ភ្នំពេញៈ នៅ​ក្នុង​យុទ្ធនាកា​រចុះ​បង្ក្រា​ប​អ្នក​បើក​បរម៉ូតូ និង​អ្នក​រួម​ដំណើរ​ អត់​ពាក់​មួយ​សុវត្ថិភាព​រយៈពេល ២ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អង្គារ​ម្សិលមិញ​ កម្លាំង​នគរ​​​បាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ​បាន​ចាប់​ឃាត់​អ្នក​បើក​បរ​ និង​អ្នក​រួមដំណើរ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​បាន ​១៣០៥ ​នាក់​ ដែល​នេះគឺ​ជាផ្នែក​មួយនៃការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​​ជា​ថ្មី​ទៀត​ក្នុង​រាជធានី​ភ្នំពេញ។

នៅ​មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​គោល​ដៅ​នីមួយៗរបស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃចន្ទ លោ​ក ស ថេត ស្នងការ​នគរ​បាល​រាជធានី​ភ្នំ​ពេញ បាន​ប្រាប់​ឲ្យ​កង​កម្លាំង​នគរបាល​ទាំងអស់ ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ គឺត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជា​និច្ច​នៅ​ពេល​បើកបរ​ម៉ូតូ។

លោក​ថ្លែង​ថា​៖ «ចាប់​ពី​ថ្ងៃនេះ ​(ថ្ងៃ​ចន្ទ)​ តទៅ ​យើង​នឹង​ចាប់​ផ្ដើម​យុទ្ធ​​នាការរឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ទៅលើ​អ្នក​បើកបរ​ម៉ូតូ និង​អ្នករួម​ដំណើរ ដែល​មិន​ពាក់​​មួក​សុវត្ថិ​ភាព ព្រោះ​ករណី​ស្លាប់​ដោយ​សារ​ការមិន​ពាក់មួក​សុវត្ថិភាព ​គឺ​មាន​ចំនួន​​រហូតដល់​ទៅ​ជាង​ ៨០ ភាគរយ»។

​លោក​បាន​ប្រាប់​ឲ្យ​កម្លាំង​នគរ​បាល​ចរាចរណ៍ ដែល​ត្រូវ​ចុះ​បំពេញ​តួនាទី​ នៅ​តាម​គោល​ដៅ​ គឺ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹង​រឹុង​ ដោយ​ត្រូវ​ចាប់​​ឃាត់​ទាំង​អស់​ ចំពោះ​អ្នក​បើកបរ​ម៉ូតូ​ និង​អ្នករួ​ម​ដំណើរ​ទាំង​ឡាយ​ណា ដែល​មិន​ពាក់​មួក​សុវត្ថិភាព។

លោក​បញ្ជាក់​ថា៖ ​«អ្នក​បើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ ដែល​មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ឃាត់​ធ្វើការ​អប់រំ​ រហូត​ទាល់​តែពួក​គាត់​មាន​មួក​សុវត្ថិភាព​មក​ពាក់ ទើប​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ បើ​ទោះបី​ជា​ពួក​គាត់​ជា​សមត្ថកិច្ចក​ង​កម្លាំង​ ឬ​មន្ត្រី​រាជការ​ស៊ីវិល​ក៏ដោយ»។​

លោក ​សែម គន្ធា ប្រធាន​ការិយា​​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំ​ពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​នេះ លោក​បាន​កំណត់​យក​គោល​ដៅ​សំខាន់​ធំៗ​ចំនួន ៤ កន្លែងរួម ​មានចំណុច​រង្វង់​មូល​កួច​កា​ណុង​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​ កំណាត់​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី​ត្រង់​ចំណុច​ផ្លូវ​កែង​ខាង​កើត​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ស្តុប​បូកគោ និង កែង​ផ្លូវ​ព្រះនរោត្តម និងផ្លូវ​ម៉ៅសេទុង។

ក្រៅ​ពី​គោលដៅ​ធំៗទាំង​ ៤ នេះ កម្លាំង​នគរបាល​រាជ​ធានី​ ក៏បាន​ដាក់​ពង្រាយ​នៅ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន​ទៀតក្នុង​រាជ​ធានី​ភ្នំ​ពេញ​ផង​ដែរ​ដោយ​ចាប់​ផ្ដើមពី​ម៉ោង​ ៨ ព្រឹក ​រហូត​ដល់​ម៉ោង ៨ យប់។

លោក​បញ្ជាក់​ថា៖ «ក្នុង​ប្រតិ​បត្តិ​​ការ (ក្នុង​ ១ ថ្ងៃ) នេះ កម្លាំង​សមត្ថកិច្ច​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​យើង បាន​រក​ឃើញ​អ្នក​បើកបរ​ម៉ូតូ មិន​ពាក់​មួក​សុវត្ថិ​ភាព​ចំនួន​ ២៩៦​ នាក់ និងអ្នក​រួម​ដំណើរ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​ចំនួន ២៤៩​ នាក់។ យើង​មិន​បាន​ផាក​ពិន័យ​​ពួក​គាត់​ទេ តែ​យើង​បាន​អប់​រំ និង​ណែនាំ​ឲ្យពួក​គាត់​ រក​ទិញ​មួក​សុវត្ថិភាព​មក​ពាក់​ទាំង​អស់​គ្នា ​ទើប​យើង​អនុញ្ញាត​ឲ្យ​ពួកគាត់​​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត»។

ចំណាត់​ការរឹត​បន្តឹង​ជា​ថ្មី​ទៀត​​នេះ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីអង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់​ព័ន្ធការងារ​អប់​រំច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក គង់ រតនៈ នាយក​ស្ដីទី​ វិទ្យា​​ស្ថាន​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក បាន​និយាយ​ថា​ វាល្មម​ដល់​ពេល​ហើ​យ​ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់ និងត្រូវ​តែ​គោរព​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា ពោល​គឺ​មិន​មែន​តែច្បាប់​ចរាចរណ៍​មួយ​ទេ គឺគ្រប់​ច្បាប់​ និង​កតិកាសញ្ញា និងអនុ​សញ្ញា​ទាំង​អស់​ដែល​កម្ពុជា​មាន ពិសេស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។

លោក​បាន​បញ្ជាក់​ថា៖ «​ការ​គោរព​អនុវត្ត​ច្បាប់​ ធ្វើ​ឲ្យ​យើង​មាន​ភាពថ្លៃ​ថ្នូរ និងធ្វើ​ឲ្យ​សង្គម​ជាតិយើង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ»៕