មណ្ឌលគិរីៈ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Angela Corcoran បានធ្វើទស្សនកិច្ចទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរីរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែ មិថុនា ខណៈប្រទេស អូស្ត្រាលី បានផ្តល់ជំនួយតាមរយៈអង្គការសង្គមស៊ីវិល ដើម្បីជួយអភិវឌ្ឍដល់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាលក្នុងខេត្តភាគឦសាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃចន្ទម្សិលមិញ បានឱ្យដឹងថា លោកស្រី Angela Corcoran ជួបជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងអង្គការសង្គមស៊ីវិល ដែលធ្វើការនៅខេត្តរតនគិរី។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី Angela Corcoran នឹងជួបមន្ត្រីអង្គការនានា ដែលកំពុងអនុវត្តកម្មវិធីជំនួយអូស្ត្រាលី នៅក្នុងខេត្តទាំង ២ នេះ។ ប្រទេស អូស្រ្តាលី កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅតំបន់ដាច់ស្រយាលនៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា ដើម្បីផ្តល់ការអប់រំពហុភាសា និងការអភិវឌ្ឍសហគមន៍ និងកែលម្អជីវភាពរស់នៅរបស់ពួកគេ។
លោកស្រី Angela Corcoran បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «ការគាំទ្ររបស់ប្រទេសអូស្រ្តាលីក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជាគឺដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង ដោយផ្តោតសំខាន់លើការធានាឱ្យមានការរអភិវឌ្ឍប្រកបដោយបរិយាប័ន្នចំពោះសហគមន៍ជនជាតិដើមនៅក្នុងតំបន់»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជំនួយប្រទេសអូស្រ្តាលីបានចូលរួមកែលម្អសេវាសុខភាព និងការគាំពារសង្គមសម្រាប់ជនក្រីក្រ ការអភិវឌ្ឍកុមារតូច និងការគាំទ្រសហគមន៍ដែលពុំមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅមណ្ឌលគិរី និងរតនគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
ប៉ុន្តែលោក នាង សំអាត អ្នកនាំពាក្យខេត្តរតនគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់បានទទួល ព័ត៌មានអ្វីច្បាស់លាស់នៅឡើយទេ លោកគ្រាន់តែបានឃើញលិខិតមួយពីក្រសួងមហាផ្ទៃ ដើម្បីជូនជ្រាបជាព័ត៌មាន។
លោកបញ្ជាក់ថា តាមលិខិតនេះ លោកស្រី Angela Corcoran នឹងមកបំពេញទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាន មានខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៥ និង ២៦ ខែ មិថុនា។
លោកបាន បញ្ជាក់ថា៖ «មិនទាន់មានកម្មវិធីលម្អិតទេគ្រាន់តែមានលិខិតជូនដំណឹងប៉ុណ្ណឹង។ តាមកម្មវិធី លោកស្រីអគ្គរដ្ឋទូត (មិនដឹង) អញ្ជើញចុះទៅណាខ្លះទេ។ គ្រាន់តែមកខេត្តហ្នឹងគឺសុំជួបថ្នាក់ដឹកនាំខេត្ត។ ក្នុងការជួបនេះគឺគ្រាន់តែជួបដើម្បីបដិសណ្ឋារកិច្ច សម្តែងការគួរសម»។
យោងតាមគេហទំព័រ ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានឱ្យដឹងថា ប្រទេស អូស្ត្រាលី គឺជាប្រទេសផ្តល់ជំនួយទ្វេភាគីឈានមុខ នៅក្នុងប្រទេស កម្ពុជា។ ពីឆ្នាំ ២០១៨ ដល់ ២០១៩ អូស្រ្តាលីបានផ្តល់ជំនួយអភិវឌ្ឍន៍ប្រមាណ ៧៩,៧ លានដុល្លារ ដល់ប្រទេស កម្ពុជា។ ក្នុងនោះថវិកាចំនួនប្រមាណ ៥៦,១ លានដុល្លារ ដែលជាមូលនិធិទ្វេភាគី ត្រូវបានផ្តល់ដល់កម្ពុជាតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ។
គេហទំព័របញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៥ ការផ្តល់ជំនួយរបស់អូស្ត្រាលីផ្តល់អាទិភាពលើវិស័យ ៣ គឺ ទី១ ការកែលម្អលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ ទី២ ការបង្កើនផលិតភាពកសិកម្ម និងទី៣ ការកែលម្អវិស័យសុខភាព និងអប់រំ។
គេហទំព័របញ្ជាក់ថា៖ «យើងនឹងផ្តោតលើកម្មវិធីទាំងអស់របស់យើងក្នុងការជួយគាំទ្រឱ្យមានវិបុលភាព និងស្ថិរភាព ជាពិសេសតាមរយៈការចូលរួមប្រកបដោយបរិយាប័ន្ន អភិបាលកិច្ច ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងពិការភាព»។
គេហទំព័របន្តថា៖ «ការគាំទ្ររបស់យើងនឹងផ្តល់អាទិភាពលើវិធីសាស្រ្តថ្មីៗក្នុងការផ្តល់ជំនួយដែលធ្វើការជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីជំរុញកំណើន និងកាត់បន្ថយភាពក្រីក្រ ហើយនឹងរួមចំណែកដល់ការសម្រេចបាននូវជំនួយរួមរបស់អូស្ត្រាលីសម្រាប់គោលដៅពាណិជ្ជកម្មនៅឆ្នាំ ២០២០»៕