ភ្នំពេញៈ ក្រោយពី​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​កំពុង​រង់ចាំ​ជួប​មន្ត្រី​កម្ពុជា​ដើម្បី​ជជែក​ពី​ការពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ខណៈ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​រំពឹង​ថា ជំនួប​នេះ​នឹង​ជួយ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ឲ្យ​ប្រសើរ​ជាង​មុន​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​។

កាលពី​ថ្ងៃ​សៅរ៍ទី​ ១៩ ខែ​តុលា​ឆ្នាំ​​នេះ លោក Patrick Murphy បាន​ចូល​បង្គំ​គាល់​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម​សីហមុនី ១ ​ខែ​បន្ទាប់ពី​លោក​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ខែ​កញ្ញា ហើយ​បាន​ចុះទៅ​ដល់​​កន្លែង​ផ្សេងៗ​ដូចជា រត់​ហាត់ប្រាណ​តាម​មាត់ទន្លេ ចូល​ផ្សារ​កាត់​សម្លៀកបំពាក់ និង​ស្វែងរក​កន្លែង​ពិសា​ម្ហូបអាហារ​ខ្មែរ​ជាដើម ប៉ុន្តែ​លោក​ពុំទាន់​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជាណា​ម្នាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។

តាម​សារ​លើ​បណ្តាញ​សង្គម Twitter លោក Murphy បាន​សរសេរ​ថា​៖ «​បន្ទាប់ពី​ចូល​បង្ហាញ​​ខ្លួន​ក្នុង​នាម​ជា​ទូត​អាមេរិក​ថ្មី​ចំពោះ​ព្រះភក្ត្រ​ព្រះមហាក្សត្រ​រួច​​ខ្ញុំ​កំពុង​រង់ចាំ​ជួប​សមាជិក​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ក្នុង​ការពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​បង្ហោះ​សារ​ស្វាគមន៍​ផងដែរ​ដោយបាន​បញ្ជាក់ថា លោក​បានធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើន​ដង​រួចមកហើយ​។ ​ក្នុង​ដំណើរ​លើក​នេះ​លោក​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​លើ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​សុខភាព​សាធារណៈ ការអនុវត្ត​ច្បាប់ ការថែរក្សា​វប្បធម៌ និង​ការផ្លាស់ប្ដូរ​រវាង​មនុស្ស និង​មនុស្ស​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ប្រទេស​​ទាំង​ ២ ដើម្បី​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ទាំងនេះ និង​ចំណងទាក់ទង​ដទៃទៀត​ព្រមទាំង​ផ្តល់​ការគាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​​មាន​ភាពរឹងមាំ រុងរឿង មាន​លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ​»​។

ជា​ការឆ្លើយតប លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បានបង្ហាញ​ការស្វាគមន៍​លោក Partrick Murphy ដោយ​លោក​រំពឹងថា​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិ​ដោយ​គោរព​គ្នា​ទៅវិញ​ទៅមក​។

លោក​បាន​បញ្ជាក់ថា​៖ «​ផល​នៃ​សន្តិភាព​ស្ថិរភាព និង​វឌ្ឍនភាព​បាន​ស្វាគមន៍​ឯកឧត្តម​គ្រប់​ទិសទី មិន​ថា​ជនបទ ឬ​ទីក្រុង​នោះឡើយ​។ ​ប្រជាពលរដ្ឋ​កម្ពុជា​ស្វាគមន៍​ឯកឧត្តម​យ៉ាង​កក់ក្តៅ​ជាមួយ​នឹង​ភាព​ញញឹម​រាក់ទាក់ ស្មោះស្ម័គ្រ ឥត​លាក់លៀម និង​បំណង​ជូន​ដល់​ឯកឧត្តម​ជួយ​បន្ថែម បន្ត​ពង្រឹង​ស្ថានភាព​បវរ​នេះ​តទៅ​មុខ​ទៀត អ្វីៗ​ដែល​មាន​សព្វថ្ងៃ​ក៏​មាន​ចំណែក​ចូលរួម​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​។ ​កម្ពុជា​ជា​ប្អូនស្រី​របស់​ប្រជាជាតិ​អ្នក​»​។

