ក្រចេះ: គិតត្រឹមថ្ងៃម្សិលមិញយ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៣ នាក់បានស្លាប់ និងប្រមាណ ៦០ នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីគេជឿថាពួកគេបានផឹកស្រាសក្នុងស្រុកស្នួលដែលនេះគឺជាករណីពុលថ្មីដាច់ដោយឡែកមួយទៀតនៅក្នុងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាមមួយនេះ។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថាមានប្រជាពលរដ្ឋ ៣ នាក់បានស្លាប់ និង ៦០ នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគិតត្រឹមថ្ងៃទី ១៥ ខែកក្កដា ម្សិលមិញ។ ក្នុងនោះមានមនុស្ស ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋដែលបានស្លាប់ ពួកគេបានផឹកស្រាសជាមួយគ្នានៅក្នុងភូមិហើយប្រជាពលរដ្ឋម្នាក់បានស្លាប់នៅក្នុងភូមិមិនអាចបញ្ជូនទៅមន្ទីរពេទ្យទាន់ ខណៈ ២ នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យខេត្ត»។
លោកបន្តថា ពលរដ្ឋម្នាក់ដែលបានស្លាប់ត្រូវបានធ្វើបុណ្យហើយពលរដ្ឋដែលបានទៅចូលរួមពិធីបុណ្យនោះបានផឹកស្រាសធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៤៨ នាក់បានធ្លាក់ខ្លួនឈឺ ប៉ុន្តែមិនមានការគំរាមកំហែងដល់ជីវិតទេរហូតមកដល់ថ្ងៃម្សិលមិញ។
លោក សុវណ្ណ បានថ្លែងថាអ្នកដែលបានស្លាប់ និងឈឺមានប្រវត្តិផឹកស្រាស និងមានរោគសញ្ញានៃការពុលស្រាស បើទោះបីជាការធ្វើតេស្តលទ្ធផលនៃសំណាកមិនទាន់បញ្ចប់ក៏ដោយ។ លោកបន្តថា៖ «រោគសញ្ញារបស់ពួកគេមានដូចជា ព្រិលភ្នែក ពិបាកដកដង្ហើម និងបាត់បង់ស្មារតី ដូច្នេះយើងដឹងថា ជាការពុលស្រាស។ សម្រាប់ការធ្វើតេស្តសំណាកវាបានមកដល់ភ្នំពេញរួចហើយដោយនៅកំពុងធ្វើតេស្តនៅឡើយ»។
បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៥ ខែកក្កដាបានឲ្យដឹងថាស្ត្រី ២ នាក់បានស្លាប់នៅថ្ងៃទី ១៣ ខែកក្កដា និងបុរសម្នាក់អាយុ ៥៧ ឆ្នាំបានស្លាប់នៅថ្ងៃទី ១៤ ខែកក្កដា។
ករណីពុលស្រាសនេះ គឺជាការផឹកជុំគ្នានៅថ្ងៃទី ១២ ខែកក្កដាដែលប្រជាពលរដ្ឋ ១២ នាក់បានផឹកស្រាស ហើយ ៩ នាក់បានឈឺ និង ៣ នាក់បានស្លាប់។ នៅថ្ងៃទី ១៣ ខែកក្កដាប្រជាពលរដ្ឋ ៤៨ នាក់បានផឹកស្រាសនៅពិធីបុណ្យសពដោយបណ្តាលឲ្យប្រជាពលរដ្ឋ ៤៨ នាក់នោះបានឈឺហើយនៅថ្ងៃទី ១៣ ខែកក្កដាប្រជាពលរដ្ឋ ១៤ នាក់បានផឹកស្រាស ប៉ុន្តែមានតែ ៣ នាក់បានឈឺ។
លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះថ្លែងថាអ្នកភូមិជាង ៥០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្តនៅថ្ងៃទី ១៣ ខែកក្កដា។ «ឥឡូវនេះខ្ញុំកំពុងធ្វើបច្ចុប្បន្នភាពអំពីតួលេខ។ មនុស្សមួយចំនួនកំពុងមានស្ថានភាពប្រសើរឡើង»។
លោក វណ្ណ ឌឿន មេឃុំស្នួលបានថ្លែងថា៖ «ស្ត្រីដំបូងបានស្លាប់ដោយមិនបានទៅមន្ទីរពេទ្យ។ មនុស្ស ២ នាក់ទៀតដែលបានស្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ស្ត្រីទី ១ ធ្វើការនៅក្នុងចម្ការដំឡូងមីចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីផ្ទះរបស់គាត់ហើយបានផឹកស្រានៅទីនោះ។ បន្ទាប់មកគាត់បានឈឺធ្ងន់ធ្ងរ និងបានស្លាប់នៅផ្ទះរបស់គាត់»។ «ដំបូងគ្មាននរណាម្នាក់ដឹង។ ប្រជាពលរដ្ឋបានរៀបចំពិធីបុណ្យសព។ ប្រជាពលរដ្ឋដែលធ្វើការជាមួយស្ត្រីនោះបានយកស្រាសទៅឲ្យគ្រួសារនោះចំនួន ២០ លីត្រដោយឲ្យទៅពិធីបុណ្យ ហើយបន្ទាប់មកមនុស្ស ២ នាក់ដែលបានចូលរួមពិធីបុណ្យសពនេះបានស្លាប់បន្ថែមទៀត ហើយអ្នកដែលពុលស្រាសគឺមានចំនួនជាង ៥០ នាក់»។
លោក គង់ កែមនី អភិបាលស្រុកស្នួលថ្លែងថាប្រជាពលរដ្ឋបានទៅចូលរួមពិធីបុណ្យសព ហើយបន្ទាប់មកផឹកស្រាសក៏ធ្វើឲ្យពួកគេក្អួតចង្អោរ រាករូស និងព្រិលភ្នែក។ «ស្ត្រីទី ១ បានស្លាប់ហើយបន្ទាប់មកមនុស្ស ២ នាក់ទៀតដែលបានចូលរួមពិធីបុណ្យសពដែលបានផឹកស្រាសនៅទីនោះក៏បានស្លាប់ដែរ។ យើងសង្ស័យការពុលស្រា ប៉ុន្តែខ្ញុំមិនដឹងប្រាកដទេ ដោយសារខ្ញុំមិនមែនជាអ្នកជំនាញ។ ពួកគេនៅពិធីបុណ្យសពដើម្បីកំដរបុណ្យសព ដូច្នេះពួកគេផឹក ដូច្នេះយើងសង្ស័យ»។
លោកបន្តថា ឥឡូវនេះ អាជ្ញាធរកំពុងតែស្វែងរកអ្នកដែលលក់ស្រា ហើយយកសំណាក និងស្វែងរកថាតើស្រានោះមានប្រភពមកពីណា?
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា កន្លងទៅ អ្នកភូមិស្រែននក្នុងឃុំកន្ទួត ខេត្តក្រចេះត្រូវបានគេសង្ស័យថាបានពុលទឹកព្រែក ឬពុលស្រាស្លាប់ជាង ១០ នាក់ និងប្រមាណ ១០០ នាក់ទៀតធ្លាក់ខ្លួនឈឺ៕ PS