ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​អនុវត្ត​បានល្អ​ក្នុង​ការចូលរួម​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួតពិនិត្យ​មើល​ការអនុវត្ត​របស់​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ព្រមទាំង​ការចូលរួម​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការព្យួរ​ ឬ​បិទ​រោងចក្រ​។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Patrick Murphy ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គោលនយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​បទដ្ឋាន​ការងារ​អន្តរជាតិ​។ ជំនួប​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៣ ខែ​កុម្ភៈ នៅ​ក្រសួង​ការងារ​។

លោក​ អ៊ិត សំហេង បង្ហោះសារ​លើ​ហ្វេសប៊ុក​របស់លោក​ថា លោក Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បាន​ដាក់ចេញ​នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួតពិនិត្យ​មើល​ការអនុវត្ត​របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន​។ លោក​ក៏​កោតសរសើរ​ដល់​ការទូទាត់​អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករនិយោជិត ពេល​រោងចក្រ​ព្យួរការងារ និង​ដោះស្រាយ​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ពេល​រោងចក្រ​បិទទ្វារ ឬ​រោងចក្រ​ក្ស័យធន ឬ​ម្ចាស់​រត់ចោល​។

លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ទទួលស្គាល់​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទិ្ធ​សេរីភាព អង្គការ​វិជ្ជាជីវៈ ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ ស្របតាម​បទដ្ឋាន​ការងារ​អន្តរជាតិ​។ លោក​ថា នេះ​ជា​កត្តា​ស្នូល​សម្រាប់​ភាគី​សហរដ្ឋអាមេរិក បន្ត​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​រហូត​មក​ទល់​បច្ចុប្បន្ន​។

លោក​បន្តថា បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម​កំពុង​ជំរុញ​ការពង្រីក​វិសាលភាព​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា​ទៅលើ​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​ (TGB) ​បន្ទាប់ពី​មើលឃើញ​ថា គម្រោង​នេះ​បាន​ធ្វើការ​វាយតម្លៃ​ប្រកប​ដោយ​តម្លាភាព​នូវ​លក្ខខណ្ឌ​ការងារ នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​។

លោក​ ងុយ រិទ្ធ អនុរដ្ឋលេខាធិការ ក្រសួង​ការងារ​បាន​ថ្លែង​នៅក្រោយ​ជំនួប​នោះ​ថា ដោយសារ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង ២ ធ្វើឱ្យ​កំណើន​នៃ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំណើរ និង​កាបូប​បាន​កើនឡើង​ ២៣​ ភាគរយ​ នៅ​ឆ្នាំ​ ២០២០ ដែលមាន​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ជាង ៦ ​ពាន់​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​តួលេខ​ទាំងអស់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពីអ្វី​ដែលជា​ការខិតខំ​អនុវត្ត​បាន​ល្អ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​យើង​មាន​គោលនយោបាយ​យ៉ាង​ច្បាស់លាស់ តាំងពី​យើង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​ក្នុងការ​ផ្សារភ្ជាប់​លក្ខខណ្ឌ​ការងារ​ទៅ​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ធ្វើឱ្យ​វិស័យ​ឧស្សាហកម្ម​ខាង​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​យើង​បន្ត​ដណ្ដើមបាន​ទីផ្សារ​ដ៏ធំ​នៅ​សហរដ្ឋអាមេរិក​»​។

បើតាម​លោក ងុយ រិទ្ធ ថ្មីៗ​នេះ កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខាង​ផ្នែក​សម្ភារ​ធ្វើដំណើរ​ និង​កាបូប ដែល​ធ្វើឱ្យ​កម្ពុជា​អាច​បង្កើន​រោងចក្រ​ផលិត​សម្ភារ​ធ្វើដំណើរ និង​កាបូប​ដល់​ទៅ​ ១២៥ ​រោងចក្រ ហើយ​ពង្រីក​ទំហំ​នាំចេញ និង​បង្កើត​ការងារ​បាន​យ៉ាងច្រើន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ដោយសារ​តែ​យើង​បាន​អនុវត្ត​បាន​ល្អ​នេះ គឺ​សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ផ្ដល់​ភាពអនុគ្រោះ ដើម្បីឱ្យ​យើង​អាច​នាំ​ផលិតផល​របស់​យើង ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន ហើយ​យើង​មាន​កិច្ចការ​ជាច្រើន​ទៀត ដែល​យើង​ត្រូវ​បន្ត​ជាមួយ​គ្នា ដោយសារ​តែ​យើង​បានធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​ដ៏ល្អ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​បាន​ពេញចិត្ត​ និង​ការខិតខំ​របស់​យើង​»​។

អ្វីដែល​ភាគី​ទាំង​ ២ កំពុង​បន្ត​ធ្វើការ​ជាមួយគ្នា​តទៅទៀត​នៅក្នុង​វិស័យ​ការងារ ដូចជា​ធ្វើឱ្យ​ប្រសើរឡើង​ដូចជា​បញ្ហា​ជួញដូរ​កម្លាំង​ពលកម្ម ការលុបបំបាត់​ពលកម្ម​កុមារ និង​ការផ្ដល់​កិច្ចគាំពារ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ជាដើម​។

លើសពីនេះ​ទៀត​ភាគី​ទាំង​ ២ ​នឹង​ធ្វើការ​រួម​គ្នា​ក្នុង​ការពង្រឹង​សមត្ថភាព​មន្ត្រី​អធិការ​កិច្ចការងារ​ពី​សហរដ្ឋអាមេរិក​។ នេះ​បើតាម​លោក ងុយ រិទ្ធ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Murphy បាន​ថ្លែង​នៅលើ​បណ្ដាញ​ធ្វីធើរ​របស់លោក​​ថា​៖ «​ជំនួប​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​រដ្ឋមន្ត្រី​ការងារ លោក អ៊ិត សំហេង យើង​បាន​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការអនុវត្ត​ច្បាប់​ដែល​ដោះស្រាយ​លើ​ការកេងប្រវ័ញ្ច​ពលកម្ម និង​ជួញដូរ​កម្លាំង​ពលកម្ម និង​ធ្វើការ​ជាមួយគ្នា ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​សេរីភាព​សមាគម និង​តម្លៃ​ស្នូល​នៃ​ការងារ​នៅ​កម្ពុជា​»៕