ភ្នំពេញៈ លោក Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជា​ បាន​ជួប​​​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ឧសភា ដោយ​បាន​ពិភាក្សា​ អំពី​កិច្ច​សហ​ប្រតិ​បត្តិការ រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​បញ្ហា​អង្គការ​សង្គម​ស៊ីវិល និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។

លោក Murphy បាន​សរសេរ​នៅ​លើ​​ប្រព័ន្ធ Twitter របស់​លោក​ថា ការ​ជួប​ប្រជុំ​ជា​មួយ​លោក ស ខេង ទទួល​បានលទ្ធផល​​ផ្លែ​ផ្កា ដោយ​​ជំនួប​នោះ ​បាន​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ស្ដី​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ ពង្រឹង​ការ​អនុវត្ត​ច្បាប់​កម្ពុជា-សហ​រដ្ឋ​អាមេរិក ការ​ផ្ដល់​ជំនួយ​ចំនួ​ន ១១ លាន​ដុល្លារ ​ដែល​ ​អាមេ​រិក​ផ្ដល់​ឱ្យ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ជំងឺ​កូវីដ​ ១៩ ការ​ពិភា​ក្សា​អំពី​សារៈ​សំខាន់ ​នៃ​សង្គម​ស៊ីវិល​ដ៏រស់​រវើក​មួយ និង​តម្រូវ​ការ​ឱ្យមា​ន​គ្រប់​សំឡេង​ ដើម្បី​ចូលរួ​ម​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេ​យ្យ។

គេ​ហទំព័រ​របស់​ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ជំនួប​នោះ​ គឺ​លោក ស ខេង សង្ឃឹម​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២ ជា​ពិសេស​ក្នុង​អាណត្តិ​ការ​ងារ​របស់​លោក Murphy នឹង​នៅ​តែ​បន្ត​រីក​ចំរើន​បន្ថែម​ទៀត​។

ក្នុង​ជំនួប​នោះ លោក ស ខេង បាន​ប្រាប់​លោក Murphy ថា កម្ពុជា​កំពុង​ពន្លឿន​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​បង្ការ ការ​រីក​សាយ​ភាព​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ ​ដោយលោក​​ស ខេង​ បញ្ជាក់​ថា ច្បាប់ទាំ​ង២នេះ គឺមាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា។ នេះ​បើ​តាម​ហ្វេស​ប៊ុក​លោក ស ខេង។

ទំព័រ​ហ្វេស​ប៊ុក​ដដែល​បន្ត​ថា ចំណែក​លោក Murphy បាន​បង្ហាញ​ការ​ចាប់​អារម្ម​ណ៍ ចំពោះកា​រ​ធ្វើ​សេចក្ដី​ព្រាង​​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដីពីការ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា ដែល​លោក Murphy បញ្ជាក់​ថា សហរដ្ឋ​អាមេ​រិក ចង់​បញ្ជូន​អ្នក​ជំនាញ​សហ​រដ្ឋ​អាមេរិក​មក​ជួយ​កម្ពុជា​ថែម​ទៀត ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ។​

លោក​ស្រី Emily Zeeberg អ្នក​​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិ​ក​ប្រចាំ​កម្ពុជា បាន​ប្រាប់ភ្នំពេញ​ប៉ុស្ដិ៍ តាម​អ៊ីមែល​ កាល​ពីម្សិល​មិញ​ថា បទ​ល្មើស​បច្ចេក​វិទ្យា គឺជា​ការ​គំរាម​កំហែង​ ដែល​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភព​លោក ហើយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេ​រិក បាន​ចូល​រួម​ជាទៀង​ទាត់​ ជាមួយ​រដ្ឋាភិបាល​ជាច្រើន​ លើ​បញ្ហា​សន្តិ​សុខ តាម​អ៊ីន​ធឺណិត​នេះ។

លោក​ស្រី​បន្តថា អ្នក​ជំនាញ​មក​ពីក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេ​រិក បាន​ចូល​រួម​សិក្ខា​សាលា​មួយ ជា​មួយ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០២០ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺណិត​នៅ​កម្ពុជា​នេះ​។

