ឧត្តរមានជ័យ/កំពង់ធំ: មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឧត្តរមានជ័យបានបញ្ជូនជនសង្ស័យ ៣ នាក់ទៅសាលាដំបូងខេត្តនេះ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើចំនួន ១៤,៧៦៦៥ ម៉ែត្រគុប ខណៈសាលាដំបូងខេត្តកំពង់ធំបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ជុំវិញការដឹកជញ្ជូនឈើចំនួន ១ ០៦១ គីឡូក្រាម។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានថ្លែងពីម្សិលមិញថា សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មបានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ទៅសាលាដំបូងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ២៣ ខែឧសភាពាក់ព័ន្ធការដឹកជញ្ជូនឈើប្រភេទលេខ ២ សរុប ១៤,៧៦៦៥ ម៉ែត្រគុប។
លោកបន្តថា មន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែងនៅថ្ងៃទី ២២ ខែឧសភា បានឃាត់រថយន្ត ១ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយដែលដឹកឈើប្រភេទលេខ ២ ស្ថិតនៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ប៉ុន្ដែអ្នកបើកបរបានរត់គេចខ្លួនបាត់ទើបសមត្ថកិច្ចបានរកឃើញឈើប្រភេទលេខ ២ ចំនួន ១០,១១៧ ម៉ែត្រគុប។
លោកបន្ថែមថា នៅថ្ងៃដដែលនោះមន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែងដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យបានចុះឃាត់រថយន្តធុនធំដឹកឈើប្រភេទលេខ ២ ចំនួន ៤,៦៤៩៥ ម៉ែត្រគុប ១ ករណីផ្សេងទៀតដោយឃាត់អ្នកបើកបរ និងអ្នករួមដំណើរ ៣ នាក់។
លោកបញ្ជាក់ថា៖ «ឥឡូវនេះ យើងបានយកវត្ថុតាងរថយន្តទាំង ២ គ្រឿង និងឈើសរុប ១៤,៧៦៦៥ ម៉ែត្រគុបព្រមទាំងជនសង្ស័យទាំង ៣ នាក់មកចាត់ចែងតាមនីតិវិធីច្បាប់។ រីឯម្ចាស់រថយន្តមួយគ្រឿងដែលរត់គេចខ្លួននោះ សូមចូលខ្លួនមកដោះស្រាយតាមច្បាប់ បើមិនអ៊ីចឹងទេខ្ញុំនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យថ្លែងពីម្សិលមិញថា៖ «ខ្ញុំមិនទាន់បានឃើញសំណុំរឿងនេះទេ ព្រោះម្សិលមិញខ្ញុំសម្រាក អ៊ីចឹងប្រហែលនៅថ្ងៃទី ២៥ ខែឧសភា ខ្ញុំនឹងជួយរកមើលសំណុំរឿងនេះផ្ដល់ព័ត៌មានជូន»។
ករណីបទល្មើសព្រៃឈើនេះដែរសាលាដំបូងខេត្តកំពង់ធំបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់បណ្ដោះអាសន្នពីបទដឹកជញ្ជូន និងការប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២១ ខែឧសភានៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានថ្លែងពីម្សិលមិញថា ជនសង្ស័យម្នាក់ឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅឃុំចើងដើង ស្រុកបារាយណ៍ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ សម្រេចឃុំខ្លួនកាលពីថ្ងៃទី ២២ ខែឧសភា។ លោកបញ្ជាក់ថា៖ «ជនសង្ស័យម្នាក់ហ្នឹងគឺត្រូវឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទដឹកជញ្ជូន និងប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត»។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំថ្លែងពីម្សិលមិញថា ជនសង្ស័យម្នាក់ឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅស្រុកបារាយណ៍ត្រូវបានតុលាការឃុំខ្លួនរួចរាល់ហើយ។ ជននេះជាអ្នកបើកបររថយន្តម៉ាកហាយឡេនឌ័របានដឹកឈើប្រភេទធ្នង់ចំនួន ១១ ដុំស្មើនឹង ៥៦៥ គីឡូក្រាមជាមួយបក្ខពួកម្នាក់ផ្សេងទៀត បើកបររថយន្តម៉ាក ហាយឡែនឌ័រដូចគ្នាដោយមានដឹកឈើប្រភេទធ្នង់ចំនួន ១០ ដុំស្មើនឹង ៤៩៦ គីឡូក្រាម ប៉ុន្ដែបានរត់គេចខ្លួនបាត់ស្រមោល។
លោកបន្តថា ប្រតិបត្តិការនេះត្រូវបានលោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកម្លាំងចុះបង្ក្រាបនៅភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនដោយបានឃាត់ជនសង្ស័យម្នាក់ និងឈើទាំង ២ រថយន្តសរុប ១ ០៦១ គីឡូក្រាមតែម្ដង។ «ជនសង្ស័យម្នាក់ហ្នឹង យើងបានបញ្ជូនទៅតុលាការរួចហើយហើយតុលាការក៏ឃុំខ្លួនរួចហើយដែរ រីឯឈើ និងរថយន្តទាំង ២ គ្រឿងនេះ យើងបានរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើខេត្តដើម្បីឲ្យម្ចាស់រថយន្តម្នាក់ទៀតដែលរត់គេចខ្លួននោះចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់»៕