កណ្តាលៈ យ៉ាងហោចណាស់មានមនុស្ស ៤ នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះអគ្គិភ័យមួយនៅចំណុចភូមិសំរោងក្អែរ-២ ឃុំសំរោងធំ ស្រុកកៀនស្វាយកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
លោក វង សែ អធិការរងស្រុកកៀនស្វាយបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា គ្រោះអគ្គិភ័យនេះបានផ្ដើមចេញពី «ភាពធ្វេសប្រហែស» របស់ម្ចាស់ផ្ទះលក់ហ្គាស ដែលបានដាំទឹកនៅក្បែរធុងបញ្ចូលហ្គាសធំមួយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះចេញពីចង្ក្រានហ្គាស រាលដាលទៅឆេះទុយោដែលតភ្ជាប់ពីធុងហ្គាសនោះបណ្ដាលឲ្យផ្ទុះឆេះឡើងផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចទាំងយប់។
លោកបន្តថាក្នុងហេតុការណ៍នេះបណ្ដាលឲ្យស្ត្រីម្ចាស់ផ្ទះឈ្មោះ យ៉ាន់ នាង អាយុ ៣៥ ឆ្នាំ និងបុរសជាប្ដីឈ្មោះ ស៊ិន សុខា អាយុ ៤៥ ឆ្នាំព្រមទាំងកូនប្រុសឈ្មោះ មឿន សុភា អាយុ ១៨ ឆ្នាំ និងចៅប្រុសម្នាក់ឈ្មោះ ស៊ុន វិសាល អាយុ ៣ ឆ្នាំបានរងរបួសធ្ងន់ និងស្រាលត្រូវបានសាច់ញាតិនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
លោកបន្តថា៖ «នៅក្នុងគ្រោះអគ្គិភ័យនោះមិនបណ្ដាលឲ្យមានការឆេះរាលដាលដល់លំនៅឋានអ្នកដទៃនោះទេ ដោយសារអ្នកភូមិនៅក្បែរនោះបានជួយអន្តរាគមន៍បូមទឹកបាញ់ពន្លត់ទាន់ពេល»។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានពិនិត្យឃើញធុងហ្គាសធុនមធ្យមចំនួន ៣ ក្នុងចំណោមធុងហ្គាសសរុប ៧១ ធុងនៅក្នុងផ្ទះខាងលើត្រូវបានផ្ទុះឆេះ ដោយសារការឆាបឆេះភ្លើងពីចង្ក្រានហ្គាសដែលពួកគេបានដាក់ដាំទឹកក្ដៅនៅក្បែរនោះ។
ដោយឡែកកាលពីរសៀលថ្ងៃពុធក៏មានករណីផ្ទុះកំប៉ុងហ្គាសពេលដាំស្លផងដែរ ដែលយ៉ាងហោចណាស់បានបង្កឲ្យបុរសជនជាតិចិន ២ នាក់ដែលបម្រើការនៅក្នុងបន្ទប់ធ្វើម្ហូបនៃអាហារដ្ឋានជនជាតិចិន «ចឺជាំង» នៅក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា រងរបួសស្រាល។ នេះបើតាមលោក ក្រេត សការីន អធិការរងខណ្ឌ៧មករា។
បើតាម លោក ង៉ែត សាម៉ុន ប្រធានការិល័យរដ្ឋបាលនៃនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យនៃអគ្គស្នងការនគរបាលជាតិតាមទិន្នន័យដែលប្រមូលបានពី ២៥ រាជធានី-ខេត្តទូទាំងប្រទេស កម្ពុជា ដោយគិតចាប់ពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មកដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦៣៩ លើក ដោយបានបង្កការខូចខាតផ្ទះតូច-ធំ និង ផ្ទះល្វែងសរុប ៥៩១ ខ្នង តូបលក់ដូរតូច-ធំសរុប ៣១១ តូប ស្លាប់មនុស្ស ១៣ នាក់ និង ៨៧ នាក់ទៀតរងរបួសធ្ងន់ និងស្រាល និងបានខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។ «ស្ទើរតែទាំងអស់នៃគ្រោះអគ្គិភ័យដែលបានកើតឡើងគឺបណ្ដាលមកពីម្ចាស់ផ្ទះ ឬម្ចាស់ទីតាំងលក់ដូរមិនបានបិទ ឬពន្លត់ភ្លើង (អគ្គិសនី និងភ្លើងចង្ក្រាន) មុនពេល និងក្រោយពេលដាំស្ល ឬ ចាកចេញពីលំនៅឋាន»៕