ភ្នំពេញៈ លោក Eldeen Husaini ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​រំពឹងថា សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កម្ពុជា​អាច​កើតឡើង​ឆ្នាំក្រោយ ហើយ​វគ្គ​សិក្សា​យោធា​ក្រោម​កម្មវិធី​កិច្ចសហប្រតិបត្តិការ ការពារជាតិ​ម៉ាឡេស៊ី (MDCP) អាច​ត្រូវបាន​នាំមក​ផ្ទាល់​ដល់​សិក្ខាកាម​កម្ពុជា​។

លោក Eldeen Husaini បានបង្ហាញ​ពី​ផែនការ​នេះ​អំឡុងពេល​ជួបជុំ​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ​អតីត​និស្សិត និង​អ្នកចូលរួម​មកពី​កម្ពុជា​ដែល​ទៅ​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​យោធា​ក្រោម​កម្មវិធី MDCP នៅ​ប្រទេស​ម៉ាឡេស៊ី​។ កម្មវិធី​នេះ​នឹង​បន្ត​ផ្តល់​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ បច្ចុប្បន្ន​នេះ កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ ២ ​ពិតជា​ល្អ​ណាស់​។ ប៉ុន្តែ​មានរឿង​ច្រើន​ត្រូវ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​។

លោក​ថ្លែង​បន្ទាប់ពី​ជជែក​ជាមួយ​ឧត្តមសេនីយ៍​យោធា​កម្ពុជា​ថា​៖ «​ទោះបី​មាន​កិច្ចសហការ​ប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ឃើញ​សក្តានុពល​សម្រាប់​ធ្វើឲ្យ​យើង​រីកចម្រើន​កាន់តែ​ប្រសើរ​ទៀត​។ នៅពេល​នេះ​យើង​មាន​ផែនការ​ផ្តល់​វគ្គ​សិក្សា​បន្ថែម ហើយ​យើង​ក៏បាន​រៀបចំ​ផែនការ ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កម្ពុជា​។ ខ្ញុំ​នឹង​ស្នើឲ្យ​មាន​សមយុទ្ធ​នេះ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​លោក​ឧត្តមសេនីយ៍​បាន​ណែនាំ​ខ្ញុំ​ថា យើង​ត្រូវ​ធ្វើយ៉ាងណា​»​។ លោក​បន្តថា​៖ «​សមយុទ្ធ​យោធា​ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​កើតឡើង​នៅ​កម្ពុជា ឬ​ក៏​អាច​នឹង​ធ្វើឡើង​នៅ​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ក្រោយ​ដោយ​អាស្រ័យ​លើ​ការពិភាក្សា​គ្នា​។ អ្វីដែល​យើង​បាន​រៀបចំ​ផែនការ​រួចហើយ​គឺថា យើង​នឹង​នាំ​គ្រូ​បណ្តុះបណ្តាល​របស់​យើង​ទៅ​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​វគ្គសិក្សា​នៅ​កម្ពុជា​។ យោធា​អាចមក​ស្ថានទូត​របស់​យើង ហើយ​យើង​អាច​រៀបចំ​ការសិក្សា​នេះ​ឲ្យ​»​។

លោក Eldeen Husaini បន្ថែមថា វគ្គ​សិក្សា​ក្រោម​កម្មវិធី MDCP ត្រូវបាន​ផ្តល់​ឲ្យ​យោធា​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ២០០២ មក​។ អំឡុង​ពេលនោះ​យោធា​កម្ពុជា​ចំនួន​​ ១៣៨ រូប​បាន​ទៅ​ទទួល​ការបណ្តុះបណ្តាល​នៅ​ម៉ាឡេស៊ី​។ ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា អំឡុងពេល​សិក្សា​នៅ​ម៉ាឡេស៊ី​។ ដូច្នេះ​ហើយ​បានជា​លោក​គិត​អំពី​ការផ្តល់​វគ្គ​សិក្សា​នៅ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​។

វរសេនីយ៍ឯក ស៊ុន ចំរើន ជា​សមាជិក​យោធា នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ចំណាយពេល​ ២ ​ឆ្នាំ​គឺ ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៧ ដើម្បី​រៀន​វគ្គ​សិក្សា​ផ្នែក​វិស័យ​ការពារ​។ គាត់​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី​ដែល​ធ្វើឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​នេះ​។

