ភ្នំពេញៈ អង្គការ វីអេសអូ (VSO) តាម​រយៈ​ «គម្រោង​អភិ​វឌ្ឍន៍​ជី​វភាព​រស់​នៅ​និង​វិស័យ​ជល​ផល​ប្រកប​ដោយ​និរន្ដរ​ភាព​និង​បរិយា​ប័ន្ន​ក្នុង​តំបន់​បឹង​ទន្លេ​សាប​» បាន​បង្ហាញ​ពី​ការ​បង្កើត​តំបន់អភិរក្សសហ​គមន៍​នេ​សាទ​ចំនួន​ ២០ ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំង​ និង ​កំពង់​ធំ​ក្នុង​រយៈ​ពេល ​២ ​ឆ្នាំ ដែល​គម្រោង​នេះ​នឹង​ផ្ដល់​ផល​ដល់​ជីវភាព​​ពលរដ្ឋ​​ដោយ​ផ្ទាល់​ និង ​ប្រ​យោលប្រមា​ណ​ ៧៥​ ០០០ ​​នាក់​​ ​។

ថ្លែង​ក្នុង​សិក្ខា​សា​លា​បូក​សរុប​លទ្ធ​ផល​គម្រោង​នៅ​រាជធា​នីភ្នំពេញ​ នៅថ្ងៃទី ២៥ កញ្ញានេះ លោក​ ប៊ុញ្ញ រិទ្ធ ប្រធាន​គម្រោង SIFAL (Su​stainable and Inclusive Fisheries and Livelihood on Cam​bod​ia’s Great Lake) បាន​លើក​ឡើង​ថាក្នុង​រយៈ​ពេល​ ២ ឆ្នាំ ​​(២០១៦-២០១៨) នៃ​ការអ​នុវត្ដ​គម្រោង​នេះ ​VSO​ បាន​ធ្វើ​ការ​ជាមួយ​សហគមន៍​មូល​ដ្ឋាន​អាជ្ញា​ធរ​ដែន​ដីមន្រ្ដី​ជំនាញ​ថ្នាក់​ក្រោម​ជាតិ​ ក្រុម​ហ៊ុន​ឯក​ជន​ អង្គការ​សង្គម​ស៊ីវិល ​ពិសេស​មន្រ្ដី​ខាង​វិស័យ​ជល​ផល​ទាក់​ទង​ការ​ងារ​លើ​គម្រោង​នេះ​។

លោក​បន្ដថា​៖ «លទ្ធ​ផល​គម្រោង​នេះ យើង​មើល​ទៅលើ​៣​ចំណុច​សំខាន់ ​ទី១-មើល​ទៅលើ​ការ​ពង្រឹង​សហ​គមន៍​និង​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល​ ទី២-មើល​ទៅ​លើកា​រ​លើក​កម្ពស់​ជីវភាព​របស់​​ពលរដ្ឋ​ក្នុង​ស​ហ​គមន៍​ ចំពោះ​មុខ​របរ​ទូទៅ​ដែល​ពួក​គាត់​អាច​អនុវត្ដ​បាន​ក្នុង​តំបន់​គោល​ដៅ​ពួក​គាត់​ និង​ទី ៣- យើង​មើលលើ​ចង្វាក់​តម្លៃនៃ​ត្រី​កែច្នៃ​ចំពោះ​តម្លៃ​ទាប​និង​ខ្ពស់ ហើយ​យើង​បាន​ប្រើ​វិធី​សាស្រ្ដ ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​ដើម្បី​នាំ​ពួក​គាត់​ឲ្យ​មាន​ឱកាស​​ពង្រីក​មុខរបរ​និង​បង្កើន​តម្លៃ​ផល​ផល​ត្រី​របស់​ពួក​គាត់​»។

លោក ប៊ុញ្ញ រិទ្ធ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​២​ឆ្នាំនេះ ​អង្គ​ការ​ VSO បាន​ង្កើត​ផែន​ការគ្រប់​គ្រង​សម្រាប់​សហ​គមន៍​នេ​សាទ ទាំង​២០​ក្នុង​ខេត្ដ កំពង់​ឆ្នាំង​និង​កំពង់​ធំក្នុ​ងនោះរួ​មមាន ​ផែន​ការ​គ្រប់​គ្រង​ ផែនការ​អនុវ​ត្ដន៍​ប្រចាំ​ឆ្នាំ

និ​ងទីតាំង​​ភូមិ​សាស្រ្ដ តំបន់​អភិរក្ស​ផ្ទាល់​របស់​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា​៖«តំបន់​អភិរក្ស​សរុប​ទាំង​២០​សហគ​មន៍នេះ​​យើង​បង្កើត​បាន​ ២០​តំបន់​អភិរក្ស ​ក្នុង​នោះ មាន​ទំហំ​សរុប ១៨៣,៦ ហិក​តា ហើយ​​សកម្ម​ភាព​ក្នុង​លទ្ធ​ផល​នេះ យើង​មាន​ជាង ៣០០សក​ម្មភា​ព​ ដែល អង្គការ​ដៃគូបាន​ធ្វើ​ការ​ងារ និង​សហ​ការ​ជាមួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ផលិត​ឲ្យ​ចេញ​ជា​លទ្ធ​ផល​ដល់​ប្រជា​សហគ​មន៍​​នេសា​ទ​​»។​

លោក កុយ តេង ប្រធាន​ក្រុម​ប្រឹក្សា​ឃុំកំពង់​អុស​បាន​លើក​ឡើង​ពីការ​អនុវត្ដ​គម្រោង​រយៈ​ពេល​ពីរ​ឆ្នាំនេះ​ដែរ​ថា ​តាមរ​យៈ​ ការ​អនុវត្ដ​គម្រោង​នេះ​វិស័យ​ជល​ផល​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ទាំង​ជីវភាព​និង​ចំណេះ​ដឹង​របស់​ពលរដ្ឋ​ក្នុង​សហ​គមន៍​មាន​ភាព​ប្រសើរ​ជាង​មុន​។

