ភ្នំពេញៈ នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបានចុះល្បាតការពារ និងអភិរក្សធនធានធម្មជាតិក្នុងខេត្តទាំង ៤ នៃតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់បានចំនួន ៥១១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៣៩៩ ករណី។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងកាលពីម្សិលមិញដោយយោងលើរបាយការណ៍ស្តីពីការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់របស់ក្រសួងបរិស្ថានថា បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ចំនួន ៣២ ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីដំណើរការនីតិវិធី ហើយបានធ្វើកិច្ចសន្យា អប់រំណែនាំចំនួន ៤២ ករណី ដែលមានមនុស្សពាក់ព័ន្ធជិត ១០០ នាក់។
លោកថ្លែងថា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់លើទំហំផ្ទៃដីជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ តំបន់ការពារធម្មជាតិបានរឹបអូសវត្ថុតាងជាច្រើនក្នុងនោះ រួមមានរឹបអូសរណារយន្តបានចំនួន ១៩៣ គ្រឿង រថយន្ត ២ គ្រឿង គោយន្ត ៣៤ គ្រឿង ម៉ូតូ ២៥ គ្រឿង និងរឹបអូសឈើដែលជនល្មើសកាប់បំផ្លាញបាន ១៧៩ ម៉ែត្រគុប និងឈើហុប និងឈើដុំ ១៦៥ កំណាត់។
លោកថ្លែងថានៅក្នុងអំឡុងនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសរយៈពេល ៤ ខែ ដើមឆ្នាំ ២០២០ នេះកម្លាំងមន្ត្រីឧទ្យានុរក្សក៏បានបំផ្លាញរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បានចំនួន ៣៤ រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន ២៩ ដើម និងបានដោះអន្ទាក់ចាប់សត្វព្រៃបានចំនួន ៧២៤ អន្ទាក់។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
លោកបន្តថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្ស និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ នៅតែបន្ដកើតមាន។
បើតាមលោក ភក្ត្រា មានកត្តាផ្សេងៗដែលជំរុញឲ្យមានបទល្មើសទាំងនេះកើតឡើងក្នុងនោះមានកត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងការញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្ដ្រីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។
លោក ភក្ដ្រា ថ្លែងថាកម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងការផ្ដល់មធ្យោបាយ ឧបករណ៍សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានបង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានាប្រសិទ្ធភាពនៃការងារគ្រប់គ្រងការពារ និងអភិរក្សតំបន់ព្រៃឡង់។
លោកស្រី ថី តំណាងបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្ដក្រចេះបានឲ្យដឹងថា ទោះបីមន្ដ្រីឧទ្យានុរក្ស និងសហគមន៍បានរួមគ្នាទប់ស្កាត់ការកាប់ទន្ទ្រានរុករានដីព្រៃ និងការកាប់ឈើបានជាច្រើនករណីក៏ដោយ ក៏នៅតែមានករណីពលរដ្ឋចំណាកស្រុកមកពីខេត្ដផ្សេងៗកំពុងមានសកម្មភាពលួចចូលទៅទន្ទ្រានរុករានយកដីព្រៃក្នុងតំបន់ព្រៃឡង់ទៅធ្វើជាកម្មសិទ្ធិ និងមានករណីកាប់ឈើក្នុងព្រៃឡង់ទ្រង់ទ្រាយតូចនៅឡើយ។
លោកថ្លែងថា៖ «បច្ចុប្បន្នយើងឃើញមានពលរដ្ឋជាច្រើន ពួកគាត់មកពីខេត្ដផ្សេងៗចូលមកទន្ទ្រានកាប់រុនរានដីព្រៃនៅតាមខេត្ដ ក្នុងតំបន់ព្រៃឡង់នៅឡើយ។ ចំពោះករណីកាប់ឈើក៏មានដូចគ្នា ទោះបីជាកាប់លក្ខណៈទ្រង់ទ្រាយតូច ដឹកដោយម៉ូតូ និងគោយន្តកន្រៃ្តក៏ដោយ ប៉ុន្ដែបើមិនទប់ស្កាត់សកម្មភាពនេះ និងធ្វើឲ្យព្រៃឈើក្នុងព្រៃឡង់បាត់បង់មិនខាន។ ដូច្នេះទោះបីសកម្មភាពតូចតាចក៏ត្រូវតែទប់ស្កាត់ឲ្យបានដែរ»។
បើតាមលោក ភក្ត្រា បច្ចុប្បន្នក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតង គាំទ្រថវិកាដោយ USAID របស់អាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។
លោកបន្តថា គម្រោងព្រៃឡង់បៃតងមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអភិរក្ស ជីវចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបង្កើតឲ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាពផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់៕