
លោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា។ រូបថត ស្ថានទូតវៀតណាម
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតវៀតណាមគ្រោងជួបជាមួយមន្ត្រីក្រសួងសុខាភិបាល និងក្រសួងព័ត៌មានកម្ពុជាដើម្បីពិភាក្សាអំពីការចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិធីបង្ការជំងឺកូវីដ ១៩ ខណៈដែលស្ថានទូតវៀតណាមបានបដិសេធថា វៀតណាមមិនបានអះអាងថា បុរសម្នាក់បានឆ្លងជំងឺកូវីដ ១៩ ពីកម្ពុជាឡើយ។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតវៀតណាមបានដកស្រង់សម្តីលោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាដែលលោកបានថ្លែងការពារប្រទេសរបស់លោកថា មិនទាន់បានបញ្ជាក់ពីបុរសជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជានៅឡើយ។ លោកអះអាងថា សេចក្ដីជូនដំណឹងរបស់វៀតណាមមិនបានបញ្ជាក់ពីពេលវេលា ទីតាំង និងរបៀបដែលបុរស រូបនេះបានឆ្លងជំងឺនេះនោះទេ។
មិនអាចស្វែងរកប្រភពទាក់ទងអ្នកនាំពាក្យស្ថានទូតវៀតណាមដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេកាលពីម្សិលមិញ។
ប៉ុន្តែតាមហ្វេសប៊ុករបស់ស្ថានទូតវៀតណាមបានស្រង់សម្តីលោក វ៉ូ ក្វាង មិញ បញ្ជាក់ថា៖ «ភាគីវៀតណាមមិនបានបញ្ជាក់ថា អ្នកជំងឺផ្ទុកកូវីដ១៩ លេខ ៣១៥ មានការឆ្លងជំងឺនេះពីកម្ពុជានោះទេ។ ក៏ប៉ុន្តែតាមគោលការណ៍បង្ការ និងប្រឆាំងជំងឺឆ្លង វៀតណាមត្រូវអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែកគ្រប់ករណីដែលមានការសង្ស័យ និងត្រូវប្រកាសជាសាធារណៈនូវព័ត៌មានមួយចំនួនទាក់ទងនឹងអ្នកជំងឺដូចជាការធ្វើដំណើររបស់អ្នកជំងឺនេះ ដើម្បីឲ្យអ្នកដែលធ្លាប់មានការប៉ះពាល់ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ដល់ស្ថាប័នជំនាញរបស់វៀតណាម»។
លោក វ៉ូ ក្វាង មិញ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាលវៀតណាមកំពុងសហការដ៏ស្អិតល្មួត និងតែងតែមានការផ្លាស់ប្តូរព័ត៌មានជាមួយក្រសួងសុខាភិបាលកម្ពុជា និងបណ្តាប្រទេសដទៃក្នុងគោលបំណងរួមគឺខិតខំបង្ការនិងប្រឆាំងនឹងជំងឺឆ្លងនេះ។
ការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវៀតណាមនេះធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលកម្ពុជាបានប្រកាសច្រានចោលចំពោះសារព័ត៌មានវៀតណាម ដែលចុះផ្សាយថា បុរសជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីចាកចេញពីខេត្តសៀមរាបប្រទេសកម្ពុជា។
ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ថា បុរសរូបនោះគឺឆ្លងនៅក្នុងប្រទេសវៀតណាម និងបានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានវៀតណាមនេះថា បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ក្រសួងសុខាភិបាលកម្ពុជាក៏បានស្នើដល់ភាគីវៀតណាមឲ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយតកម្មអន្តរជាតិមុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយចៀសវាងធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទៀត។
ជុំវិញបញ្ហានេះលោក វ៉ូ ក្វាង មិញ បានលើកឡើងទៀតថា ស្ថានឯកអគ្គរដ្ឋទូតវៀតណាម និងបណ្តាស្ថាប័នសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជានឹងមានការជួបប្រជុំដើម្បីផ្លាស់ប្តូរព័ត៌មានជាមួយក្រសួងសុខាភិបាលកម្ពុជា និងក្រសួងព័ត៌មានកម្ពុជាអំពីស្ថានភាព និងព័ត៌មានដែលទាក់ទងការបង្ការ និងប្រឆាំងជំងឺ ជាពិសេសខណៈពេលប្រទេសទាំង ២ ចាប់ផ្តើមគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ ១៩។
ទោះយ៉ាងណាស្ថានទូតវៀតណាមមិនបានប្រកាសឲ្យដឹងថា តើជំនួបនេះនឹងធ្វើឡើងនៅពេលណានោះទេ។
ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា លោកស្រីមិនទាន់ទទួលបានព័ត៌មានដែលថា មានកិច្ចជំនួបរវាងស្ថានទូតវៀតណាម និងក្រសួងសុខាភិបាលនេះនៅឡើយទេ។ លោកស្រីថា៖ «ខ្ញុំមិនមានព័ត៌មានបែបនេះទេ»។
កម្ពុជារកពុំឃើញមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ អស់រយៈពេលជាង ១ ខែមកហើយ ខណៈនៅថ្ងៃទី ១៦ ខែឧសភា អ្នកជំងឺចុងក្រោយគេបង្អស់ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១២២ នាក់ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានព្យាបាលជាសះស្បើយ៕