បណ្ឌិត គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានចាត់ទុក​សារ​លោក Patrick Murphy ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថា​៖ «​នេះ​គឺជា​កាយវិការ​ល្អ និង​វិជ្ជមាន ពីព្រោះ​តួនាទី​របស់​ឯកអគ្គ​រដ្ឋទូត​គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​។ ការលើកឡើង​របស់​លោក​ Murphy ​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​គឺ​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​បង្ហាញ​ភាព​ស្មោះត្រង់​ដែល​អាច​ធ្វើឲ្យ​ទំនាក់ទំនង​នឹង​ល្អប្រសើរ​។ ប៉ុន្តែ​បើ​ម្នាក់​បង្ហាញ​កាយវិការ​ជា​ចៅហ្វាយ​នាយ​ហើយ​ម្នាក់​ជា​កូនចៅ​ ឬ​ម្នាក់​ជា​អ្នក​ដាក់​សម្ពាធ​ម្នាក់​ទៀត​ជា​អ្នក​រង​សម្ពាធ នោះ​ទំនាក់ទំនង​នឹង​មិន​អាច​រលូន​បានទេ​»​។

យ៉ាងណាក្ដី​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បើ​ពិចារណា​អំពី​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ចិន និង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការលំបាក​សម្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​លោក​អង្កេត​មើល​នយោបាយ​ការ​បរទេស​អព្យាក្រឹតភាព​របស់​កម្ពុជា បើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​​មិន​ត្រៀម​លក្ខណៈ​ដើម្បី​ប្រើ​ការទូត​បែប​បង្ខិតបង្ខំ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់ទុក​ការចូល​បង្គំ​គាល់​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​កម្ពុជា​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​ថា ជា​ការបង្ហាញ​ពី​ការទទួល​ស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹម​ថា​លោក​ Patrick Murphy ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​បាន​ប្រសើរ​ជាង​មុន​។

លោក​ថា​៖ «​នេះ​ហើយ​គ្មាន​ការសង្ស័យ​អ្វី​ទៀត​ទេ គឺ​សហរដ្ឋអាមេរិក​សម្រេចចិត្ត​ដាក់​ឯកអគ្គរដ្ឋទូត​ជាមួយ​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ទទួល​ស្គាល់​​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញ​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨ ​កន្លងទៅ​ដែរ​។ ដូច្នេះ​ពួកក្រុម​ឧទ្ទាម​ក្រៅច្បាប់​កាន់តែ​អស់​សង្ឃឹម​ឡើង​ពីព្រោះ​ទូត​អាមេរិក​មិនបាន​ដាក់​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះទេ​»​។

កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន លោក​ Murhy ​បានចេញ​សេចក្ដី​ថ្លែងការណ៍​ ២ ​ទំព័រ​ទៅកាន់​គណៈកម្មការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​ដោយ​លោក​ថា​៖ «​ប្រសិន​បើ​ត្រូវបាន​ទទួលស្គាល់ ខ្ញុំ​នឹង​ធ្វើការ​ជិតដិត​ជាមួយ​សភា​អាមេរិក​ដើម្បី​ធ្វើឲ្យ​រីកចម្រើន​ផលប្រយោជន៍​អាមេរិក​នៅ​កម្ពុជា លើកកម្ពស់​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​»​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​ទេ​កាលពី​ម្សិលមិញ ។

ទំនាក់ទំនង​កម្ពុជា-អាមេរិក​ ​បាន​ល្អក់កករ​តិចតួច ជាពិសេស​នៅពេល​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​មិន​ពេញចិត្ត​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​មាន​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​បាន​ធ្វើ​ច្បាប់​ជំរុញ​ឲ្យ​រដ្ឋបាល​លោក​ ត្រាំ ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP ​ចំពោះ​កម្ពុជា​តែ​មក​ទល់​នេះ​ច្បាប់​នោះ​មិនទាន់​ចូល​ជា​ធរមាន​ទេ ៕