ភ្នំពេញៈ លោក អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី កាលពីម្សិលមិញបានសន្យានឹងបន្តពង្រីកទំនាក់ទំនងការទូតជាមួយកម្ពុជាឲ្យកាន់តែរឹងមាំ និងចង់ឃើញអ្នកវិនិយោគពីកម្ពុជាទៅវិនិយោគនៅទីម័រខាងកើត។
ការបង្ហាញបេសកកម្មការទូតរបស់លោក ឡូប៉េស បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីកាលពីម្សិលមិញជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់លោក ហេង សំរិន បានចុះផ្សាយដោយស្រង់សម្ដីលោក ឡូប៉េស ថា៖ «ឯកឧត្តមសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីក ទំនាក់ទំនងប្រទេសទាំង ២ ឲ្យកាន់តែរឹងមាំឡើង»។
ទំព័រហ្វេសប៊ុកដដែលនេះបានដកស្រង់សម្ដី លោក ឡូប៉េស ថាប្រទេសទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេសបន្ថែមទៀត ហើយបច្ចុប្បន្នប្រទេសនេះកំពុងមានអ្នកវិនិយោគពី ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ប៉ុន្តែមិនទាន់មានអ្នកវិនិយោគពីព្រះរាជាណាចក្រកម្ពុជានៅឡើយ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា គោលបំណងសំខាន់នៅក្នុងជំនួបនេះគឺគ្រាន់តែជាការសម្ដែងការគួរសមគ្នា និងបានពិភាក្សាអំពីសេដ្ឋកិច្ច និងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ ចាប់តាំងពីប្រទេសទីម័រត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០២ មក ប៉ុន្តែអគ្គរដ្ឋទូតទីម័រពុំបានបញ្ជាក់អំពីវិស័យណាខ្លះដែលចង់ឃើញឱ្យអ្នកវិនិយោគពីកម្ពុជាទៅបណ្ដាក់ទុននៅក្នុងប្រទេសខ្លួននោះទេ។
លោកថា៖ «គាត់ (ឡូប៉េស) គ្រាន់តែបញ្ជាក់ថា នៅក្នុងប្រទេសគាត់មានតែអ្នកវិនិយោគមកពីប្រទេសមួយចំនួនដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និងសហរដ្ឋអាមេរិក ប៉ុន្តែអត់មានកម្ពុជា អ៊ីចឹងសុំឱ្យកម្ពុជាទៅវិនិយោគនៅប្រទេសគាត់»។
លោក ឡេង ប៉េងឡុង បន្ថែមថាលោក ហេង សំរិន ប្រធានរដ្ឋសភាបានទទួលយកការអញ្ជើញពីលោក Ermenegildo Kupa Lopes ដើម្បីធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសទីម័រក្នុងពេលវេលាសមស្របណាមួយនៅពេលខាងមុខ ខណៈនៅក្នុងជំនួប អគ្គរដ្ឋទូតទីម័រក៏បានកោតសរសើរកម្ពុជាដែលប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានល្អប្រសើរ។
ចំណែកលោក ហេង សំរិន បានបញ្ជាក់ថា ប្រទេសទាំង ២ នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និងធនធានមនុស្ស ហើយរដ្ឋសភាកម្ពុជានៅតែបន្តគាំទ្ររដ្ឋសភាទីម័រខាងកើតជាសមាជិកពេញសិទ្ធិទី ១១ របស់អាយប៉ា (AIPA) និងអាស៊ាននៅថ្ងៃអនាគត។
កាលពីថ្ងៃទី ២៧ ខែឧសភាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងជំនួបជាមួយលោក ឡូប៉េស បានឲ្យដឹងថា កម្ពុជាចង់ឱ្យទីម័របញ្ជូនក្រុមហ៊ុនទិញអង្កររបស់ខ្លួនមកបោះទីតាំងនៅកម្ពុជា ដើម្បីរៀបចំឲ្យមានឃ្លាំង រោងចក្រ មានកន្លែងសម្ងួត និងមានបណ្ដាញទិញ ទិញអង្ករដើម្បីធ្វើការនាំចេញទៅប្រទេសទីម័រខាងកើត៕