The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជួបពិភាក្សា​ជាមួយ​លោក​ នេត សាវឿន




ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជួបពិភាក្សា​ជាមួយ​លោក​ នេត សាវឿន

Content image - Phnom Penh Post
ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជួបពិភាក្សា​ជាមួយ​លោក​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពីថ្ងៃទី ១២ សីហា។ រូបថត ក្រសួងមហាផ្ទៃ

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ជួបពិភាក្សា​ជាមួយ​លោក​ នេត សាវឿន

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បង្ហាញ​ក្ដីបារម្ភ​អំពី​ហិង្សា​លើ​ស្ត្រី ការចាប់ខ្លួន​សកម្មជន​នយោបាយ និង​ការតវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​ជាន់ខ្ពស់​ទូត​រូបនេះ​ជួប​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ នេត សាវឿន​។ ​អូស្ត្រាលី នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ប៉ូលិស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការការពារ​កុមារ ការលាង​សម្អាត​ប្រាក់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លើកឡើង​នូវ​ក្ដីបារម្ភ​មួយ​ចំនួន​ប្រាប់​ទៅ​លោក នេត សាវឿន ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ពុធ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ លោក​ថ្លែងថា ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​១៩​នេះ លោក​សង្កេត​ឃើញ​មាន​អំពើហិង្សា​កើតឡើង​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​ស្ត្រីភេទ​។ លោក​ប្រាប់​លោក​ នេត សាវឿន ​ថា​វត្តមាន​របស់​លោក​នៅ​កម្ពុជា​ក៏​ដើម្បី​ជួយ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​សម្រេចបាន​សមភាព​យ៉េនឌ័រ​។ នេះ​បើ​តាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

អ្នកនាំពាក្យ​ស្ថានទូត​អូស្ត្រាលី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​ពី​ម្សិលមិញ​ថា បញ្ហា​អាទិភាព​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​ គឺ​ដើម្បី​ជួយ​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​ដែល​បញ្ហា​នេះ​ជា​បញ្ហាសំខាន់​សម្រាប់​អូស្ត្រាលី​ក៏ដូចជា​សម្រាប់​កម្ពុជា​។ លោក​ Pablo Kang អរគុណ​លោក​ នេត សាវឿន សម្រាប់​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថានទូត​អូស្ត្រាលី អង្គការ​សហប្រជាជាតិ​ផ្នែក​ស្ត្រី និង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ដែល​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​ប្រឹក្សា​អំពើហិង្សា​។

អ្នកនាំពាក្យ​ស្ថានទូត​បន្តថា​៖ «​លោក​ឯកអគ្គរដ្ឋទូត​លើក​ពី​បញ្ហា​តវ៉ា ជា​បន្តបន្ទាប់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​ភរិយា​ និង​កូនស្រី​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឆ្នាំនេះ​។ ស្ត្រី​ខ្លះ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គណបក្សនយោបាយ​ប្រឆាំង​ខ្លះ​។ ជាពិសេស​លោក​ឯកអគ្គរដ្ឋទូត​បាន​ឃើញ​វីដេអូ​នៅលើ​យូធូប​អំពី​ការប្រព្រឹត្ត​លើ​ស្ត្រី​ទាំងនោះ​ពី​សំណាក់​ប៉ូលិស និង​សន្តិសុខ​។ ​លោក​លើក​បញ្ហា​នេះ​ក្នុង​នាម​ស្ត្រី​ទាំងនេះ​។ លោក​ឯកអគ្គរដ្ឋទូត​តែង​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​តំណាង​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​»​។

ប៉ុន្តែ​លោក​ នេត សាវឿន ថ្លែង​ថា​ការឃាត់ខ្លួន​មិនមែន​ធ្វើ​ឡើង​លើ​គណបក្ស​នយោបាយ​ប្រឆាំង​នោះទេ​គឺ​ឃាត់ខ្លួន​បុគ្គ​ដែល​ធ្វើ​ខុសច្បាប់ ហើយ​ការអនុវត្ត​ច្បាប់​មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។

លោក​ថា​ចំពោះ​ការតវ៉ា​នៅមុខ​តុលាការ បើ​សមត្ថកិច្ច​មិន​ទប់ស្កាត់​វា​នឹង​នាំឲ្យ​មាន​បញ្ហា​ធំដុំ​អាច​យក​ការទាមទារ​ដោះលែង​នោះ​ទៅជា​ចលនា​ប្រឆាំង​មួយ​។ ជាពិសេស​ខុស​នឹង​វិធានការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដែល​ហាម​ការជួបជុំ​គ្នា​។ ការប្រមូលផ្តុំ​ ឬ​ការធ្វើ​បាតុកម្ម​ត្រូវមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ នេះ​បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ​។

លោក​ នេត សាវឿន បន្ត​ថា​ការដោះលែង​ណាមួយ​ត្រូវ​ជ្រើសរើស​រក​មេធាវី​ស្របច្បាប់ ដើម្បី​យក​ទៅ​ការពារ​នៅ​ចំពោះមុខ​តុលាការ​។ ពួកគេ​មិនត្រូវ​នាំគ្នា​ធ្វើការ​តវ៉ា​ដើម្បី​ដាក់​សម្ពាធ​ទៅ​តុលាការ​នោះទេ​។ រាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​តែងតែ​លើក​ទឹកចិត្ត​ការពារ​កុំឲ្យ​មាន​អំពើហិង្សា​ណាមួយ​កើតឡើង​។ លោក​ថា សមត្ថកិច្ច​តែងតែ​ត្រូវ​បាន​អប់រំ​ឲ្យ​ចៀសវាង​ការប៉ះទង្គិច​ណាមួយ​។

ជំនួប​ពី​ថ្ងៃ​ពុធ​ក៏មាន​វត្តមាន​លោក Anthony Maguire តំណាង​នគរបាល​សហព័ន្ធ​អូស្ត្រាលី ថ្មី​ប្រចាំ​កម្ពុជា​ផងដែរ​។ លោក​ថ្លែងថា នគរបាល​សហព័ន្ធ​អូស្ត្រាលី​បាន​ទទួល​កញ្ចប់​ថវិកា​ប្រមាណ​ ៣ ​សែន​ដុល្លារ​អូស្ត្រាលី​ [​ជាង​ ២១ ​ម៉ឺន​ដុល្លារ​] ​ដើម្បី​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​នគរបាលជាតិ​កម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​ការការពារ​កុមារ ការលាង​សម្អាត​ប្រាក់ និង​បទឧក្រិដ្ឋ​ឆ្លងដែន​។

អគ្គស្នងការដ្ឋាន​បន្ត​ថា ទោះបី​ជា​មាន​បញ្ហា​ខ្លះ​ដោយសារ​ជំងឺ​កូវីដ​១៩​ក៏ដោយ​នៅពេល​ដ៏ខ្លី​ខាងមុខ លោក​មាន​ការប្តេជ្ញា​ខ្ពស់​ក្នុង​ការរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ដើម្បី​បង្ហាញ​ពី​កិច្ចសហការ​ល្អ​រវាង​អូស្ត្រាលី និង​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