ភ្នំពេញៈ រយៈពេល​ ១០ ​ខែ​ឆ្នាំ​នេះ ជនរងគ្រោះ​ស្លាប់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ ៤១ ​ករណី​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ ៥៥ ​នាក់​។ តួលេខ​នេះ​មាន​ការថយចុះ បើ​ធៀប​កាលពី​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នា មាន​គ្រោះថ្នាក់​កើតឡើង​ ៤៨ ​ករណី​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ចំនួន​ ៧១ ​នាក់​។ នេះ​បើ​តាម​របាយការណ៍​អាជ្ញាធរមីន​ពី​ម្សិលមិញ​។

ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១ របស់​អាជ្ញាធរ​មីន​នៅ​ខេត្ត​សៀមរាប​ពី​ម្សិលមិញ លោក​ លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​តំណាង​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ប្រធាន​អាជ្ញាធរមីន​ថ្លែង​ថា អត្រា​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ ៤១ ​ករណី​ (​ដោយសារ​មីន​ ២៣ ​ករណី សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ១៨ ​ករណី​) ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ ៥៥ ​នាក់​ (​ស្លាប់​ ១៦ ​នាក់ របួស ២៩ ​នាក់ ពិការ​អវយវៈ​ ១០ ​នាក់​)​។

លោក​បញ្ជាក់ថា​៖ «​ជនរងគ្រោះ​ជា​បុរស​មាន​ ៣៤ ​នាក់ ក្មេងប្រុស​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ១៥ ​នាក់ និង​ស្ត្រី ៣ ​នាក់ និង​ក្មេងស្រី​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ ៣ ​នាក់​»​។

តាម​ការបង្ហាញ​លទ្ធផល​របស់លោក​ លី ធុជ ពី​ម្សិលមិញ​គឺ​ក្នុង​រយៈពេល​ ៣ ​ត្រីមាស​ក្នុង​ឆ្នាំនេះ​បាន​រំដោះ​ផ្ទៃដី ដែល​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ប្រមាណ​ ១០៣.២ គីឡូម៉ែត្រ​ការ៉េ​ (​ចំនួន​ ១០៣.២៣៨.៨៤៦ ​ម៉ែត្រ​ការ៉េ​) ​ដោយ​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ១១ ០២០ ​គ្រាប់​។ គ្រាប់មីន​ប្រឆាំង​យានយន្ត​ ២៤៨ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ៣៥ ៧៧១ ​គ្រាប់​។

លោក​ទេសរដ្ឋមន្ត្រី វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេចបាន​នាពេល​កន្លងមក និង​បាន​ថ្លែង​អរគុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP)​។ អង្គការ​នេះ​បានផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា​តាមរយៈ​ការអនុវត្ត​រួមគ្នា​លើ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ចាប់តាំងពី​ដំណាក់កាល​ទី​ ១ ​រហូត​ដល់​ដំណាក់កាល​ទី​ ៤ ​នេះ​។

លោក​ក៏​អរគុណ​ចំពោះ​ការចូលរួម​ចំណែក​របស់​អង្គការ UNICEF ដែល​បាន​បន្ត​ជួយ​ទៅលើ​ផ្នែក​អប់រំ​គ្រោះថ្នាក់​ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​គម្រោង DFID/Capacity Development តាមរយៈ​អង្គការ NPA ផងដែរ​។

បើ​តាម​លោក​ លី ធុជ ទន្ទឹមនឹង​លទ្ធផល​ដែល​សម្រេចបាន​ខាងលើ​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​នៅ​សេសសល់ និង​មិនទាន់​អាច​ដោះស្រាយ​បាន​ទាំងស្រុង​។ លោក​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អគ្គលេខាធិការដ្ឋាន​នានា​នៃ​អាជ្ញាធរ​មីន​ដោយ​ត្រូវ​បន្ត អនុវត្ត​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ឈាន​ទៅ​សម្រេចបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល និង​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព ឈានឆ្ពោះ​ទៅរក​កម្ពុជា​មួយ​ដែល​គ្មាន​មីន ឆ្នាំ​ ២០២៥ និង​បន្ត​ស្វែងរក​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​បន្តទៀត​។

តាម​របាយការណ៍​ចាប់ពី​ខែ​មករា ដល់ ខែតុលា ក្នុង​ឆ្នាំ​ ២០១៩ តួលេខ​បណ្តោះអាសន្ន​នៃ​ជនរងគ្រោះ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺមាន​ជនរងគ្រោះ​ចំនួន​ ៧១ ​នាក់​ក្នុងនោះ ជនរងគ្រោះ​ស្លាប់​ដោយសារ​មីន​ ១១ ​នាក់ របួស​ ៤៧ ​នាក់ និង​ពិការ​អវយវៈ​ ១៣ ​នាក់​។ ជនរងគ្រោះ​ជា​បុរស​ ៥០ ​នាក់ ក្មេងប្រុស​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ចំនួន​ ១៥ ​នាក់ និង​ស្ត្រី​ចំនួន​ ៦ ​នាក់​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​ចន្លោះ​ឆ្នាំ​ ១៩៩៣-១៩៩៨ គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​សម្លាប់ និង​ធ្វើឱ្យ​រងរបួស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៤ ០០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំៗ​ដែល​ក្លាយ​ជា​ឃាតករ​លេខ​ ១ ​នៅ​កម្ពុជា​»​។

លោក​ រតនា បន្តថា អង្គភាព​ស៊ីម៉ាក់​ជា​កម្លាំង​ស្នូល​នៃ​ការកម្ចាត់​ឃាតករ​នេះ ដែល​ធ្វើឱ្យ​ជនរងគ្រោះ​ធ្លាក់ចុះ​មាន​ចំនួន​តិចជាង​ ១០០ ​នាក់ ក្នុង​ ១ ​ឆ្នាំៗ​ (​ទិន្នន័យ​ឆ្នាំ​ ២០១៩)​។ បច្ចុប្បន្ននេះ ដោយសារ​ភាពរីកចម្រើន​ខាង​មធ្យោបាយ ដឹកជញ្ជូន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ឃាតករ​តាម​ដងផ្លូវ (​ចរាចរណ៍​)​បានក្លាយ​ជា​យមរាជ​លេខ​ ១ ​វិញ​ម្តង ក្នុង​ការឆក់​យក​ជីវិត​ប្រជាជន​កម្ពុជា​៕