ភ្នំពេញៈ ឱសថក្លែងក្លាយជិត ២ តោនដែលអាជ្ញាធររឹបអូសបាននៅព្រំដែនកម្ពុជា‑ថៃក្នុងខេត្តបន្ទាយមានជ័យតាំងពីឆ្នាំ ២០១១ មកនោះត្រូវបានដុតកម្ទេចចោលកាលម្សិលមិញដោយមានលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានចូលរួមជាអធិបតីនៅឯពិធីដុតគំនរឱសថក្លែងក្លាយក្នុងសង្កាត់ជើងឯកខណ្ឌដង្កោជាយរាជធានីភ្នំពេញ។
លោក មៀច សុផាណា អនុរដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយបានថ្លែងថា៖ «យើងបានរក្សាទុកជាភ័ស្តុតាងរយៈពេល ៥ ឆ្នាំ»។ «ប្រភេទឱសថក្លែងក្លាយទាំងនេះគឺជាគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សង្គម និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនប្រសិនបើធ្លាក់ទៅក្នុងដៃពួកធ្វើអាជីវកម្មខុសច្បាប់»។
លោកថ្លែងថា ឱសថក្លែងក្លាយទាំងនេះត្រូវបាននាំចូលមកកម្ពុជាខុសច្បាប់កាលថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១១ និងត្រូវបានរឹបអូសដោយអាជ្ញាធរមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ។
លោក សុផាណា បានបន្តថា៖ «ការបំផ្លាញឱសថក្លែងក្លាយទាំងនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលក្នុងការបង្ក្រាបទៅលើផលិតផលក្លែងក្លាយដើម្បីធ្វើឲ្យសុខុមាលភាពរបស់ប្រជាជនកម្ពុជាប្រសើរឡើង»។
លោកបានបន្តទៀតថាការស្រាវជ្រាវដោយអង្គការអន្តរជាតិបានរកឃើញថាអាជីវកម្មនៃផលិតផលក្លែងក្លាយដូចជា បារី ស្រា និងឱសថ គឺចំណូលខ្ពស់រហូតដល់ ៤៣ ទៅ ៣០០ ដងបើប្រៀបធៀបនឹងផលិតកម្មអាជីវកម្មខុសច្បាប់ដទៃៗទៀត។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក វឌ្ឍានា ក៏បានអំពាវនាវផងដែរឲ្យមានការប្រុងប្រយ័ត្នជាងមុន និងត្រូវមានវេជ្ជបញ្ជាដោយគ្រូពេទ្យដើម្បីចៀសវាងការស្លាប់ដោយសារប្រតិកម្មថ្នាំដូចជាការកើតមានឡើងនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក វង្សវឌ្ឍានា បានបន្តថា៖ «ចំនួនឱសថផុតកាលបរិច្ឆេទកំណត់នៅតែមានលក់តាមទីផ្សារប្រសិនបើផុតកំណត់មួយខែវាមិនធ្ងន់ធ្ងរទេប៉ុន្តែបើផុតកំណត់ជាងមួយឆ្នាំហើយយើងនៅតែប្រើប្រាស់វាដំបូងវាមិនប៉ះពាល់ទេប៉ុន្តែក្រោយមកវានឹងធ្វើឲ្យយើងមានជំងឺផ្សេងៗ»។ «យើងមិនត្រឹមតែបំផ្លាញឱសថផុតកាលបរិច្ឆេទកំណត់ និងឱសថក្លែងក្លាយទេប៉ុន្តែយើងក៏ត្រូវតែអប់រំប្រជាជនផងដែរដោយសារវាជាបញ្ហាសង្គម»។
លោកបានបញ្ជាក់ថាតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថអ្នករត់ពន្ធឱសថក្លែងក្លាយនឹងអាចត្រូវដាក់ពន្ធនាគារពី ៥ ឆ្នាំដល់ ១០ ឆ្នាំ និងពិន័យពី ២០ ទៅ ៥០ លានរៀល (ប្រហែល ៥០០០ ដុល្លារអាមេរិកទៅ ១២៥០០ ដុល្លារអាមេរិក)។
លោក វឌ្ឍានា បានបន្តថា៖ «តាមមាត្រា ១២ នៃច្បាប់ស្តីពីការគ្រប់គ្រងឱសថយើងកំពុងពិចារណាលើការកែប្រែការផាកពិន័យ និងការដាក់ពន្ធនាគារឲ្យធ្ងន់ធ្ងរជាងមុនដើម្បីចៀសវាងគ្រោះមហន្តរាយដោយផលិតកម្មក្លែងក្លាយ»។
លោក លី សុវណ្ណ អ្នកនាំពាក្យនៅក្រសួងសុខាភិបាលបានថ្លែងថាលោកមិនប្រាកដទេថាតើស្ថានភាពឱសថក្លែងក្លាយនៅតែមានក្នុងទីផ្សារឬអត់នោះទេ។
លោក សុវណ្ណ បានថ្លែងបន្តថា៖ «ខ្ញុំមិនដឹងថាតើឱសថក្លែងក្លាយត្រូវគ្រប់គ្រងបានយ៉ាងល្អឬអត់នោះទេពីព្រោះខ្ញុំមិនមានរបាយការណ៍។ ទោះបីយ៉ាងណាក្តីខ្ញុំគិតថាក្រសួងបានធ្វើការងារប្រសើរជាងមុនក្នុងការបង្ក្រាបឱសថក្លែងក្លាយ»៕ PS