ភ្នំពេញៈ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សម្តែង​ភាព​រីករាយ​យ៉ាង​ក្រៃលែង និង​បានចាត់ទុក​កម្ពុជា​ជា​ប្រទេស​ដែល​មាន​វប្បធម៌​ដ៏អស្ចារ្យ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវ​មកកាន់​តំណែង​ជា​ឯក​អគ្គរាជទូត​ជប៉ុន​ជំនួស លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (Hidehisa Horinouchi) ដែល​ផុត​អាណត្តិ​។

តាមរយៈ​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែងថា លោក​មាន​កិត្តិយស និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​មក​ធ្វើ​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន និង​ជា​ប្រទេស​ដែលមាន​វប្បធម៌​ដ៏អស្ចារ្យ​។ លោក​បន្តថា​៖ «​ខ្ញុំ​ទន្ទឹង​រង់ចាំ​ជួប​ជាមួយ​លោក លោកស្រី ក្មួយៗ និង​ទស្សនា​ទីកន្លែង​នានា​នៅ​ប្រទេស​កម្ពុជា​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ស្វាគមន៍​ការ​មកដល់​របស់​ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​រូបនេះ ហើយ​វា​ជា​ប្រពៃណី និង​ជា​ប្រវត្តិសាស្ត្រ​ដែល​លោក​ថា កម្ពុជា និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ លោក​បន្ថែមថា​៖ «​ពី​ ១ ​អាណត្តិ​ទៅ​ ១ ​អាណត្តិ​របស់​ទូត​នីមួយៗ​តែងតែ​បន្ថែម​នូវ​គុណភាព បន្ថែម​នូវ​អត្ថន័យ​នៃ​ការពង្រឹង​នូវ​ទំនាក់ទំនង​ល្អ​កម្ពុជា​-​ជប៉ុន ក៏ដូចជា​រាល់​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ ២ ​នេះ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ទំនាក់ទំនង​កម្ពុជា-ជប៉ុន​នៅតែ​ល្អប្រសើរ និង​យល់ចិត្ត​គ្នា ហើយ​នយោបាយ​ការបរទេស​ជប៉ុន​ក៏​មិន​ផ្លាស់ប្តូ​រដែរ ទោះបី​មាន​ការផ្លាស់ប្តូរ​ឯកអគ្គរាជទូត​ក៏ដោយ ពីព្រោះ​វា​ជា​នយោបាយ​ការបរទេស​របស់​ជប៉ុន​ផង និង​ជា​ឥរិយាបថ​ការទូត​របស់​ប្រទេស​ជប៉ុន​ផងដែរ​ចំពោះ​បណ្តា​ប្រទេស​ផ្សេងៗ​។

លោក គិន ភា បាន​បន្ថែមថា​៖ «​យើង​ឃើញ​សារ​ដែល​គាត់​មក​ដល់​ភ្លាម​ហ្នឹង គឺ​គាត់​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ប្រទេស​កម្ពុជា​នៅក្នុង​បណ្តាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ (​ជប៉ុន​)​។ គឺជា​សារ​ដែល​ប្រកបដោយ​ការលើកទឹកចិត្ត​។ គឺមាន​ន័យ​ជា​សារ​ដែល​មាន​កម្លាំង​ជំរុញ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ ២ កម្ពុជា-ជប៉ុន​»​។

លោក គិន ភា បាន​ថ្លែង​ទៀត​ថា ប្រវត្តិ​នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន​គឺ​ឃើញ​មាន​ភាព​ផ្អែមល្ហែម និង​មាន​ទិដ្ឋភាព​វិជ្ជមាន​ច្រើន​។ ទិដ្ឋភាព​អវិជ្ជមាន​ដូចជា​មិនសូវ​ឃើញ​មាន​នៅក្នុង​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​នោះ​ទេ​។

ចំណែក​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ក៏​យល់ឃើញ​ស្រដៀង​គ្នា​នេះ​ផងដែរ​ថា ទំនាក់ទំនង​កម្ពុជា-ជប៉ុន មាន​ភាពល្អប្រសើរ​ជាមួយ​គ្នា​ច្រើន​មកហើយ បើទោះបី​ជា​មាន​ការតែងតាំង​ឯកអគ្គរាជទូត​ថ្មី​ក៏ដោយ ក៏​មិន​ប៉ះពាល់​អ្វី​ទៅ​លើ​នយោបាយ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន​នោះដែរ​។

លោក​បាន​ថ្លែងថា​៖ «​ឯកអគ្គរាជទូត គាត់​មិនមែន​ជា​អ្នកសម្រេច​ចិត្ត​ទៅលើ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ទេ​។ គឺ​នៅលើ​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ជប៉ុន និង​ទៅ​លើ​រដ្ឋមន្ត្រី​ការបរទេស​ទេ​។ អ៊ីចឹង​កិច្ចការ​នេះ ខ្ញុំ​គិតថា​នយោបាយ​ការបរទេស​កម្ពុជា-ជប៉ុន នៅតែ​រក្សា​បាន​ល្អ​កាន់តែ​ល្អ​ឡើង​ទេ​។ មិន​មាន​បញ្ហា​អ្វី​ទេ​»៕