ព្រះសីហនុៈ គិត​ចាប់ពី​ខែ​មករា មកដល់​ខែ​ធ្នូ ឆ្នាំ​ ២០២០ ខេត្ដ​ព្រះសីហនុ មាន​ករណី​វិវាទ​ដីធ្លី​កើតឡើង​ចំនួន​ ៨៨៦ ​ករណី​ ក្នុង​នោះ​រដ្ឋបាល​ខេត្ដ​បាន​ដោះស្រាយ​ចំនួន​ ១៥ ​ករណី និង​សម្របសម្រួល​ទៅ​ភាគី​វិវាទ​ចំនួន​ ២១០ ​ករណី រីឯ​ករណី​ផ្សេងទៀត​បាន​ធ្វើ​របាយការណ៍​បញ្ជូនទៅ​ស្ថាប័ន និង ក្រសួង​ពាក់ព័ន្ធ​។ នេះ​បើតាម​មន្ដ្រី​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ម្សិលមិញ​។

លោក​ ឃាង ភារម្យ មន្ដ្រី​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​» រៀបចំ ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពី​ម្សិលមិញ​ថា សំណុំរឿង​ដែល​រដ្ឋបាល​ខេត្ដ​មិន​ដោះស្រាយ ព្រោះ​ជា​សំណុំរឿង​ផុត ឬ​មិនមែន​ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ដ ដូច្នេះ​ត្រូវបញ្ជូន​សំណុំរឿង​បន្ត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​វិញ​។

លោក​ថា​៖ «​ការចូលទៅ​កាន់កាប់ រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នោះ​មិនមែនជា​ទំនាស់​ដីធ្លី​ទេ​។ កាលណា​គូភាគី​ទៅ​បង្កើត​ក្រុម​បង្ក​ទំនាស់​នៅ​លើដី​របស់​រដ្ឋ ដូចជា​ដីព្រៃ និង​ដី​អភិរក្ស គឺ​គូភាគី​ទាំង​ ២ ជា​អ្នក​ខុសច្បាប់​។ រដ្ឋបាល​ខេត្ដ​នឹង​ដកហូត​យក​ដី​វិញ ហើយ​នឹង​ផ្ដន្ទាទោស​ចំពោះ​អ្នក​ដែល​ទៅ​ទន្ទ្រាន​យក​ដីធ្លី​របស់​រដ្ឋ​»​។

លោក​ អ៊ី សុខឡេង អភិបាល​ក្រុងព្រះសីហនុ​ថ្លែង​ក្នុង​សន្និសីទ​នេះដែរ​ថា រដ្ឋបាល​ក្រុង​ព្រះសីហនុ​ក្នុង​ឆ្នាំ​ ២០២០ មាន​វិវាទ​ដីធ្លី​ចំនួន​ ២១ ​ករណី​។ ក្នុងនោះ​រដ្ឋបាល​ក្រុង​បាន​ដោះស្រាយ​បញ្ចប់ ចំនួន​ ២០ ​សំណុំ​រឿង​នៅ​សល់​ ១ ​ករណី​កំពុង​ដោះស្រាយ​បញ្ចប់​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​មាន​ថ្នាក់​ខេត្ត ថ្នាក់ក្រុង និង​សង្កាត់ មិនមែន​ជា​តុលាការ​ទេ គឺ​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​លើ​គ្រប់​វិវាទ​ដីធ្លី​ដែល​កើតមាន​ឡើង​ដោយ​ផ្អែកលើ​ច្បាប់​»​។

លោក​ថ្លែងថា​៖ «​យើង​ព្យាយាម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​ជា​ម្ចាស់​ដី​ពិតប្រាកដ​។ ក្នុងនាម​យើង​ជា​អាជ្ញាធរ​យើង​មិន​លម្អៀង​ទេ​។ ប៉ុន្ដែ​ក្នុងករណី​ពលរដ្ឋ​ទៅ​រំលោភបំពាន​ដី​រដ្ឋ​ហើយ គាត់​មក​ស្រែកថា អ​យុត្ដិធម៌ ហើយ​គាត់​ប្រើល្បិច​ថែមទៀត​»​។

បើតាម​លោក​ សុខឡេង កន្លងមក ករណី​ខ្លះ​មាន​ជនខិលខូច​បាន​ប្រើ​ល្បិច​បង្កទំនាស់​ដីធ្លី​លើដី​របស់​រដ្ឋ បង្កើត​ជម្លោះ​លើដី​រដ្ឋ​ហើយ​មកប្ដឹង​អាជ្ញាធរ​ឱ្យ​ដោះស្រាយ ដើម្បី​អាច​ទទួល​បាន​ដី​រដ្ឋ​។

លោក​ថា​៖ «​ករណី​បែប​នេះ គឺ​យើង​មិនអាច​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ក្រុម​ណាមួយ​ឈ្នះ​បានទេ គឺ​យើង​ត្រូវតែ​ដកហូត​ដី​មកវិញ​ព្រោះ​ជា​ដី​រដ្ឋ​»​។

ប៉ុន្តែ​ពី​ម្សិលមិញ​ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ៨៩ ចេញ​សេចក្តី​ថ្លែងការណ៍​ថា​៖ «​យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​សូម​សម្ដែង​ការសោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ និង​ឃុំខ្លួន តំណាង​សហគមន៍​ដីធ្លី​ចំនួន​ ៣ ​នាក់ ក៏ដូចជា​ការចោទប្រកាន់​ទៅលើ​តំណាង​សហគមន៍​ដីធ្លី​ជាង​ ៥០ ​នាក់​ទៀត កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ និង​សូម​ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យមាន​សេរីភាព​វិញ​»​។

បើតាម​លោកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះសីហនុ គឺ ករណី​វិវាទ​ដីធ្លី​ពី​ឆ្នាំមុន​ក្នុង​ខេត្ដ​ព្រះសីហនុ កើតមាន​ច្រើន​។

លោកស្រី​ថា​៖ «​យើង​សង្កេត​ឃើញ​អាជ្ញាធរ​មិនទាន់​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ ករណី​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះសីហនុ​នៅឡើយ​ទេ​។ អាជ្ញាធរ​តែង​ប្រើ​យន្តការ​ផ្លូវច្បាប់​ចំពោះ​ប្រជាពលរដ្ឋ និង​មាន​ការឃាត់ខ្លួន​ពលរដ្ឋ​មួយចំនួន​»៕