ពោធិ៍សាត់ៈ ប្រជាសហគមន៍ប្រមាណ៣០០នាក់ក្នុងខេត្តពោធិ៍សាត់គ្រោងនាំគ្នាមកតវ៉ានៅសាលាដំបូងខេត្តនាព្រឹកថ្ងៃសុក្រនេះដើម្បីឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងធនធានធម្មជាតិម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនក្នុងខែឧសភាពីបទឆបោកប្រាក់គេជាង៤ពាន់ដុល្លារអាមេរិក។
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ បានឲ្យដឹងថា អ្នកភូមិប្រមាណជាង៣០០នាក់ មកពីសហគមន៍ព្រៃឈើ ដីធ្លី និងនេសាទបានផ្តុំគ្នានៅមុខសាលាដំបូងខេត្តនេះតាំងពីល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីធ្វើការតវ៉ាទាមទារឲ្យដោះលែងឈ្មោះ គុជ វែង នៅភូមិ-ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវចាប់ឃុំខ្លួនតាំងពីថ្ងៃទី១៩ឧសភាកន្លងទៅពីបទ«ឆបោក»។
លោកសុខ ហេង ថា៖«ការចាប់ខ្លួនលោក គុជ វែង ជាការគំរាមកំហែងមកលើសកម្មជនការពារសិទ្ធិមនុស្សនិងធនធានធម្មជាតិដើម្បីបំបាក់ស្មារតីសកម្មជនដទៃឲ្យបញ្ឈប់ការតវ៉ាទាមទារសិទ្ធិ ដីធ្លី និងការពារធនធានធម្មជាតិនៅក្នុងតំបន់នេះ»។
អ្នកស្រី ឡោន ស៊ីវី តំណាងពីសហគមន៍ក្បាលត្រាចនិយាយថា ពួកគាត់បារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ ចាប់ខ្លួនដោយអាជ្ញាធរអ្នកមានអំណាច និងមន្រ្តីតុលាការមកលើអ្នកការពារសិទ្ធិមនុស្ស ដីធ្លី លំនៅឋាន និងអ្នកការពារធនធានធម្មជាតិ ដែលស្ម័គ្រចិត្តបំពេញភារកិច្ចជួយពលរដ្ឋ និងប្រទេសជាតិ។
អ្នកស្រីបន្តថា៖«សកម្មជនពួកខ្ញុំភាគច្រើន ត្រូវចាប់ឃុំខ្លួននិងចោទប្រកាន់ប្រាសចាកពីការពិតដោយបងែ្វរសំណុំរឿងពីការតវ៉ាទាមទារសិទ្ធិដីធ្លីការពារព្រៃឈើទៅជាបទល្មើសព្រហ្មទណ្ឌ»។
អ្នកស្រីថា ករណីលោក គុជ វែង ជាឧទាហរណ៍ គាត់ជាសកម្មជនម្នាក់ ដែលសកម្មការពារធនធានធម្មជាតិ សិទ្ធិមនុស្ស សិទ្ធិវប្បធម៌និងសិទ្ធិលំនៅឋានក្នុងសហគមន៍នៅស្រុកក្រគរ តាំងពីឆ្នាំ២០០២។ តែចាប់ពីរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចជាង៣០ម៉ឺនហិកតាឲ្យទៅក្រុមហ៊ុន ភាពីម៉ិច បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋបួនស្រុកនៅពោធិ៍សាត់ និងស្រុកមួយចំនួនទៀតនៅខេត្តកំពង់ឆ្នាំង។ ប៉ុន្តែ ការតវ៉ាជាច្រើនឆ្នាំនេះ ធ្វើឲ្យរដ្ឋាភិបាលកាត់ដីព្រៃពីក្រុមហ៊ុនភាពីម៉ិចឲ្យបង្កើតសហគមន៍ព្រៃឈើហើយក្រុមនិសិ្សតស្មគ្រចិត្តក៏បានវាស់វែងផ្តល់ប័ណ្ណកម្មសិទិ្ធ ឲ្យប្រជាពលរដ្ឋខ្លះ។
អ្នកស្រីបន្តថា លោក គុជ វែង បានតស៊ូទាមទារដីឲ្យពលរដ្ឋចំនួន១១គ្រួសារ ដែលបានប័ណ្ណកម្មសិទ្ធិ តែអត់បានដីគ្រប់ដូចកំណត់ក្នុងប័ណ្ណនិងរឿងមិនទាន់បង្កើតព្រៃសហគមន៍នៅឃុំក្បាលត្រាច ស្រុកក្រគរ ស្រាប់តែគេចោទរឿងផ្សេង រួចឃុំគាត់។
ទាក់ទងនឹងការលើកគ្នាមកមុខតុលាការខេត្តនេះ សមត្ថកិច្ចខេត្តពោធិ៍សាត់ និងមន្ត្រីតុលាការព្រះរាជអាជ្ញាអមតុលាការខេត្តមិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំបញ្ជាក់បានទេពីម្សិលមិញ៕