ភ្នំពេញ: គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​សរុប​ចំនួន ៣ ៣១២ ករណី និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ ២២៨ ​នាក់​ក្នុង​រយៈពេល​ ១១ ​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ខណៈ​លោក ​សៅ សុខា ប្រធាន​គណៈកម្មការ​នេះ​ស្នើ​មន្ត្រី​ជំនាញ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។

របាយការណ៍​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ថ្ងៃទី​ ៨ ខែ​ធ្នូ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាមរយៈ​វីដេអូ​ប្រព័ន្ធ​ហ្សូម​ (ZOOM) ​ជាមួយ​មន្ត្រី​ក្រសួងយុត្តិធម៌ ក្រសួង​រ៉ែ និង​ថាមពល និង​មន្ត្រី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ទាំង ២៥ ​ខេត្ត​/​ក្រុង​។

ក្នុង​កិច្ចប្រជុំ​នោះ​លោក អេង ហ៊ី ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​លេខាធិការ​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ឡើង​អាន​សេចក្តី​ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ប្រតិបត្តិការ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​អនុវត្តតាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​។

លោក អេង ហ៊ី ឱ្យ​ដឹង​ថា ជា​លទ្ធផល​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២០ រដ្ឋបាល​ព្រៃឈើ​បាន​ទប់ស្កាត់ និង​បង្ក្រាបបាន​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ១ ៩២០ ​ករណី​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦៣ ​នាក់ និង​ដកហូត​វត្ថុតាង​ផល អនុផល​ព្រៃឈើ មធ្យោបាយ ឧបករណ៍ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

ចំណែក​កម្លាំង​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បានធ្វើ​ប្រតិបត្តិការ​តាម​បណ្តា​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ​បង្ក្រាប​បាន​ ១ ៣៩២ ​ករណី​ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៦៥ ​នាក់​ និង​រឹបអូស​វត្ថុតាង​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​បរិស្ថាន​រក្សាទុក​។

លោក​បញ្ជាក់​ថា​៖ «​គណៈកម្មការ​ជាតិ​បាន​បន្ត​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត បទបញ្ជា​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ​ក៏ដូចជា​ពង្រឹង​យន្តការ​ថ្នាក់​រាជធានី​-​ខេត្ត ប្រើប្រាស់​កម្លាំង​សរុប​របស់ខ្លួន​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ព្រៃឈើ ការដឹកឈើ ការនាំចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ ការនាំចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​គ្រប់​រូបភាព​»​។

លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ថា អាជ្ញាធរ​ជំនាញ​គួរតែ​រៀបចំ​ច្រកចេញចូល​តែមួយ សម្រាប់​រាជធានី- ខេត្ត​ទាំង​ ២៥ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ទៅលើ​លិខិតស្នាម ចៀសវាង​ការក្លែងបន្លំ​លិខិត​មិន​ត្រឹមត្រូវ​ដោយ​ជនខិលខូច​ក្នុង​ការដឹកជញ្ជូន ឬ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​បំពាន​ច្បាប់​និង ស.ជ.ណ របស់​រាជរដ្ឋាភិបាល​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​ថ្លែង​ពី​ម្សិលមិញ​ថា កន្លងមក​អាជ្ញាធរ​បង្ក្រាប​បានតែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ ប៉ុន្ដែ​ចំពោះ​បុគ្គល​មាន​អំណាច និង​អ្នកមាន​លុយ​ច្រើន​មិន​ត្រូវបាន​បង្ក្រាប ឬ​ចាត់វិធានការ​តាមច្បាប់​ទេ​។ ជាពិសេស​បទល្មើស​ព្រៃឈើ​ធំៗ​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​មិន​ត្រូវ​បាន​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ការអស់សង្ឃឹម​ទៅលើ​គណៈកម្មការ​ជាតិ​ហ្នឹង បើទោះបី​ជា​មិនឃើញ​មាន​តួលេខ​បង្ក្រាប​ច្រើន​ក៏ដោយ គឺ​មានតែ​តួលេខ តែ​គ្មាន​គុណភាព ព្រោះ​បទល្មើស​កន្លងមក​យើង​ឃើញច្បាស់​ហើយ​គឺ​អត់​បាន​កាត់ទោស​ពួកគេ​ទេ អ៊ីចឹង​បញ្ហា​នៅតែ​កើតមាន​ឡើង​ដដែល​។ បើ​ច្បាប់​មិន​ដាក់ទោស​ឧកញ៉ាៗ​ទាំងអស់​ហ្នឹង​ទេ អ្នកផ្សេង​ទៀត​គេ​មើល​មក​ច្បាប់​យើង តើ​គេ​គិត​យ៉ាងណា​ចំពោះ​ការអនុវត្ត​ច្បាប់​យើង​»​។

ប៉ុន្តែ​លោក​ សៅ សុខា បាន​គូសបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ដោយ​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការប្រមូល​ភ័ស្តុតាង ដែល​ទទួល​បាន​ពី​គណៈកម្មការ​ជាតិ ដើម្បី​រក្សា​ទុកជា​ភ័ស្តុតាង​សម្រាប់​តុលាការ និង​ជា​ភ័ស្តុតាង​បង្ហាញជូន​សាធារណជន​ឱ្យ​បាន​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ គឺ​មិនមែន​និយាយ​តែ​ពាក្យសម្តី​ទេ ប៉ុន្ដែ​មាន​ទង្វើ​ជាក់ស្តែង ហើយ​ចារ​ឈ្មោះ​ឧក្រិដ្ឋជន​ព្រៃឈើ ក្រោយពី​តុលាការ​រកឃើញ​ថា ឧក្រិដ្ឋជន​ជនល្មើស​បាន​ប្រព្រឹត្ត​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​។

លោក​បញ្ជាក់ថា​៖ «​សូម​ស្នើ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ដែនដី សូម​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​សូម​ធ្វើការ​ត្រួតពិនិត្យ​ក្រុមហ៊ុន តំបន់​ព្រៃឈើ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​ជាប់​ជាប្រចាំ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​ជាតិ​យើង​»៕