ព្រះសីហនុៈ ជន​សង្ស័យ​ ១១ នាក់​​ត្រូវ​បាន​​សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​​ចាប់​​ឃាត់​ខ្លួន​​បញ្ជូន​ទៅ​តុលាការ ជា​បន្ដ​បន្ទាប់​ក្នុង​អំឡុង​ពេល​ ១ ​សប្ដា​ហ៍​កន្លង​មក​ ហើយ ​៧ ​នាក់​ក្នុង​ចំណោម​ពួកគេ ត្រូវ​បាន​តុលាការ​​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួនខណៈ​ ៤ ​នាក់​ទៀ​ត​​​កំពុង​ធ្វើ​ការ​សាក​សួរ ក្នុង​ករណី​ដឹកនាំ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​បង្គោល​​វាត​យក​ដី​រដ្ឋ​ និង​ដី​ឯកជន។

លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង និង​ជា​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ដ​ព្រះសីហនុបាន​​ឲ្យ​ដឹង​កាល​ពី​​ម្សិល​មិញ​​ថា ជន​សង្ស័យ​ ១១ នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​សៅរ៍​និ​ង​ថ្ងៃ​​អាទិត្យ​ម្សិលមិញ។

លោក​ថា៖​ «ពួកគាត់​សុទ្ធតែ​ពាក់​ព័ន្ធ​នឹង​ករណី​ដីធ្លី ហើយ​ឥឡូវ​​ខ្ញុំ​រុញ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ហើយ ចំណែក​ព័ត៌មាន​មួយ​ចំនួន​ ខ្ញុំ​អត់​អាច​ជម្រាប​ជូន​បាន​ទេ ទុក​ឲ្យ​ការងារ​របស់​ចៅក្រម។ សំណុំរឿងទី ១ ចំពោះ​ករណី ​៧ នាក់ចៅក្រម​សម្រេច​ឃុំខ្លួន​ហើយ ឥឡូវ ​៤ នាក់នេះ កំពុង​តែ​សាក​សួរ»។​

លោក វិចិត្រ ​បញ្ជាក់ថា ជន​សង្ស័យ​ ៧ នាក់​ដែល​បាន​ឃុំខ្លួននោះ គឺពាក់​​ព័ន្ធ​នឹង​អំពើ​ឆបោក អំពើហិង្សា​លើ​អ្នកកាន់កាប់ដីធ្លី ការ​អនុវត្ដ​ខុសវិជ្ជា​​ជីវៈដោយ​យក​ឈ្មោះ​ជាសមាគម​ ទៅ​ឲ្យ​ប្រជាជន​ផ្ដិត​មេដាយ និង​រត់​ការ​ជុំវិញ​ការ​កាត់​វៀល​ដី​ជាដើម​។ «ចំពោះ ៤ នាក់​កំពុ​ង​​ពិចារណាលើ​បទ​ចោ​ទ​ទៅលើ​ហិង្សា​លើ​អ្នក​កាន់​កាប់​អចល​ន​​​វត្ថុ​ដោយ​សុចរិត​ ដោយ​គាត់​ទៅ​ទន្ទ្រាន ដី​ឯកជន​របស់​គេ​អីហ្នឹង​» ។

​លោក ឱ សារឿន អ្នក​នាំ​ពាក្យ​សា​​លា​ខេត្ដ​ព្រះសីហនុ​​ឲ្យ​ដឹង​​ថា បន្ទា​​ប់​ពី​មានពល​រដ្ឋ​រាប់​រយ​នាក់​ បាន​សម្រុក​មក​បោះ​បង្គោល​ព្រំដី​ដ៏អនា​ធិប​តេយ្យ អាជ្ញា​​ធរ​​ខេត្ដ​ បាន​កំណត់​មុខ​សញ្ញា​មេខ្យល់​ និង​បាន​ឃាត់​ខ្លួន​ជាបន្ដ​​បន្ទាប់​។ «សមត្ថកិច្ច​ បា​ន​នាំខ្លួន​អ្នក​ដែ​ល​សង្ស័យ ដែល​នៅពីក្រោយ​រឿង​នេះ​ ហើយ​ក៏បាន​បញ្ជូនទៅ​តុលាការ​ព្រោះ​មាន​តែ​តុលាការទេ ទើប​អាច​វិនិច្ឆ័យ​ធ្វើការ​ដាក់​ទោស​ទណ្ឌ​បាន»។

លោក​ សារឿន​ ​​ឲ្យ​ដឹងថា ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ និង​ពន្យល់​ពី​សំណាក់អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ ក្នុង​រយៈពេល​ជាង ១ សប្ដាហ៍នេះ ប្រជាពលរដ្ឋ​ដែល​សម្រុក​ទៅ​បោះ​បង្គោល​ព្រំដី​បែប​អនាធិប​តេយ្យ​នោះ លែង​មាន​បន្ដ​សកម្មភាព​ទៀត​ហើយ។

