ភ្នំពេញៈ ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​កម្ពុជា កំពុង​រង់​ចាំការ​តែង​តាំង​រូប​លោក​ជា​ផ្លូវការ​ដោយ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក មុន​ពេល​​លោក​មក​ដល់​ប្រទេស​កម្ពុជា​ ដែល​រំពឹង​ថា​ នៅ​ដើម​ខែ​ក្រោយ។

លោក W. Patrick Murphy ជា​ឧបការី​រង​ដ៏សំខាន់​ នៅ​​​ការិយា​ល័យ​កិច្ច​ការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ធ្លាប់​ត្រូវ​តែង​តាំង​កាល​ពី​ខែ​សីហា​កន្លង​មកម្ដង​ហើយ​ ដោយ​ប្រធានា​ធិបតី​លោក​ ដូណាល់​ ត្រាំ ដើម្បី​ជំនួស​កន្លែងឯក​អគ្គ​រដ្ឋ​ទូត William Heidt ដែល​​ផុត​អាណត្តិ។ ប៉ុន្តែ​សំណើ​របស់​លោក​ ដូណាល់​ ត្រាំ ត្រូវ​បា​ន​​បញ្ជូន​ត្រឡប់​ទៅ​វិញ​ដោយ​ព្រឹទ្ធសភា​​អាមេរិក​នា​ថ្ងៃទី ៣ ខែ​ មករា អំឡុ​ង​ពេល​រដ្ឋាភិបាល​អាមេរិក​បាន​បិទទ្វារ។

អ្នក​នាំពាក្យ​ស្ថាន​ទូត​​អាមេរិក លោ​ក Arend Zwartjes បាន​ថ្លែង​កាល​ពី​ថ្ងៃ​​ចន្ទ​ថា តាម​នីតិវិធី លោក​ ត្រាំ​ បាន​តែង​​តាំង​លោក Patrick Murphy ម្តង​ទៀត ដើម្បី​ធ្វើ​ជាឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំកម្ពុជា​នា​ថ្ងៃទី ១៦ ខែ ​មករា នៅ​ក្នុង​​ពេល​បើក​អង្គ​ប្រជុំ​សមាជ​ថ្មី​លើក​ទី១១៦ របស់​សហរដ្ឋអាមេរិក។

យោង​តាម​ប្រតិ​ទិន​ប្រតិ​បត្តិ​របស់​ព្រឹទ្ធ​សភា​អាមេរិ​ក​ឲ្យដឹង​ថា ការ​តែងតាំង​លោក​ Patrick Murphy ត្រូវ​បាន ដាក់​ក្នុង​ប្រតិ​ទិន​ប្រតិ​បត្តិ​ព្រឹទ្ធ​សភា​លេខ ១៨១ ចុះ​ថ្ងៃទី ៣ ខែ មេសា​។ ប្រតិ​ទិន​បញ្ជាក់​ថា លោក Murphy នៃ​រដ្ឋ Vermont ​នឹង​ត្រូវ​ «ធ្វើ​ជា​ឯកអគ្គរដ្ឋ​ទូត​វិសាម​ញ្ញនិង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក​​​ប្រចាំ​កម្ពុជា»។

យោង​តាម​ក្រសួង​ការ​បរទេស​អា​មេ​​រិក ​លោក Murphy ពីមុន​ធ្លាប់​បម្រើ​​កិច្ចការ​ជាអនុ​ប្រធាន​បេស​ក​កម្ម និង​ភារ​ធារី​នៅ​ប្រទេស​ថៃ (២០១៣-២០១៦) និង​ប្រទេស​ឡេសូតូ (២០​០៦-២០០៨)។ លោក​ធ្លាប់​ធ្វើ​ជា​អ្នក​តំណាង​ពិសេស​សម្រាប់​ប្រទេស ភូមា ជា​នាយកនិង​នាយក​រង​នៃ​ការិយា​ល័​យ​ប្រចាំ​តំបន់​​អាស៊ីអាគ្នេយ៍​ដីគោក ទីប្រឹ​ក្សា​នយោ​​បាយ​សម្រាប់​ក្រុម​ការងារ​ប្រទេស​ ហៃទី និង​មន្រ្តី​ព័ត៌​មាន​សម្រាប់​ភូមា និង​ឡាវ។

