ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដែលត្រូវចូលមកកាន់តំណែងនៅកម្ពុជា ដោយឯកអគ្គរដ្ឋទូតរូបនេះ បង្ហាញការចាប់អារម្មណ៍លើកិច្ចការងារគ្រប់គ្រងសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រីនៅកម្ពុជា។
ជំនួបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងក្នុងឱកាសដែល លោកស្រី Teo Lay Cheng ទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ លោកស្រី Teo Lay Cheng ថ្លែងថា លោកស្រី ពិតជាចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ ជាពិសេសលើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាតនិងការពង្រឹងសមត្ថភាពមន្ត្រីនៅកម្ពុជា។
លោកស្រីសង្ឃឹមថា៖ «នៅពេលខាងមុខនេះអាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធរវាងកម្ពុជា និងសិង្ហបុរីលើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ផងដែរ»។
ជាការឆ្លើយតប លោក សាយ សំអាល់ បានលើកឡើងក្នុងជំនួបនោះថា កម្ពុជាស្វាគមន៍ជានិច្ច និងអបអរសាទរចំពោះវត្តមានឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលត្រូវរដ្ឋាភិបាលប្រទេសសិង្ហបុរីផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា។
ក្រៅពីនេះលោក សាយ សំអាល់ ក៏បានលើកឡើងពីសក្តានុពលដែលសិង្ហបុរី បានសហការ និងគាំទ្រកម្ពុជានាពេលកន្លងមក ដោយមានការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការតាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធគ្នាទៅវិញទៅមក។
ជាក់ស្តែងលោកបញ្ជាក់ថា៖ «រដ្ឋាភិបាលសិង្ហបុរីទើបតែបានផ្តល់អាហារូបករណ៍ដល់មន្ត្រីជាយុវជនបន្តវេន ៤ នាក់ ទៅសិក្សានៅសាលាគោលនយោបាយលីក្វាន់យូ សម្រាប់ក្រសួងបរិស្ថានផងដែរ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៧ ឧសភា ថា កម្ពុជា និងសិង្ហបុរីធ្លាប់មានកិច្ចសហប្រតិបត្តិការល្អ លើផ្នែកវិស័យបរិស្ថានដោយក្នុងនោះក្រសួងបរិស្ថានបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់មន្ត្រីក្រសួងបរិស្ថាន។
បន្ថែមពីនេះ លោកបន្តថា កម្ពុជា និងសិង្ហបុរីក៏ធ្លាប់បានផ្លាស់ប្តូរបទពិសោធគ្នាជាច្រើនលើវិស័យបរិស្ថានជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់អ្នកជំនាញ និងក្រុមហ៊ុនមកពីសិង្ហបុរីមកកម្ពុជា ខណៈអ្នកជំនាញទាំងនោះ បានចែករំលែកបទពិសោធ និងមានគម្រោងវិនិយោគជាច្រើនដូចជាការកែច្នៃសំណល់ផ្ទះបាយនៅតាមគេហដ្ឋាន និងសាលារៀនឱ្យទៅជាជីកំប៉ុសក្នុងតម្លៃថោកសម្រាប់ប្រើប្រាស់ក្នុងការដាំដំណាំនៅតាមសាលារៀន និងតាមផ្ទះ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធលើការគ្រប់គ្រងសំណល់រាវទឹកកខ្វក់ផងដែរ។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានកម្ពុជា ពិតជារីករាយចំពោះកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសនេះ និងត្រៀមខ្លួនសម្រាប់ការសហការ។ ក្រសួងបរិស្ថានជឿជាក់ថា កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ជាមួយប្រទេសសិង្ហបុរីនឹងនាំមកនូវបច្ចេកវិទ្យាថ្មី និងការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកភាពជាអ្នកដឹកនាំ និងផ្នែកបច្ចេកទេសដែលនឹងជាការចូលរួមពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជាក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ»៕