ទាក់ទង​នឹង​ករណី​​ផ្ទុះ​ឡើងនូវ​ការទៅ​ចាប់​យក​ដី​បែប​អនា​ធិបតេយ្យ​នេះ កាល​​ពី​ថ្ងៃ​​ទី ១៥ ខែមីនា ឆ្នាំ ​២០​១៩ លោក​ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះយោបល់​​​​ជាមួយ​អង្គការ​សង្គមស៊ីវិល​ចំនួន ១៣ ដែល​​មាន​មូលដ្ឋាន​នៅ​ខេត្ត​​នេះ​ ដើម្បី​​សិក្សា​ស្វែង​យល់​ពី​បញ្ហា​នានា​ជាមួយគ្នា​។ «រដ្ឋបាលខេត្ត​ព្រះ​សីហនុ នឹងធ្វើ​ការជួប​ប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ៦ ខែម្ដង ដើម្បី​​ធ្វើការ​ផ្លាស់ប្ដូរ ក្នុង​ន័យ​ស្ថាបនា អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីក​ចម្រើន​ជា​វិជ្ជមាន​នា​ពេល​ខាង​មុខ»។

នៅ​ក្នុង​ជំនួប​នោះ លោក សុខ​ សុខុម ប្រធាន​អង្គការ CNRO បាន​​លើកឡើង​ពី​បញ្ហា​​មួយចំនួន​ដូចជា សុំឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ ការ​ទន្ទ្រាន​បោះបង្គោល​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ និង​ដីឯកជន ដែល​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់ ការកាប់​បំផ្លាញ​ឈូស​ឆាយ​ព្រៃ​ឧទ្យាន​ជាតិ​រាម និង​ការចាក់ដី​លុប​សមុទ្រ​នៅ​អ៊ូរ​ទូក ស្ថិត​នៅ​ស្រុក​ស្ទឹងហាវ​ជាដើម។

លោក សុខុម បាន​ថ្លែង​បន្ថែម​​ពីម្សិល​មិញ​ថា៖ «រដ្ឋបាល​ខេត្ដ​បាន​ទទួល​យក​ការ​លើ​ក​​ឡើង​រប​ស់​យើង​ទៅ​ពិចារ​ណា​ហើយទាំង​រឿ​​ង​​​ការ​ចាក់​ដី​លុប​សមុទ្រ​ទៅ​ធ្វើ​ជាទ្រព្យ​កម្ម​សិទ្ធិ​របស់​បុគ្គល​មួយ​ចំនួន​»។

លោក​​ថា មេខ្យល់​ដែល​មួយ​ចំនួន​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹក​​ពលរ​ដ្ឋ​ តាម​ឡាន​ក្រុង នាពេល​យប់​មក​ដាក់​នៅ​ខេត្ដ​ព្រះសីហនុ ដើម្បី​ទៅវាតទី​យក​ដី​សាធា​រណៈ​របស់​រដ្ឋ និង​​ដី​ឯកជន។

​ចំណែក​ លោក​ស្រី​ ជៀប សុធារី តំណាង​សមាគម អា​ដ​ហុក ប្រចាំ​ខេត្ដ​ព្រះសីហនុ ក៏បានលើកឡើង​ពី​ការព្រួយបារម្ភ​ ជុំវិញ​វិវាទ​ដីធ្លី​ដែល​កើត​មាន​ឡើង​ និង​មិន​ទាន់​មាន​ដំណោះ​ស្រាយ​រួច​នេះ​ដែរ​។ «ជំនួប​រវាង​រដ្ឋបាល​ខេត្ដ​ ជាមួយ​សង្គម​ស៊ីវិល​នេះ មាន​ផល​ល្អ ដែល​យើង​អាច​លើក​យក​បញ្ហាដែល​រាំង​ស្ទះ​ផ្សេងៗ​ មក​ដាក់​លើតុ​ពិ​ភាក្សា​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​បាន»។

លោក យន្ដ មីន ​បាន​​​ថ្លែង​នៅ​ក្នុង​ជំនួប​ជា​មួយ​អង្គការ​សង្គម​ស៊ី​វិល​នោះ​ថា លោក​ទទួលយក​សំណើ​ដែល​បាន​លើក​ឡើង​ទៅ​​ធ្វើការ​ដោះស្រាយ​។ ​«ដូច្នេះ​យើង​ត្រូវ​រួមគ្នា​បញ្ចេញ​មតិ ​យោបល់​ក្នុងន័យ​ស្ថាបនាដោះ​ស្រា​យ​បញ្ហា​ប្រឈម ការពារ​​សម្បត្តិ​ធនធាន​​ធម្មជាតិ​កុំឲ្យ​បាត់​បង់ ពិសេស​ព្រៃ​កោងកាង»៕