ភ្នំពេញៈ ក្នុង​រយៈពេល​មួយ​សប្ដាហ៍កន្លង​មក​នេះកម្លាំ​ង​នគរបាល​ចរាច​រណ៍​បាន​ត្រួត​ពិនិត្យ​និង​ចាប់​​ឃាត់​ធ្វើ​ការ​អប់រំ​ណែនាំ​ដោយ​បង្ខំ​ឲ្យ​ពាក់​មួក​សុវត្ថិភាព​ចំពោះ​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់​មួក​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជិត ២ ម៉ឺន​នាក់។នេះ​បើយោង​តាម​ទិន្ន​ន័យ​របស់​គណៈ​កម្មា​​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

យុទ្ធនាការ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យ​បាន​ ១០០​ ភាគ​រយ​ នៅ​ទូទាំង​ប្រទេស​នេះ​ គឺជា​ផ្នែក​មួយ​នៃការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដែល​យុទ្ធនាការ​នេះ​មាន​រយៈ​ពេល​​​មួយ​ខែ ដោយ​ចាប់​ផ្ដើម​ពីថ្ងៃ​ទី ២២​ ខែ កក្កដា​ ដល់​ថ្ងៃ​ទី​ ២២ ខែ សីហា ឆ្នាំ ២០១៩។

លោក ហ៊ឹម យ៉ាន អគ្គ​លេខា​​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក​បាន​ថ្លែង​ថា​ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធ​នា​ការ​នេះ អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ ដែល​មិន​​​ពាក់​មួក​សុវត្ថិភាព មិន​ត្រូវ​បាន​កម្លាំង​​នគរបាល​ចរា​ចរ​ណ៍​​​ចាប់​ផាក​ពិន័យ​នោះ​ទេ ប៉ុន្តែពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ស្វែង​រក​ទិញ​មួក​សុវត្ថិ​ភាពឲ្យ​បាន​គ្រប់​គ្នាយក​មក​ពាក់​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជំនាញ​ជា​មុន​សិន ទើប​អនុញ្ញាតឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

លោក​​បញ្ជាក់​ថា​៖ «ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ថ្ងៃ​កន្លង​មក​នេះ ចំនួន​អ្នក​បើក​បរ​ម៉ូតូ និង​​អ្នក​រួម​ដំណើរ​តាម​ម៉ូតូដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​យើ​ង​​ចាប់​បង្ខំ​ឲ្យ​ពាក់​មួក​សុវត្ថិភាព​មាន​ចំនួន​ជិត​ ២ ម៉ឺន​នាក់»។

លោក​បន្ថែម​ថា​៖ «អ្នក​បើក​បរ​ម៉ូតូ ចាំ​បាច់​ត្រូវ​តែមាន​មួក​សុវត្ថិភាព ហើយ​ត្រូវ​តែ​ពាក់​វា​ឲ្យបាន​ត្រឹម​ត្រូវ​ មុនពេល​ចេញ​ដំណើ​រ។ មិន​តែ​ប៉ុណ្ណោះ​ ត្រូវ​តែ​មាន​ការ​យល់​ដឹង​ពីច្បាប់​​បើកបរ​ឲ្យ​បាន​ច្បាស់លាស់»។

ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ជា​ ៦ នាក់​ ក្នុង​មួយ​ថ្ងៃ អ្នក​ជំនាញ​ផ្នែក​សុវត្ថិ​​ភាព​ចរាចរណ៍​ផ្លូវ​គោកបាន​ថ្លែង​​​ថា ការ​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យ​បាន​ត្រឹម​ត្រូវអាច​ជួយ​កាត់​បន្ថ​យ​បាន​ច្រើន​នូវ​ហានិភ័យ​នៃ​របួស​ផ្នែក​ក្បាល​ធ្ងន់​​ធ្ងរ នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍។

