កណ្តាល/កោះកុងៈ បុរស​ ២ ​នាក់​ ដែល​ម្នាក់​អារក​ឪពុក​បង្កើត​របួសធ្ងន់​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្តាល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​ម្នាក់ទៀត​វាយ​ឪពុក​បង្កើត​របួសធ្ងន់​នៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង​នោះ​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិវិធី​។

លោក អ៊ិន សុវណ្ណធានី អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ប្រាប់​កាលពី​ថ្ងៃទី​ ១ មេសា ថា​ជនសង្ស័យ​វាយ​ឪពុក​នោះ​ឈ្មោះ​ ជិន ហៃ ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ​។ ជននេះ​ត្រូវ​បាន​ចោទប្រកាន់​ហើយ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា​ ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ និង​ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ​ដែរ​។

បើ​តាម​លោក​ កែវ បូរី អធិការរង​នគរបាល​ស្រុកស្រែ​អំបិល​ប្រាប់​ដែរ​ថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ​ ណិន ជិន អាយុ​ ៥៣ ​ឆ្នាំ​មាន​លំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ស្រឡៅ ឃុំ​ជ្រោយស្វាយ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​។ រីឯ​ជនសង្ស័យ​ជា​កូនបង្កើត​ឈ្មោះ​ ជិន ហៃ ក៏​រស់នៅ​ជាមួយ​ជនរងគ្រោះ​ដែរ​។ ​ជនសង្ស័យ​បាន​ប្រើ​ហិង្សា​លើ​ឪពុកបង្កើត​នា​ថ្ងៃទី​ ៣១ មីនា​។

ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ចាប់បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ហើយ​ពិនិត្យមើល​ទឹកនោម​គ្មាន​សារធាតុ​ញៀន​ទេ ប៉ុន្តែ​ជនសង្ស័យ​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ និង​ក៏​ជា​មនុស្ស​ប្រមឹក​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ជនរងគ្រោះ​ត្រូវរបួស​ធ្ងន់​ដែរ​ទើប​បាន​ក្រុម​គ្រួសារ​បញ្ជូន​គាត់​ទៅ​ដេកពេទ្យ​»​។

លោក​ កែវ បូរី ប្រាប់​តាម​សម្តី​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹកស្រា​ហើយ​ពេល​ត្រឡប់​មកវិញ​ក៏ត្រូវ​ជនរងគ្រោះ​ដែល​ជា​ឪពុក​ស្តីបន្ទោស​។ គ្រានោះ​ស្រាប់តែ​ជនសង្ស័យ​យក​ដំបង​ឫស្សី​ទំហំ​ប៉ុនកដៃ​ក្មេង​វាយ​លើ​ឪពុក​បង្កើត​របស់​ខ្លួន​បណ្ដាល​ឲ្យ​រងរបួស​កំភួនដៃ​ខាងឆ្វេង​ចំ​ក្រោម​ឆ្អឹង​ជំនីរ​ខាងឆ្វេង​ជា​ដំណំ​។ ក្រោយ​បង្កហេតុ​ជនសង្ស័យ​មិនបាន​រត់គេច​ខ្លួន​ទេ​ហើយ​ក្រុមគ្រួសារ​បាន​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​តែម្តងទៅ​។ លោក​ថា​៖ «​សាច់ញាតិ​ជនសង្ស័យ​បានប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​គាត់​ព្រោះ​គាត់​តែង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​មិន​លស់​ថ្ងៃ​ទេ​»​។

ដោយឡែក​ ១ ​ករណី​ទៀត​ដែល​កូន​ប្រើ​ហិង្សា​លើ​ឪពុកបង្កើត​នេះ​ដែរ លោក​ចៅ វុទ្ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​កូន​អារក​ឪពុក​បង្កើត​នៅ​ស្រុក​មុខកំពូល​កាលពី​ថ្ងៃទី​ ៣១ មីនា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ពី​ម្សិលមិញ​រួចហើយ​ដែរ​។

លោក​ ឯក លន់ អធិការ​នគរបាល​ស្រុក​មុខកំពូល​ប្រាប់​កាលពី​ថ្ងៃទី​ ១ មេសា ថា ជនសង្ស័យ​ឈ្មោះ​ ហ៊ីម យ៉ានី ភេទ​ប្រុស​អាយុ​ ២៧ ​ឆ្នាំ​ជនជាតិខ្មែរ​អ៊ិស្លាម​បាន​យក​កាំបិតប៉័ងតោ​អារក​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ​ សុះ ហ៊ីម អាយុ​ ៧០ ​ឆ្នាំ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​​គ្លីនិក​ឯកជន​ ២៤ ​ម៉ោង​មុខ​ផ្សារ​ព្រែកអញ្ចាញ​។ លោក​ប្រាប់ថា​៖ «​របួស​គាត់​ត្រូវ​អារក​រយះ​ជ្រៅ​ជិត​ដាច់​សរសៃ​បំពង់ក​ដែរ​ហ្នឹង​»​។

លោក​ ឯក លន់ ឲ្យ​ដឹង​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​ថា ជនសង្ស័យ​ម្នាក់​នោះ​ជា​មនុស្ស​ញៀន​ថ្នាំញៀន​ដែល​ស្ទើរតែ​បាត់បង់​ស្មារតី​ទៅហើយ​។ ដោយសារ​ញៀន​ថ្នាំខ្លាំង​បែបនេះ ទើប​ក្រុម​គ្រួសារ​ចាប់​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​ម្ដុំ​ផ្សារ​ដីហុយ រាជធានី​ភ្នំពេញ​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ទើប​ក្រុមគ្រួសារ​ទៅ​យក​ជនសង្ស័យ​ត្រឡប់​មក​ផ្ទះ​វិញ​។

លុះ​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោងជាង​ ៤ ​រសៀល​ថ្ងៃទី​ ១ ​មេសា ខណៈ​ជនរងគ្រោះ​កំពុង​សម្រាន្ត​លក់​ស្រាប់តែ​ជនសង្ស័យ​អារក​គាត់​តែម្តង​។ តាម​ការសាកសួរ​របស់​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​អារក​ឪពុក​របស់ខ្លួន​មែន ប៉ុន្តែ​ពេលនោះ​ខ្លួន​មិនដឹងថា អារក​ឪពុក​របស់ខ្លួន​ទេ​។

លោក​ លន់ បាន​ប្រាប់ថា​៖ «​ករណីនេះ​ខ្ញុំ​បានធ្វើ​កំណត់ហេតុ​ដោយ​ចោទ​បឋម​ថា ប៉ុនប៉ង​មនុស្សឃាត​»៕