ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​រុស្ស៊ី​ប្រចាំ​កម្ពុជា​លោក Anatoly Borovik ប្រកាស​ពី​កិច្ចសហការ​ជាមួយ​កម្ពុជា ដើម្បី​សិក្សា​ពី​លទ្ធភាព​ដែល​អាច​នឹង​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ ដែល​ផលិត​បាន​នៅ​ប្រទេស​ខ្លួន​មកឱ្យ​ប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​ស្វាគមន៍​រាល់​វ៉ាក់សាំង​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​។

ការថ្លែង​បែប​នេះ​ពេល​លោក​ប្រាប់​អ្នកកាសែត​ពី​ម្សិលមិញ​ ក្រោយពី​លោក​ឯកអគ្គរដ្ឋទូត​ដឹកនាំ​មន្ត្រី​ទូត​ចូលរួម​ក្នុង​សវនាការ​ និង​ផ្តល់​អំណោយ​ដែល​រួមមាន​អង្ករ​ ២ ​តោន ទឹក​សុទ្ធ ២១ ​យួរ និង​មី​ ៧៥ ​កេស ជូន​កាកបាទ​ក្រហមកម្ពុជា​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ នាទី​ស្នាក់ការ​កាកបាទ​ក្រហម​កម្ពុជា​។

លោក Anatoly Borovik បាន​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​កំពុងតែ​ពិភាក្សា​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្តល់​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​រុស្ស៊ី ព្រោះ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​ចំពោះ​វ៉ាក់សាំង​ថ្មី​ដែល​បាន​ផលិត​នៅ​ប្រទេស​រុស្ស៊ី​។ យើង​នឹង​រៀបចំ​ទំនាក់​ទំនង​រវាង​មន្ត្រី​ជំនាញ​ខាង​វិទ្យាសាស្ត្រ​របស់​យើង​ទាំង​ ២ ដើម្បី​ពិភាក្សា​បញ្ហា​នេះ​ដោយ​លម្អិត​»​។

ក្រៅពី​អះអាង​យ៉ាង​ដូច្នេះ​លោក Anatoly ក៏បាន​ផ្តាំផ្ញើ និង​បង្ហាញ​ការរំលែក​ទុក្ខ​មកកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផងដែរ​។ លោក​រំពឹងថា​កម្ពុជា​នឹង​អាច​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​ខូចខាត​យ៉ាងដំណំ​ដោយសារ​គ្រោះទឹកជំនន់​ឱ្យបាន​ឡើងវិញ​ឆាប់រហ័ស​ផងដែរ​។

លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី​ ១ ​កាកបាទ​ក្រហម​កម្ពុជា បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​រុស្ស៊ី​ដែល​បាន​ផ្តល់​អំណោយ​សប្បុរសធម៌​ជូន​ដល់​កម្ពុជា និង​បានប្រកាស​ប្តេជ្ញា​ជួយ​ដល់​កម្ពុជា​ក្នុង​ការផ្តល់​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​។ ទោះយ៉ាងណា​លោកស្រី​រំពឹង​ថា កម្ពុជា និង​រុស្ស៊ី​នឹង​ពិភាក្សា​ឱ្យ​បាន​លម្អិត​បន្ថែមទៀត ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ ​ពី​រដ្ឋាភិបាល​រុស្ស៊ី​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ការផ្តល់​វ៉ាក់សាំង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ផ្នែក​សុខាភិបាល​ទេ​។ ប៉ុន្តែ​លោក Anatoly Borovik ក៏​បាន​គូសបញ្ជាក់​ដែរ​អំពី​បញ្ហា​នេះ​ព្រោះ​ថា ប្រទេស​ទាំង​ ២ មាន​សមិទ្ធផល​រួមគ្នា​ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជាដើម ហើយ​វា​ជា​កន្លែង​ដែល​ទទួល​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។ អ៊ីចឹង​ប្រទេស​រុស្ស៊ី​កំពុងតែ​ពិនិត្យ​ក្នុង​ការជួយ​នេះ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ជុំវិញ​ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​មក​កម្ពុជា​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​លោកស្រី​ថា​៖ «​ទោះ​ជា​ប្រទេស​ណាក៏ដោយ ប្រសិន​បើ​វ៉ាក់សាំង​ណាមួយ​មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​លើ​មនុស្ស​ដោយ​អង្គការ​សុខភាព​ពិភពលោក នោះ​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​បំណង​ជួយ​កម្ពុជា​ក្នុង​ការទទួល​បាន​វ៉ាក់សាំង​មក​ប្រើប្រាស់​ដើម្បី​ការពារ​ជំងឺ​កូវីដ​ ១៩ គឺជា​ការល្អប្រសើរ​»​។

តាម​ការគិត​ និង​ការប៉ាន់ស្មាន​ទុក​ជា​មុន​របស់​អ្នកបច្ចេកទេស​នៃ​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ឱ្យ​ដឹងថា ក្នុង​រង្វង់​ប្រហែល​ជា​ពាក់កណ្តាល​ឆ្នាំ​ ២០២១ អាច​នឹង​មាន​វ៉ាក់សាំង​មួយចំនួន​ក្នុង​ចំណោម​វ៉ាក់សាំង​ពី ៨ ទៅ ៩ ​ប្រភេទ​ដែល​អាច​យក​មក​ប្រើប្រាស់​បាន​ដើម្បី​ការពារ​ជំងឺ​កូវីដ ​១៩ នៅ​ទូទាំង​ពិភពលោក​។

ជាមួយ​នឹង​ការប៉ាន់ប្រមាណ​នេះ​អង្គការ WHO អង្គការ ហ្គាវី (GAVI) និង​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ​របស់​ក្រសួង​សុខាភិបាល​ក៏​បាន​មូលមតិ​គ្នា​ដើម្បី​រៀបចំ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​នូវ​ផែនការ​មួយ​ដែល​ហៅថា Deployment Plan សម្រាប់​ធ្វើការ​ពិនិត្យមើល គ្រប់គ្រង ការបែងចែក​រួមគ្នា និង​ការមើល​ថា តើ​ក្រុម​ណា​ដែល​ត្រូវ​ទទួល​នូវ​វ៉ាក់សាំង​មុនគេ​នៅ​កម្ពុជា​។ នេះ​បើ​តាម​លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ​បើ​ក្នុង​ករណី​ដែល​អង្គការ WHO ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង​នោះ​គឺ​កម្ពុជា​នឹង​ទទួលបាន​ពី​អង្គការ​សុខភាព​ពិភពលោក​មួយ​នេះ​ក្នុង​រង្វង់​ ៣ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ឬ​ស្មើ​ប្រមាណ​ជាង​​ ៣ ​លាន​នាក់​។

កាលពី​ថ្ងៃទី​ ២១ ខែ​តុលា កម្ពុជា​មិន​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ ថ្មី​នោះទេ ហើយ​ក៏​មិនមាន​ករណី​ជា​សះស្បើយ​នោះដែរ​។ តួលេខ​ឆ្លង​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៨៦ ​ករណី ហើយ​អ្នក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ៦ ​នាក់​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​៕