង​ថា​៖ «វាក៏​មាន​ការ​ផ្គត់​ផ្គង់​ដ៏ទូលំ​ទូលាយ​នូវ​ធន​ធាន​ទឹកសាប​របស់​ប្រទេស​ សម្រាប់​វិស័យ​កសិកម្ម​ផង​ដែរ។ ​កសិកម្ម ​និង​ជល​ផល​ដែល​មាន​ចំនួន​ ២៧ ភាគ​រយ ​និង ១២ ​ភាគ​រយ ​នៃផលិត​ផល​ក្នុង​ស្រុក​សរុប​នីមួយៗ​ គឺ​ជា​គន្លឹះ​នៃសន្តិ​សុខ​ស្បៀង​ក្នុង​ប្រទេស​កម្ពុជា​ និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន​កម្ពុជា»។

បើតាម​លោក​ឯកអគ្គរដ្ឋទូត ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កិច្ចខិត​ខំប្រឹង​ប្រែង ​ជា​សាកល​ក្នុង​ការដោះ​ស្រាយ​ការប្រែ​ប្រួល​អា​កាស​ធាតុ​ សាធារណរដ្ឋ​កូរ៉េ​ បាន​ប្រកាស​នូវ​ផែន​ការ​មហិច្ឆតា​របស់​ខ្លួន​ ដើម្បី​សម្រេច​គោលដៅ​នៃអព្យា​ក្រឹត្យ​ភាព​កាបូន​ត្រឹម​ឆ្នាំ ​២០៥០​។

លោក​បញ្ជាក់ថា​ យោង​តាម​សេចក្តី​ប្រកាសកាល​ពីឆ្នាំ​មុន​ របស់​ដំណោះ​ស្រាយ​សភា​ ដែល​បាន​ដាក់​ចេញ​ផែន​ការ​ដ៏​ធំ​មួយ​សម្រាប់​ការដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​រដ្ឋាភិបាល​កូរ៉េ​ មាន​គម្រោង​វិនិ​យោគ​ ៦២​ ពាន់​លាន​ដុល្លារ ​ក្នុង​គម្រោង​រយៈ​ពេល​ខ្លី ​និង​រយៈ​ពេល​វែង ​ដើម្បី​ជួយ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ពីការ​ធ្លាក់​ចុះ​ដែល​បណ្តាល​មក​ពីជំងឺ​កូវីដ​ ១៩។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​បន្ថែម​ថា ​ផែនការ​មួយ​ចំនួន​រួម​មាន​ ការ​បំប្លែង​ឧស្សា​ហកម្ម​ដែល​ពឹង​ផ្អែក​ខ្លាំង​លើកាបូន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​កាបូន​ទាប​ និង​ការជំរុញ​ការ​ប្រើប្រាស់​ប្រភព​ថា​មពល​មិន​មែន​ហ្វូស៊ីល​ ដូច​ជាថាម​ពល​ពន្លឺព្រះ​អាទិត្យ​ខ្យល់ ​និង​ថាម​ពល​វារីអគ្គិសនី​។

បើ​តាម​លោក ​Park Heung-kyeong​ នៅ​ក្នុង​បរិបទនេះ​សាធារណរដ្ឋ​កូរ៉េនឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​កំពូល ​P4G លើកទី​២ ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ​នាថ្ងៃ​ទី ៣០​ និង ៣១ ​ខែឧសភា ​ឆ្នាំនេះ ​ក្រោម​ប្រធាន​បទ ​«ការស្តារ​ឡើង​វិញ​ប្រកប​ដោយ​ពណ៌​បៃតង ​ឆ្ពោះ​ទៅ​រក​អព្យា​ក្រឹត្យ​ភាព​កាបូន​»។

