ភ្នំពេញៈ រយៈពេល​ ១០ ​ខែ​នៃ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​កើតឡើង​ចំនួន​ ២១ ​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២ ​នាក់​ និង​របួស​ចំនួន​ ៨ ​នាក់ ​ដែល​តួលេខ​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន គ្រោះថ្នាក់​កើនឡើង​ចំនួន​ ៣ ​លើក​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

លោក​ ហេង ចាន់ធារី ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ដែល​បាន​កើតឡើង​នេះ គឺ​បង្កឡើង​ដោយ​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន គ្មាន​ភ្លើង​បំភ្លឺ​ពេលយប់ កត្តា​សុខភាព និង​កត្តា​អាកាសធាតុ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​គិតពី​ខែ​វិចិ្ឆកា ឆ្នាំ​ ២០១៩ ដល់​ខែកញ្ញា ឆ្នាំ​ ២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​កើតឡើង​ចំនួន​ ២១ ​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២ ​នាក់​ (​ស្រី​ ១ ​នាក់​) របួស​ស្រាល​ចំនួន​ ៧ ​នាក់​ (​ស្រី​ ៣ ​នាក់​) និង​របួសធ្ងន់​ចំនួន​ ១ ​នាក់​ (​ប្រុស​)​។ ប្រៀបធៀប​ឆ្នាំ​ ២០១៩ គ្រោះថ្នាក់​កើនឡើង​ចំនួន​ ៣ ​លើក​»​។

បើ​តាម​លោក ចាន់ធារី ដើម្បី​ចូលរួម​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក៏​កំពុង​បើក​វគ្គ​បំប៉ន​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មកពី​រាជធានី​ខេត្ដ​ចំនួន​ ១៧ ដែល​មាន​ភូមិសាស្ដ្រ​ជាប់​ផ្លូវទឹក​ផងដែរ​។ វគ្គ​បំប៉ន​ជំនាញ​នេះ​មាន​រយៈពេល​ ៥ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា ឆ្នាំនេះ​។

លោក​បន្តថា តាមរយៈ​វគ្គបណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​សរុប​ចំនួន​ ៥០ ​នាក់​មកពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​អង្គភាព​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ទាំង​ ១៧ ​រាជធានី​-​ខេត្ត​ដែល​មាន​ភូមិសាស្ដ្រ​ជាប់​ផ្លូវទឹក​។

លោក​ ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​បាន​លើកឡើង​ក្នុង​ពេល​ធ្វើជា​អធិបតី​បើក​វគ្គបណ្ដុះបណ្ដាល​ជំនាញ​ដល់​ចរាចរណ៍​ផ្លូវទឹក​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា​នេះ​នៅ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ថា​៖ «​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​មាន​ជំនាញ​បច្ចេកទេស និង​ចំណេះដឹង​ផ្នែក​ច្បាប់​»​។

លោក​បាន​បន្តថា តាមរយៈ​វគ្គបណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ស្រប​ទៅ​តាម​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៨ គឺ​ ១ សុវត្ថិភាព​នាវាចរណ៍ គ្រោះថ្នាក់​នាវាចរណ៍​។ ២ វិធាន​អន្តរជាតិ​ស្តីពី​ការបង្ការ​ប៉ះទង្គិច​នៅ​សមុទ្រ​។ ៣ ការប្រើ​ទង់​សញ្ញា​អន្តរជាតិ​ ឬ​ទង់ជាតិ​។ ៤ ការធ្វើ​នាវាចរណ៍​។ ៥ ការឆ្លើយតប​នឹង​គ្រោះអាសន្ន​នៅលើ​នាវា​។ ៦ បច្ចេកទេស​បើកបរ​នាវា​។ ៧ ភូមិសាស្ត្រ​ផ្លូវទឹក​ក្នុង​ព្រះរាជាណាចក្រ កម្ពុជា និង​ ៨ ​សញ្ញា​ជំនួយ​នាវា​។

លោក​ ហ៊ឹម យ៉ាន បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​ក្នុង​ពេល​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការសិក្សា និង​ត្រូវយក​ចំណេះដឹង​ទាំងនេះ​ទៅ​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី​ផ្សេងទៀត​ក្នុង​អង្គភាព​ជំនាញ ដើម្បី​ជា​មូលដ្ឋាន​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ក្នុងភូមិ​សាស្ត្រ​រាជធានី ឬ​ខេត្ត​របស់​ខ្លួន​៕