លោក គង់​ រតនៈ នាយក​ស្ដីទី​វិទ្យា​ស្ថាន​សុវត្ថិ​ភាព​ចរាចរ​ណ៍​​ផ្លូវ​គោក ថ្លែង​​ថា មួក​សុវត្ថិភាព​ មិន​អាច​ជួយ​ឲ្យអ្នក​បើក​បរ​ម៉ូតូ​និងអ្នក​រួម​ដំណើរ​តាម​ម៉ូតូ គេច​ផុត​ពីគ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ ប៉ុន្តែ​វាអាច​ជួយ​កាត់​បន្ថយ​នូវហា​និភ័យ​នៃរបួស​ផ្នែក​​ក្បា​ល​ធ្ងន់​ធ្ងរនៅ​ពេល​មាន​ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​កើត​ឡើង។

លោក​បញ្ជាក់​ថា​៖ «​ការ​ពាក់​មួក​សុវត្ថិភាព ​មិន​មែន​ជាការ​ បង្ការមិ​ន​ឲ្យ​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ណ៍ចាប់​ផាក​ពិន័យ ឬ​​អប់រំ​ណែនាំ​នោះ​ទេ តែ​វាជា​ការ​ការ​ពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្នុង​ការ​កាត់​បន្ថយ​នូវ​របួស​ផ្នែក​ក្បាល​ធ្ងន់​ធ្ងរ ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង»។

លោក ​រតនៈ​​ បន្ត​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក ៧០​ ភាគ​រយ ​នៃ​ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរា​​ចរណ៍​នៅ​កម្ពុជា គឺ​ដោយសារ​មាន​របួស​ផ្នែក​ក្បាល​ធ្ងន់​ធ្ងរ ហើយ​ពួ​ក​គេភាគ​ច្រើន​ មិន​ពាក់​មួក​សុវត្ថិភាព។ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅលើដង​ផ្លូវ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ទាំង​អស់​ រួម​ទាំង​អ្នក​ថ្មើរ​ជើង​ផង​ដែរ ត្រូវ​មាន​ការយល់​ដឹង​អំពីច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្បាស់​លាស់​ទាំង​អស់​គ្នា​។ ជា​ពិសេស មន្ត្រី​អនុវត្ត​ច្បាប់ ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ និង​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ឲ្យ​បាន​ម៉ឺង​ម៉ាត់ និងប្រកប​ដោយ​ គុណភាព។

ចំណែក​លោក គង់ វណ្ណា ប្រធាន​កម្មវិធី​ពង្រឹង​សុវត្ថ​ភាព​ចរាចរណ៍​នៅ​តាម​សហគមន៍​មូល​ដ្ឋានថ្លែង​ថា យុទ្ធនា​ការពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ ដែល​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ ឬ​តាម​រដូវកាល​ដូច​ក្នុង​មួយ​រយៈ​កាល​កន្លង​មក​នេះ វា​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «ការ​អប់រំ​ផ្សព្វ​ផ្សាយ​អំពី​ច្បាប់​ចរាច​​រណ៍ ត្រូវដើ​រ​ទន្ទឹម​គ្នាជា​មួយ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ប្រចាំនិង​ប្រកប​ដោយ​​ប្រសិទ្ធភាព​គុណភាព និង​តម្លាភាព»។

លោក​ថា​៖ «ដើម្បី​ឲ្យការ​អនុវ​ត្ត​ច្បាប់​មាន​ប្រសិទ្ធភាព សមត្ថ​កិច្ច​ពាក់​ព័ន្ធត្រូវ​ដាក់​ពង្រា​យ​កម្លាំង​នៅ​ច្រក​ផ្លូវ​ដើម​ទី ដោយ​ត្រូវ​ហាម​ឃាត់​ការ​បន្ត​ដំណើរ​ទៅ​មុខជា​ដាច់​ខាត ចំពោះ​អ្នក​បើកបរ​ ឬអ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ទាំង​ឡាយ​ណា​ដែល​មិន​ពាក់​មួក​សុវត្ថិភាព»៕