ភ្នំពេញៈ ការបង្ក្រាប​ឱសថ​ខុសច្បាប់​ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​នេះ​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​ដែល​ភាគច្រើន​ជា​សម្ភារ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។ នេះ​បើតាម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក​ មៀច សុផាន់ណា​។

ការលើក​ឡើង​នេះ​ធ្វើឡើង​ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​ជាង​ ៥៤០ ​តោន​ ពី​ម្សិលមិញ​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ខណៈ​លោក មៀច សុផាន់ណា ដែល​ក៏​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ចូលរួម​ក្នុង​ពិធី​នោះ​ដោយ​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​។ ក្នុង​ឱកាស​នោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត រិទ្ធ ដែល​ចូលរួម​ជា​អធិបតី​ជំរុញ​ឱ្យ​មាន​ការចុះ​បង្ក្រាប និង​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​។

លោក មៀច សុផាន់ណា ថ្លែងថា ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ដែល​មាន​ចំនួន​ជាង​ ៥៤០ ​តោន​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ ​ជា​ហូរហែ​មក​។ ចំនួន​នេះ​មាន​ការកើនឡើង​ដែល​បង្ហាញ ថា​សមត្ថកិច្ច​បាន​បង្កើន​សកម្មភាព និង​ពង្រឹង​ច្បាប់​យ៉ាង​មមាញឹក​។ ផលិតផល​ចម្រុះ​នេះ​រួមមាន ឱសថ​ខុសច្បាប់​ និង​គ្រឿង​បរិភោគ ឧបភោគ ដោយ​ឈ្មួញ​បាន​នាំចូល​ដោយ​ខុសច្បាប់ ហួស​កាលបរិច្ឆេទ និង​ផលិតផល​ខូចគុណភាព​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ គឺ​យើង​បង្ក្រាប​បាន​ច្រើន គឺ​មាន​ការកើនឡើង​ជាង​បណ្ដា​ឆ្នាំមុនៗ ហើយ​ភាគច្រើន​ជា​សម្ភារ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​សម្រាប់​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ រួមទាំង​អាល់កុល​ក្លែងក្លាយ ជែល​លាងដៃ និង​ម៉ាស់​ក្លែងក្លាយ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​សម្ភារ​ទាំងនេះ​យើង​រឹបអូស​បាន ព្រោះ​សម្ភារ​ទាំងនេះ​គ្មាន​គុណភាព គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ គ្មាន​គុណភាព គ្មាន​ស្ដង់ដា​ត្រឹមត្រូវ​។ អ៊ីចឹង​បូករួម​ទាំង​សម្ភារ​ផ្សេងៗ​ទៀត គឺ​យើង​កត់សម្គាល់​ឃើញថា មាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​»​។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រូបនេះ អ្នកពាក់ព័ន្ធ​សំណុំរឿង​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចំនួន​ ១២ ​ករណី​ បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ និង​មួយចំនួន​ទៀត​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។

រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌​លោក​ កើត រិទ្ធ ថ្លែង​ថា​បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​ផលិតផល​ក្លែងក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈ និង​ជា​អាទិភាព​មួយ​ដ៏សំខាន់​ដែល​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ និង​ទាន់​ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​ការផលិត ការនាំចេញ ការនាំ​ចូល និង​ការចែកចាយ​ឱសថ​ខុសច្បាប់ ឬ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺជា​បទល្មើស​មួយ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ហេតុនេះ​បន្ថែម​លើ​ការដកហូត និង​ការកម្ទេចចោល​ផលិតផល​ទាំងនេះ​គឺ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​ផ្តន្ទាទោស​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​តាមច្បាប់​ជា​ធរមាន​»​។

លើសពី​នេះ​លោក​ កើត រិទ្ធ ព្រមាន​ចំពោះ​អ្នក​នាំចូល​ និង​អ្នក​ចែកចាយ​ផលិតផល​ក្លែងក្លាយ​ត្រូវតែ​ដាក់ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង និង​ត្រឹមត្រូវ​តាម​ប្រភេទ​នៃ​បទល្មើស​ដែល​កំណត់​ក្នុង​ច្បាប់​។ ជាពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង ឱសថ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ដើម្បី​ធានា​ការពារ​សុខភាព​ប្រជាជន​កម្ពុជា​។

តាម​លោក​ សុផាន់ណា សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទាំងអស់​បាន​និង​កំពុង​បន្ត​កិច្ចប្រឹងប្រែង និង​បង្កើន​សកម្មភាព​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព​ទាំងអស់​នៅ​កម្ពុជា​ក្នុង​គោលបំណង​ថែរក្សា ផលប្រយោជន៍​រួម សុខុមាលភាព​សាធារណៈ​ក៏ដូចជា​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ ជាពិសេស​ត្រូវការពារ​អ្នករកស៊ី​សុចរិត​ទៀងត្រង់​ និង​សម្របសម្រួល​ដល់​ការវិនិយោគ​ដោយ​ស្មើភាព​គ្នា​នៅក្នុង​សង្គម​។

កាលពី​ឆ្នាំមុន​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង គឺ​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជាង​ ១០០ ​តោន​ ដែលមាន​ចំនួន​ ១២ ​មុខ​ក្នុង​នោះ​មាន​ថ្នាំពេទ្យ​ក្លែងក្លាយ​ចំនួន ១០៦ ​មុខ ស្មើនឹង​ ៤០០ ​គីឡូក្រាម ទឹក​សុទ្ធ​ជិត ៦៣ ​តោន ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​។ បន្ថែម​លើ​នេះ​មាន​ផលិតផល​សម្បក​កញ្ចប់​បារី បារី​ចម្រុះ​ម៉ាក​ផង​ដែរ​៕

វីដេអូ៖