អ្នក​​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​ ផៃ ស៊ីផាន ​ថ្លែង​ថា​ ជា​គោលការណ៍​អន្តរ​ជាតិ តួនាទី​របស់​ឯកអគ្គ​រដ្ឋ​​ទូត គឺត្រូវ​ពង្រឹង​ទំនាក់​ទំនងនិង​កិច្ច​​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​ជាម្ចាស់ ប្រកប​ដោយ​វិជ្ជាជីវៈ។

លោក​ ស៊ី​ផាន​ ថ្លែង​ថា៖ «ប្រសិន​បើ​ឯក​អគ្គរដ្ឋ​​ទូត​រូប​ហ្នឹង​ ប្រចាំ​ទីនេះ​ នៅលើ​ក​របៀប​វារៈ​នយោបាយ​ ដើម្បី​បង្ក​បញ្ហា នោះ​ជា​អ្វី​ដែល​យើង​មិន​រំពឹង​ទុក​នឹង​ឃើញ​ទេ​។ អ្វី​ដែល​យើង​មិន​ចង់ គឺការជ្រៀត​ជ្រែក​ណា​មួយ ​នៅ​ក្នុង​កិច្ចការ​របស់​កម្ពុជា​ដែល​ជា​ប្រទេស​ឯករាជ្យ»។

លោក មាជ​ សុវណ្ណារ៉ា ជា​សមា​ជិក ​១​ រូប ​នៃ​អតីត​គណ​​បក្ស​សង្គ្រោះជា​តិ ដែល​ទទួល​បាន​សញ្ជាតិ​​អាមេ​រិក​ផង​​ដែរ​នោះ​បាន​ថ្លែង​ថា តាមលោកដឹង​ព្រឹទ្ធ​សភា​អាមេរិក​ ត្រូវ​ការ​​សំឡេង​ចំនួន​ ៥០​ បូក​ ១ ​ដើម្បី​អនុម័ត​ការ​តែង​តាំង​លោក Murphy។

លោក សុវណ្ណារ៉ា​ ​ថ្លែង​ថា លោក Murphy នឹង​ក្លាយ​​ជាឯក​អគ្គរដ្ឋ​​ទូត​បន្ទាប់​របស់​សហ​រដ្ឋ​អាមេ​រិក​ប្រចាំ​កម្ពុជា ព្រោះ​ សមា​ជិក​ព្រឹទ្ធ​សភា​ នៃ​គណបក្ស​សាធា​រណ​រដ្ឋ​របស់​លោក ត្រាំ មាន​សំឡេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធ​សភា​។ ​លោក​សុវណ្ណា​រ៉ាបន្ថែ​ម​ថា ការ​ប្រកា​ស​​តែង​តាំង​ឯក​អគ្គ​រដ្ឋ​​ទូត​ថ្មី ជា​ទូទៅ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចំថ្ងៃ​ទិវា​ឯក​រាជ្យ​សហរដ្ឋ​អាមេរិក​នាថ្ងៃ​ទី ៤ ខែ​ កក្កដា។

លោក កេត សោផាន់ ​អ្នក​នាំពាក្យ​ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការអន្តរ​ជាតិ​ថ្លែង​ថា ជា​ដំណើរ​ការ ប្រទេស​ កម្ពុជា​ គួរ​តែ​បាន​ទទួល​ព័ត៌មា​ន​ពីរ​បី​ខែ មុន​ពេល​ដំណើរ​ការ​អនុម័ត​ចា​ប់​ផ្តើម​នៅ​ក្នុង​រដ្ឋដែល បញ្ជូនឯក​អគ្គរដ្ឋ​ទូត​មក​។ ក៏ប៉ុន្តែ​លោក​ សុផាន់ ​ថ្លែង​ថា គិត​មក​ត្រឹម​ពេល​នេះក្រសួង​ការ​បរទេ​ស ​មិន​បាន​ទទួល​ព័ត៌មាន​អំពីការ​តែង​តាំ​ង​ឯក​អគ្គរដ្ឋ​​សហរដ្ឋ​អាមេរិក​ថ្មី​នេះ​ទេ។

លោក សូ ចន្ថា សាស្រ្តា​ចារ្យផ្នែក​វិ​ទ្យាសា​ស្រ្ត​នយោ​បាយ យល់​ឃើញ​ថា លោក​ Patrick Murphy បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ ​ចំពោះ​មុខ​ព្រឹទ្ធ​សភា​អាមេរិក​។ ដូច្នេះ ជំហរ​រឹង​មាំ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​កម្ពុជា​ ស្តីពី​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស គឺជា​អាទិភាព​របស់​លោក​ Murphy។