លោក​ស្រី​បន្ថែម​ថា អ្នក​ជំនាញ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេ​រិក បាន​ចែក​រំលែក​នូវមតិ​យោប​ល់ ក៏ដូច​ជាការ​អនុវត្ត​ដ៏ល្អ​ប្រសើ​រ​ តាម​អ៊ិន​ធឺរ​ណែត ដើម្បី​ធានា​ថា ច្បាប់​នោះ ការពារ​សេរីភាព​បញ្ចេញ​មតិ តាម​អ៊ិន​ធឺណិត និង​ការ​ច្នៃប្រឌិត​ក្នុង​ស្រុក ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ឌីជី​ថល​របស់​កម្ពុជា ទាក់​ទាញ​ដល់​ក្រុម​វិនិយោ​គិន​។

លោក​ស្រី​ថា៖«​ ស្ថាន​ទូត​សហរដ្ឋ​អាមេ​រិក បាន​​ផ្តល់​ការ​ជួយ​សម្រួល​ដល់​ការ​ចូល​រួម​នាពេល​អនា​គត ពីក្រុម​ហ៊ុន​បច្ចេក​វិទ្យា ឈាន​មុខ​គេ​របស់​សហ​រ​ដ្ឋ​អាមេ​រិក ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យល់​ថា ពួក​គេ(​ក្រុម​ហ៊ុន​អា​មេរិក​)​អាច​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការ​ពារ​សន្តិ​សុខ​ តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​របស់​ប្រទេស​កម្ពុជា ក៏ដូ​ច​ជា​ដើម្បី​ប្រាប់​ពួក​គេ​ថា តើ​ច្បាប់​នេះ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ដូច​ម្តេច ទៅ​លើ​ការ​សម្រេច​ចិ​ត្ត​វិនិយោគ​»។

ជាមួយ​គ្នា​នេះ លោក ជា ពៅ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា បាន​​ថ្លែង​ពី​ថ្ងៃ​ពុធ​​ថា សេច​ក្ដីព្រាង​ច្បាប់​កំពុង​ធ្វើ​ឡើង​យ៉ាង​រលូន​ថ្វី​បើ​កំពុង​មាន​ការ​ផ្ទុះ​ឡើង នៃ​​ជំងឹ​កូវីដ​ ១៩​ ក្ដី។ ​លោក​បញ្ជាក់​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​សម្រេច​បាន​ប្រហែល​ ៧០​ ភាគ​រយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២០ ​នេះ។

លោក​បញ្ជាក់​ថា សហ​រដ្ឋ​អាមេ​រិក គឺតែង​ជួយ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ការ​​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ហើយ​អ្វី​ដែល​លោក Patrick Murphy បាន​លើក​ឡើង​ នៅពេល​ជួប​លោក ស ខេង គឺ​សហរដ្ឋ​អាមេ​រិក ចង់​បញ្ជូ​ន​អ្នក​ជំនាញ​មក​ពីក្រុម​ហ៊ុន​បច្ចេ​ក​វិទ្យាធំៗ​រប​ស់​ខ្លួន ដើម្បី​ជួយ​ដល់​ការ​ធ្វើ​សេច​ក្ដីព្រាង​ច្បាប់​នេះបន្ថែម​ទៀត ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ឈ្មោះ​ក្រុម​ហ៊ុន​ទាំង​នោះនៅ​ឡើយ​ទេ​។

លោក​ថា៖ ​«គេមក​ជួយ​យើង​តាំង​ពីយូរ ហើយ​គេគ្រាន់​តែចង់​បន្ថែម​អ្នក​ជំនាញ​បន្ថែម​ទៀត​។ គេ​បាន​ជួយ​យើង​ជា​បន្ត​បន្ទាប់​។ កន្លង​មកគេ​ជួយ​ហ្នឹង ដូច​ជាពាក្យ​នេះ​ គេនិយាយ​អ៊ីចេះ​ ហើយ​គេ​ពន្យល់​យើង​អំពី​និយម​ន័យ អ៊ីចឹង​យក​ពាក្យ​ខ្មែរ​ណា​ដាក់​មក​ឱ្យ​ត្រូវ​តាម​និយម​ន័យ​ដែល​គេឱ្យ​មក​»៕