ភ្នំពេញៈ ក្រុមការងារតាមដានអំពីការដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា ក្នុងខែកក្កដា និងខែសីហាកន្លងទៅនេះក្រុមការងារបានទទួលមតិយោបល់ និងសំណូមពររបស់មហាជនចំនួន ៣៣៧ ករណី ក្នុងនោះបានដោះស្រាយចំនួន ៦៨ ករណី និងកំពុងដោះស្រាយចំនួន ១៨០ ករណី។
លោក ជា សុគន្ធា ប្រធានក្រុមការងារតាមដានអំពីការដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់លោក ស ខេង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២០ ខែកញ្ញា ថា ខមមិន និងសារដែលមហាជនបានផ្ញើមកពីតាមបណ្ដារាជធានី-ខេត្ដនោះ ភាគច្រើនជាករណីសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងនោះក៏មានករណីបញ្ហាវិវាទដីធ្លីមួយចំនួនផងដែរ។
លោកថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លី យើងបានបញ្ជូនទៅដោះស្រាយនៅអាជ្ញាធរដែនដីដែលពាក់ព័ន្ធ ព្រោះការងារនេះមានការលំបាកក្នុងការដោះស្រាយ។ ប៉ុន្ដែការងារលើករណីសន្ដិសុខសណ្ដាប់ធ្នាប់យើងបានដោះស្រាយទាន់ពេលវេលា និងទទួលបានលទ្ធផលល្អ»។
លោកបញ្ជាក់ថា ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លី ក្រុមការងារមិនទទួលដោះស្រាយទេ ពីព្រោះការដោះស្រាយគឺអាស្រ័យទៅលើអាជ្ញាធរដែនដីនៅកន្លែងដែលកើតមានបញ្ហាវិវាទដីធ្លីនោះ។
លោកថ្លែងថា៖ «ក្រុមការងារយើង បានដកស្រង់សំណូមពររបស់មហាជនពីហ្វេសប៊ុកសម្ដេចក្រឡាហោមមក ទើបគោរពរាយការណ៍ជូនទៅសម្ដេចក្រឡាហោម [ស ខេង] ទើបសម្ដេចចាត់បន្តទៅមន្ដ្រីជំនាញ ដើម្បីចាត់បន្តទៅអាជ្ញាធរតាមរាជធានី-ខេត្ត ដើម្បីដោះស្រាយលើករណីវិវាទដីធ្លីនោះ»។ លោកឲ្យដឹងថា ក្នុងពេលអនុវត្ដនីតិវិធី មានករណីមួយចំនួនជាករណីបទល្មើសព្រហ្មទណ្ឌក្រុមការងារបានអនុវត្តទៅតាមផ្លូវតុលាការចំពោះជនល្មើសផងដែរ។
តាមរយៈរបាយការណ៍បូកសរុបស្ដីពីការទទួលមតិយោបល់ ឬសំណូមពររបស់មហាជនដែលបានខមមិន និងផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់លោក ស ខេង បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារបានទទួល ខមមិន និងសារពីមហាជនចំនួន ១៩១ នាក់ ក្នុងនោះបានដោះស្រាយចំនួន ៣១ ករណី និងកំពុងដោះស្រាយចំនួន ៧១ ករណី។ ចំណែកខែសីហា ឆ្នាំ ២០២០ ក្រុមការងារបានទទួលការផ្ញើសារចំនួន ១៤៦ ករណី បានដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុកវិញចំនួន ៣៧ ករណី និងកំពុងដោះស្រាយចំនួន ១០៩ ករណី។
លោក ស ខេង កាលពីថ្ងៃទី ២២ ខែកក្កដា បានបង្កើតក្រុមការងារ ១ ក្រុម ក្នុងនោះមានប្រធាន អនុប្រធាន និងសមាជិកចំនួន ១១ នាក់។ លោក ស ខេង បានចាត់តាំងឲ្យលោក ជា សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជានាយករងខុទ្ទកាល័យលោកធ្វើជាប្រធានក្រុមការងារ ដើម្បីតាមដានអំពីការដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់លោក។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានចាត់ទុកថា វាគឺជាភព្វសំណាងទាំងមេដឹកនាំប្រទេស និងប្រជាពលរដ្ឋដែលកើតក្នុងយុគសម័យបច្ចេកវិទ្យានេះ ប្រសិនបើមេដឹកនាំប្រទេសបានដឹកនាំដោយតម្លាភាព និងគណនេយ្យភាព។
លោកបានថ្លែងកាលពីថ្ងៃទី ២០ កញ្ញា ថា៖ «ក្រោយពីទទួលបានមតិយោបល់ និងសំណូមពរពីប្រជាពលរដ្ឋរួចហើយ ក្រុមការងារត្រូវតែគិតគូរ ព្រោះប្រជាពលរដ្ឋដែលជួបបញ្ហា តែងតែទន្ទឹងរង់ចាំនូវដំណោះស្រាយ។ ដូច្នេះមិនគួរណាគ្រាន់តែទទួលព័ត៌មានហើយធ្វើការងារដោះស្រាយទៅតាមដំណើរនោះទេ គឺត្រូវធ្វើការពិនិត្យលើបញ្ហាអាទិភាព និងមានក្រុមការងារអន្តរក្រសួងធ្វើការស្រាវជ្រាវលើបញ្ហាទាំងនោះ ដើម្បីរកដំណោះស្រាយឲ្យទាន់ពេលវេលា»។
លោក ស ខេង កាលពីថ្ងៃទី ១៧ ខែកញ្ញា បានថ្លែងលើហ្វេសប៊ុករបស់លោកដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលខាងលើនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជនជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំក្នុងន័យរួមគ្នា ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ»៕
វីដេអូ៖