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ ស្ថាន​ទូត​សហរដ្ឋ​អាមេ​រិក និង​ចិន​ប្រចាំ​កម្ពុជា ​បាន​ជះ​ទឹក​ដាក់​គ្នា ជុំវិញ​រឿង​​រដ្ឋ​ប្រហារ​​ឆ្នាំ​ ១៩៧០ ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ​ លន់ នល់ ដើម្បី​ផ្តួលរំ​លំ​រដ្ឋា​ភិបាល​របស់សម្តេច​ឪ​ នរោត្តម សី​ហនុ​។ ស្ថាន​ទូត​អាមេរិក​បាន​ឲ្យដឹង​ថា ខ្លួ​នពុំ​បាន​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​នោះ​ទេ ផ្ទុយ​​ទៅ​វិញ​ស្ថាន​ទូត​ចិន​ថា ទីភ្នាក់​​ងារ​ស៊ើប​ការណ៍​កណ្តាល (CIA) អា​មេរិក បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។

លោក ចន្ថា​ បន្ត​ថា​៖ «សហរដ្ឋ​អាមេ​រិក ​អាច​នឹង​គិត​ថា នរណា​ជា​ឯកអគ្គ​រដ្ឋ​​ទូត​ដ៏ស័ក្តិ​សម​ប្រចាំ​កម្ពុជា ចាប់​តាំង​ពីទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ នេះបាន​តាន​តឹងហើយ​ប្រទេ​ស​ កម្ពុ​ជា​ ក៏ជា​ចំណុច​ក្តៅ សម្រាប់​ការ​ប្រកួត​ប្រជែ​ង​ភូមិ​សាស្រ្ត​នយោបា​យ រវាង​សហ​រដ្ឋ​អាមេ​រិក និង​ចិន​ផង​ដែរ។ ដូច្នេះ​ អ្នក​កាទូត​ឯក​ទេស​ខ្លាំង​ជាត​ម្រូវការ​ចាំបាច់»។

អ្នក​វិភាគ​នយោ​បាយ លោក​ ឡៅ ម៉ុង​ហៃ មាន​យោប​ល់​ថា ចា​ប់តាំ​ង​ពី​ការ​បង្កើត​ទំនាក់​ទំនង​កាទូត​ រវាង​កម្ពុជា និង​សហរ​ដ្ឋអា​មេរិក មិន​មាន​ករណី​ដែល​ឯកអគ្គរដ្ឋ​​ទូត​សហរដ្ឋ​អាមេ​រិក​ មាន​ពេល​លំបាក​ក្នុងប្រទេស​ កម្ពុជា​ ទេ លើក​លែង​តែពីរ​បី​ឆ្នាំ​មុន​ពេល​​កាត់​ផ្តាច់​ទំនាក់​ទំនង​ទាំង​នោះនា​ឆ្នាំ ១៩​៦​៥ ហើយ​អំឡុង​ពេល សង្រ្គាម​វៀត​ណាម​ ទៅ​ក្នុង​កម្ពុជា​នាឆ្នាំ​ ១៩៧០​ ដែល​នាំ​ឲ្យ​មាន​ការ​ផ្តួល​រំលំ​​របប​ លន់ នល់ ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ដោយ​ ប៉ុល ពត ​នៅ​ឆ្នាំ ១៩៧៥។

លោក ម៉ុងហៃ ​បន្ថែម​ថា ទាក់ទ​ង​នឹង​​មហា​អំណាច​ទាំង ២ ដែល​ប្រើ​ប្រាស់​កម្ពុជា​ជា​សមរ​ភូមិ​សម្រាប់​សង្រ្គាម​ពាក្យ​សម្តី​របស់ពួក​គេ រដ្ឋា​​ភិបាល​នៃ​ប្រទេស​កម្ពុជាដែល​មាន​​អធិប​តេយ្យ និង​ឯក​រាជ្យ​ពិត​ប្រាកដ អាចឬ​​គួ​រតែ​កោះ​ហៅ​ឯក​អគ្គ​រាជ​ទូត និង​ភារធារី​ទាំង​​ ២ ​ប្រទេស​នេះ​ប្រចាំ​ភ្នំពេញ​ដើម្បី​ជំរុញ​ពួកគេ​ឲ្យ​បញ្ចប់ សង្រ្គាម​ពាក្យ​សម្តី​នេះ៕