លោក​ថ្លែងថា​៖ «​វគ្គ​នេះ​បាន​ផ្តល់​ចំណេះដឹង​ដល់​ខ្ញុំ​ផ្នែក​ការទូត និង​កិច្ចប្រតិបតិ្តការ​ផ្នែក​យោធា​រវាង អនុព័ន្ធ​យោធា​នៅ​ស្ថានទូត​នីមួយៗ​។ វគ្គ​នេះ​បាន​បង្រៀន​ខ្ញុំ​អំពី​អ្វី​ដែលជា​វិស័យ​ការពារជាតិ​ និង​អ្វីដែល​ប្រទេស​នីមួយៗ​ត្រូវ​ធ្វើ​ដើម្បី​រក្សា​សន្តិភាព​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយទៀត​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើងថា វា​ជា​គំនិត​ផ្តួចផ្តើម​ដ៏ល្អ​មួយ​ដែល​ទូត​ម៉ាឡេស៊ី ស្នើឲ្យ​មាន​សមយុទ្ធ​យោធា​រវាង​ម៉ាឡេស៊ី និង​កម្ពុជា​។ «​ខណៈ​កម្ពុជា និង​ម៉ាឡេស៊ី ជា​សមាជិក​អាស៊ាន​ដូចគ្នា សមយុទ្ធ​យោធា​រួមគ្នា​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ដ៏ល្អ​ក្នុង​សន្តិសុខ​តំបន់ និង​សន្តិសុខ​ទេ្វភាគី​រវាង​ប្រជាជាតិ​ទាំង​ ២​។ សមយុទ្ធ​យោធា​រួមគ្នា​អាច​ជួយ​ធ្វើឲ្យ​ប្រទេស​ទាំង​ ២ ​ទទួល​បាន​នូវ​ឧតុ្តមានុវត្តន៍​ពីគ្នា​ទៅវិញទៅមក​នៅក្នុង​ការងារ​សន្តិសុខ​ជាតិ​»​។ លោក​ថា កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រជាជាតិ​ទាំង​ ២ ​មាន​កម្រិត​មធ្យម​នាពេល​បច្ចុប្បន្ន​នេះ​។

អំឡុងពេល​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ាហាធៀ ម៉ូហាម៉ាដ មក​កម្ពុជា​នា​ខែកញ្ញា ឆ្នាំ​មុន​ប្រជាជាតិ​ទាំង​ ២ ​បាន​ទទួល​ស្គាល់​ថា កិច្ចសហប្រតិបត្តិការ​ផ្នែក​វិស័យ​ការពារជាតិ​ត្រូវ​ការពង្រឹង​បន្ថែម​ទៀត​តាមរយៈ​ការបណ្តុះបណ្តាល និង​ចែករំលែក​ព័ត៌មាន​។

សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​ដែល​បានចេញ​កាលពី​ពេល​នោះបាន​ឲ្យ​ដឹងថា មេដឹកនាំ​ប្រទេស​ទាំង​ ២ ​បាន​លើក​ទឹកចិត្ត​មន្ត្រី​របស់ខ្លួន​ឲ្យ​ស្វែងរក​វិធី​ថ្មីៗ ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​នេះ​។ ការសម្របសម្រួល​កាន់តែ​ប្រសើរ​ក្នុង​លក្ខខណ្ឌ​សន្តិសុខ​ត្រូវតែ​បង្កើតឲ្យ​មាន​ឡើង​រវាង​ប្រទេស​ទាំងពីរ​។ ​

សេចក្តី​ថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ក៏បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការណ៍​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​ទាំង​ ២ ​នេះ ជាពិសេស​ការរក្សា​សន្តិសុខ​ និង​ស្ថិរភាព​លើ​បញ្ហា​ប្រឈម​សន្តិសុខ និង​ការគំរាមកំហែង​នៅក្នុង​តំបន់​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​បណ្តា​ប្រទេស​ទាំងអស់​ដែល​មាន​បំណង​ចង់​មក​ធ្វើ​សមយុទ្ធ​​ជាមួយ​យោធា​កម្ពុជា​៕