The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ១៤ ខែ​ខ្មែរ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​ ៣២០០ នាក់

១៤ ខែ​ខ្មែរ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​ ៣២០០ នាក់

ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នា​ពេល​កន្លង​មក។
ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នា​ពេល​កន្លង​មក។ រូបថត សហការី

១៤ ខែ​ខ្មែរ​បណ្ដេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាង​ ៣២០០ នាក់

ភ្នំពេញៈ គិត​ចាប់ពី​ការ​ផ្តើម​ដំណើរការ​ជំរឿន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាង ៣ ២០០ ​នាក់​ដែល​មាន​ ៤៦ ​សញ្ជាតិ​ក្នុង​នោះ​ជិត ២៨០០ ​នាក់​ជា​ជនជាតិ​វៀតណាម​ក្នុង​រយៈពេល ១៤ ​ខែ​មក​នេះ ។

តាមរយៈ​របាយការណ៍​បូក​សរុប​ការងារ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​នូវ​ស្ថិតិ​ជនបរទេស​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ដោយ​គិត​ចាប់ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤ រហូត​មក​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ ២០១៥ ដែល​មាន​ដល់​ទៅ​ ៣២២៦ ​នាក់​ក្នុង​នោះ​ស្រី​មាន​ចំនួន ៥៦៧ ​នាក់។ ក្នុង​តារាង​ស្ថិតិ​នេះ​ជនជាតិ​វៀតណាម​ត្រូវ​បាន​គូស​បញ្ជាក់​ថា​មាន​ចំនួន ២៧៩៤ ​នាក់​ក្នុង​នោះ​ស្រី ៥២២ នាក់​ច្រើន​ជាង​គេ​បើ​ធៀប​នឹង​ជន​អន្តោប្រវេសន៍​សញ្ជាតិ​ផ្សេង​ទៀត។

តាម​របាយការណ៍​នេះ​ក្នុង​រយៈពេល​ ៩ ខែ​គិត​ត្រឹម​ដើម​​ឆ្នាំ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា​ឆ្នាំ​ ២០១៥ មាន​ជន​អន្តោប្រវេសន៍​ចំនួន ១៩១៩ នាក់​ក្នុង​នោះ​ជនជាតិ​វៀតណាម​មាន ១ ៧៣៥ ​នាក់​ដែល​មាន​ស្រី ២៧៧ ​នាក់។ ដោយ​ឡែក​ក្នុង​ឆ្នាំ ២០១៤ គិត​ចាប់ពី​ខែ​កក្កដា​ដល់​ខែ​ធ្នូ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​មាន​ ១៣០៧ នាក់ ២៤ ​សញ្ជាតិ​ក្នុង​នោះ ១ ០៥៩ នាក់​ជា​ជនជាតិ​វៀតណាម។

ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​លោក អ៊ុក ហៃសីឡា បាន​ឲ្យ​ដឹង​ថា​ក្រៅពី​ជនជាតិ​វៀតណាម​ក៏​មាន​ជាតិសាសន៍​ផ្សេងៗ​ទៀត​ដូច​ជា ចិន កាមេរូន នីហ្សេរីយ៉ា អង់គ្លេស បារាំង អ៊ីតាលី ​និង​អាមេរិក​ជាដើម។ លោក​ថា៖ «ពួកគេ​ទាំងនោះ​ភាគច្រើន​គឺ​មិន​មាន​លិខិត​ឆ្លងដែន​មិន​មាន​ប័ណ្ណ​ការងារ និង​ស្នាក់នៅ​លើស​ទិដ្ឋាការ​កំណត់»។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក នី ចរិយា បាន​កោត​សរសើរ​ចំពោះ​សមត្ថកិច្ច​ក្នុង​ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឃាត់​ខ្លួន​ជនបរទេស​ខុស​ច្បាប់​នា​រយៈពេល​ចុងក្រោយ​នេះ​បើ​ទោះបី​ជា​តួ​លេខ​នេះ​បាន​បង្ហាញ​ថា​ជន​អន្តោប្រវេសន៍​ច្រើន​កំពុង​ស្នាក់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្ដី។

លោក​ថា៖ «ពី​មុន​យើង​អត់​ដឹង​ថា​មាន​ការ​ចាប់​ខ្លួន ឬ​បណ្តេញ​ចេញ​ច្បាស់លាស់​ទេ​ប៉ុន្តែ​ឥឡូវ​យើង​ឃើញ​មាន​ការ​បញ្ជាក់​បូក​សរុប​ច្បាស់លាស់​តែ​អ្វី​ដែល​ជា​ចម្ងល់​នោះ​តើ​អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​វិញ​ស្រប​តាម​ច្បាប់ នីតិវិធី​ឬ​យ៉ាង​ណា?»។

លោក នី ចរិយា បាន​បន្ថែម​ថា៖ «ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មាន​សារៈសំខាន់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​របស់​ជនបរទេស​ទាំង​នោះ​ផង​ដែរ​ហើយ​តើ​កម្ពុជា​គប្បី​ពិនិត្យ​មើល​លំហូរ​ចូល​នៃ​អន្តោប្រវេសន៍​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​គួរ​បន្តឹង​បែប​ណា?»។

ទោះបី​ជា​យ៉ាង​ណា​លោក ខាត់ សារ៉ាត់ ប្រធាន​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​បាវិត​បាន​ឲ្យ​ដឹង​ថា​តាម​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លោក​បាន​បង្កើន​វិធានការ​រឹត​ត្បិត​សម្រាប់​ជន​បរទេស​ចូល​ក្នុង​កម្ពុជា​ខុស​ច្បាប់​ដោយ​មាន​ប្រសិទ្ធភាព​រហូត​ពី ៨០ ទៅ​ ៩០ ​ភាគរយ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ទប់ស្កាត់​ជា​បន្ត​បន្ទាប់​ពោល​គឺ​ទាល់​តែ​មាន Passport និង​លិខិត​ស្នាម​ត្រឹមត្រូវ​ទើប​អនុញ្ញាត​ឲ្យ​ចូល​ខ្ញុំ​មាន​កម្លាំង​យាម​កាម ២៤ ម៉ោង​លើ ២៤ ​ម៉ោង។ ច្រក​បាវិត​គឺ​ធំធេង​ប៉ុន្មាន​គីឡូ​ដី​ក្រៅពី​ភូមិសាស្ត្រ​របស់​ខ្ញុំ​ការពារ​គឺ​ខេត្ត​នីមួយៗ​ដែល​មាន​ច្រក​របៀង​ត្រូវ​គ្រប់​គ្រង។ ពួក​វៀតណាម​ហ្នឹង​ភាគច្រើន​វា​ចូល​មក​តាម​ច្រក​របៀង​នៃ​ខេត្ត​នានា​តាម​វាល​ស្រែ ឬ​ព្រៃ​ជាដើម»។

បើ​តាម​លោក អ៊ុក ហៃសីឡា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ០១ ខែ​តុលា​ម្សិលមិញ​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​បណ្តេញ​នូវ​ជនបរទេស​ចំនួន​ ៤១ ​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ និង​ច្រក​អន្តរជាតិ​បាវិត​ផង​ដែរ​ដែល​ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​ម៉ារ៉ុក​រីឯ​ ៤០ ​នាក់​ទៀត​ជា​ជនជាតិ​វៀតណាម៕

អត្ថបទគួរចាប់អារម្មណ៍