លោក​បន្ដថា ​P4G ​មាន​គោល​បំណង​ពន្លឿន​ដំណោះ​ស្រាយ​លើវិស័យ ​P4G ​ធំៗទាំង​ ៥ ​គឺ ​ម្ហូប​អាហារ ​ទឹក ​ថាមពល ​ទីក្រុង ​និង​សេដ្ឋ​កិច្ច​រាង​ជា​រង្វង់​។ ទំាង​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​និង​ជាធាតុ​ដ៏សំខាន់​ក្នុង​ការឆ្លើយ​តប​ជា​សកល​ចំពោះ​ការប្រែប្រួល​អាកាស​ធាតុ។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំកំពូល​ P4G ​នៅ​ទីក្រុង​សេអ៊ូល​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ការពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ ខណៈ​ប្រទេសនានា​ត្រៀម​រៀប​ចំ​សន្និសីទ​ស្តីពី​ការប្រែ​ប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៃភាគី​នានា​លើក​ទី២៦ ​(COP26) ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្លាស​ហ្គោ ​(Glasgow) ​ប្រទេស​អង់​គ្លេស​នាខែ​វិច្ឆិកា​ឆ្នាំ​នេះ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា​៖ «យើង​ជឿជាក់​ថា ​កិច្ច​ប្រជុំកំពូល ​P4G ​នៅ​ទីក្រុង​សេអ៊ូល ​ដែល​ចូល​រួម​ទាំង​វិស័យ​សាធារណៈ ​និងឯក​ជន​ក្នុង​ការវិនិ​យោគ​លើដំ​ណោះ​ស្រាយ​ផ្លាស់​ប្តូរ​ នឹង​ផ្តល់​នូវ​វេទិកាពិភព​លោក​ដ៏សំខាន់​សម្រាប់​តួអង្គ​សំខាន់ៗ​ទំាង​អស់​ ដើម្បី​ជួយ​សម្រួល​ដល់​សកម្ម​ភាព​រួម​ ដែល​ត្រូវ​ការ​ដើម្បី​ដោះ​ស្រាយ​នូវ​ការ[​ប្រែប្រួល]​អាកាសធាតុ​ដ៏ធ្ងន់​ធ្ងរ»។

P4G​ គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ជា​សកល​ដែល​បាន​ចាប់​ផ្តើម​ឡើង​កាល​ពីឆ្នាំ​ ២០១៧ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែលនឹង​កើត​មាន​លើ​ភព​ផែន​ដី​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដើម្បីសម្រេច​បាន​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរភាព​ (SDGs)​ នៅ​ឆ្នាំ​ ២០៣០។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ​លោក ​នេត្រ ភក្ត្រា ​បញ្ជាក់ថា ​លោក​នាយករដ្ឋមន្រ្ដី ​ហ៊ុន សែន ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ។ លោកថា ​កម្ពុជា​មាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​កិច្ច​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​និង​ការ​លើក​កម្ពស់​ការស្តារ​ភាព​បៃតង​ឡើង​វិញ​ ដោយ​ការជំរុញ​ឱ្យមាន​ការដាំ​ដើមឈើ​ស្តារ​គម្រប​ព្រៃឈើ ​ដែលបាត់​បង់​ ឬរេច​រឹល។

ការដាំ​ដើមឈើ​នៅតាម​ទីក្រុង​បង្កើត​ភាព​បៃតង ​ការការពារ​ការបំពុល​បរិស្ថាន​គ្រប់​ទម្រង់ ​និង​ការកែប្រែ​ឥរិយាបថ​ពលរដ្ឋ​លើ​បញ្ហា​បរិស្ថាន​ ជំរុញ​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន ​ឱ្យបាន​ច្រើន​និង​ការអភិរក្ស​ជីវៈ​ចម្រុះ។

លោក​ថ្លែងថា​៖ «នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​លើ​ការស្តារ​ភាពបៃតង​ និង​ការអភិរក្ស​ធនធាន​ធម្មជាតិ ​ដែលជា​ផ្នែក​មួយ​នៃ​ការទ្រទ្រង់​លើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ​ប្រកប​ដោយ​និរន្តរភាព ​ចូលរួម​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អា​កាស​ធាតុ ​ដែល​កម្ពុជា ​និង​ពិភពលោក​បាននិង​កំពុង​ទទួល​រងគ្រោះ»។

បើ​តាម​លោក​ នេត្រ ភក្ត្រា ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ដែល​ងាយ​ទទួល​រងគ្រោះ​ខ្លាំង​ដោយ​សារ​ការប្រែប្រួល​អាកាស​ធាតុ ​ខណៈ​ដែល​សមត្ថភាព​ស្ថាប័ន​ក្នុង​ការកាត់​បន្ថយ​ និង​ការបន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ​

នេះជា​ហានិភ័យ​មួយ ​ដែលអាច​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ល្បឿន​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​រយៈពេល​វែង​ ប្រសិនបើ​មិន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រួម​គ្នា។

លោក​បញ្ជាក់ថា ​រាជ​រដ្ឋាភិបាល​កម្ពុជាចាត់ទុក​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ ជាអាទិភាព​សំខាន់​មួយ​ដោយ​បាន​ដាក់​បញ្ចូល​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៤ ​និង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ​(២០១៩-២០២៣)៕

អត្ថបទគួរចាប់អារម្មណ៍