ភ្នំពេញ៖ អ្នក​ជំងឺ​ជា​ជនជាតិ​ខ្មែរ​ចំនួន ៣ នាក់​ទៀត បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ កាល​ពី​ថ្ងៃទី ២៦ ខែមេសា ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នឹង​ជំងឺ​ឆ្លង​នេះ បាន​កើន​ឡើង​ដល់​ជាង ៨០ នាក់​ហើយ ដែល​សុទ្ធ​តែ​ជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៥០៨ នាក់​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃអង្គារ ទី ២៧ នេះ។

ជាមួយ​នឹង​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ចំនួន ៥០៨ នាក់​បន្ថែម​ទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ ក៏​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១២៧ នាក់​ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​រក​ឃើញ​ឆ្លង​ថ្មី​នេះ មាន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ២៤៨ នាក់ ខេត្ត​កណ្ដាល​ចំនួន ១៣៥ នាក់ ខេត្ត​បន្ទាយមានជ័យ​ចំនួន ៧៣ នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤៧ នាក់ ខេត្ត​តាកែវ ២ នាក់ ខេត្ត​ព្រៃវែង ២ នាក់ និង​ខេត្ត​កំពង់ស្ពឺ​ចំនួន ០១ នាក់​ផង​ដែរ។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន ១១ ០៦៣ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៣ ៧០៤ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ៧ ២៧០ នាក់ និង​អ្នក​ស្លាប់​ចំនួន ៨២ នាក់។

ករណី​ស្លាប់​ថ្មី​ចំនួន ៣ នាក់​នេះ មាន​ស្រ្តី​អាយុ ៣៩ ឆ្នាំ អាយុ ៥២ ឆ្នាំ និង​បុរស​អាយុ ៧៧ ឆ្នាំ ដែល​អ្នក​ទាំងបី​នាក់​នេះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ហ្លួងម៉ែ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​នៅ​ខេត្ត​ព្រះសីហនុ៕