លោក​បន្ដ​ថា​៖«…ពេល​នេះ ​គណៈ​កម្ម​ការ​សហគ​មន៍នេ​សាទ និង​ពលរដ្ឋ​យល់​ដឹង​ច្រើន ​ចំពោះ​ការ​ចូ​លរួម​រៀប​ចំផែន​ការ​អនុវត្ដន៍​គម្រោង​នៅក្នុង​សហគ​មន៍​ និង​ចែករំលែក​ចំណេះ​ដឹង​គ្នា​ទៅវិញ​ទៅ​មក ហើយ​អ្វី​ដែល​រឹត​តែ​ពិសេស​នោះ គឺ​យើង​មាន​កិច្ច​សហ​ប្រតិប​ត្ដិការ​គ្នា​ល្អ រវាង​មន្រ្ដី​ជល​ផល និង​អាជ្ញា​ធរ​មូល​ដ្ឋាន​​»។

លោក​បាន​បន្ត​ថា ​កំណើន​ផល​នេ​សាទ​បាន​កើន​ឡើង​ដោយ​សារ​ពលរដ្ឋ​និង​មន្រ្ដី​ជល​ផល​សហ​ការ​ផ្ដល់​ព័ត៌​មាន​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​បទ​ល្មើស​នេ​សាទ ដែល​នាំ​ឲ្យ​កាត់​បន្ថយ​សកម្ម​ភាព​នេ​សាទ​ខុស​ច្បាប់​។

លោក​ យ៉េង ម៉ង ប្រធាន​គណៈ​កម្មការ​សហ​គមន៍​នេសាទ​ ភូមិ​គោ ឃុំ​កំពង់​ស្វាយ​ ខេត្ដ​កំពង់​ធំ បាន​លើក​ឡើង​ថា​ តាម​រយៈ​គម្រោង​នេះ បាន​បង្កើត​នូវ​សកម្ម​ភាព​ជា​ច្រើន ពិ​សេស​​ការ​កែ​ច្នែ​ត្រី​ឲ្យ​មាន​តម្លៃ​នៅ​ក្នុង​ទីផ្សារ​។

លោក​បន្ដ​ថា៖«… ២ ឆ្នាំ​នេះ​ស​ហ​គ​មន៍​ពួក​យើង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ទាំង​ការ​ចិញ្ចឹម​មាន់​និង​ចិញ្ចឹម​ត្រី។ ប្រជា​សហ​គន៍យើ​ងគាត់​អាច​ស្វែង​យល់​ពី​បច្ចេក​ទេស​ចិញ្ចឹ​ម​ត្រី និង​មាន់​បាន​ល្អដែល​កាល​ពីមុ​នពួ​ក​គាត់​មិន​ដែល​ចេះ​បច្ចេក​ទេស​ចិញ្ចឹម​អីទេ​ ចិញ្ចឹម​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង»។

លោក​ យ៉េង ម៉ង បាន​បន្ថែម​ថា ក្រៅពីនោះ​ពលរដ្ឋ​ក៏អាច​ចេះ​សរសេរ​របាយ​ការណ៍ផែន​ការ​ក្នុង​សហគមន៍​របស់​ពួកគាត់ រហូត​ដល់​សហគមន៍ខ្លះ​ក្នុង​ខេត្ដ​កំពង់​ធំអាច​សរសេរ​សំណើ​ទៅ​អង្គការ​ផ្សេងៗដើម្បីរក​ជំនួយ​បាន​ទៀតផង​។

អ្នកស្រី ទន់ លីម តំណាង​ប្រជា​សហ​គម​ន៍ពីខេត្ដ​កំពង់​ធំ បាន​លើ​កឡើង​ថា​កាល​​មិន​ទាន់​មាន​គម្រោង​​របស់​អង្គការ​ VSO ​ អ្នកស្រី ​មិនសូវ​ស្គាល់គេនិង​មិន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ្នកផ្សេង​ច្រើន​ទេ។ ចំណែក​ផលនេសាទ​ដែល​រក​បានលក់​ក៏មិន​សូវ​បានថ្លៃ​ទេ ហើយ​ពេល​លក់​មិន​អស់​ក៏​មិន​ចេះ​កែច្នែ​ជា​ផលិផល​ផ្សេង​ទៀត​ដែរ។

អ្នកស្រីថា​៖«គ្រួ​សារ​ខ្ញុំ​ពេលនេះ មាន​ជីវភាពធូរធារ​ជាងមុន​បន្តិ​ច ពួកខ្ញុំ​អាចរក​ត្រី​បាន​ច្រើនជាងមុន និង​កែច្នៃ​ត្រី​ជាផលិតផល​ផ្សេង​ ដូច​ជាត្រី​ងៀត និង​ត្រីឆ្អើរ ដែលលក់បាន​ថ្លៃ ហើយ​បាន​រៀន​ចេះពីវិធី​ដាក់ប្រាក់​សន្សំ​នៅ​សហគមន៍​ថែមទៀត​»។

គួរ​បញ្ជាក់​ថា គម្រោង SIFAL បាន​អនុវត្ដ​នៅ​ក្នុង​ឃុំ​ចំនួន​១៤​នៃ​សហគ​មន៍​ចំនួន​២០ក្នុ​ង​ខេត្ដ​កំពង់​ធំនិង​កំពង់​ឆ្នាំង​អនុវត្ដ​រយៈពេល​២ឆ្នាំក្រោម​ជំនួយ រប​ស់​សហ​ភាព​អឺរ៉ុប​៕