ភ្នំពេញៈ ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ ៦២ នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាទីតាំងអនាធិបតេយ្យមួយក្នុងរាជធានីភ្នំពេញសមត្ថកិច្ចបានរកឃើញថាមនុស្ស ៥៤ នាក់មានផ្ទុកសារជាតិគ្រឿងញៀនក្នុងនោះម្នាក់ជាអនីតិជនអាយុ ១៤ ឆ្នាំ។
ស្នងការរងរាជធានី ភ្នំពេញ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ប៊ន សំអាត បានឲ្យដឹងថាប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងតំបន់នេះធ្វើឡើងកាលពីថ្ងៃសៅរ៍ទី ១៩ ខែកញ្ញាវេលាម៉ោងជិត ៣ រសៀល ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ៦២ នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗដើម្បីសួរនាំ។
លោកថា៖ «ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចក៏រឹបអូសបាននូវឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន ដាវ កាំបិត និងលុយមួយចំនួនផងដែរ»។
លោក ប៊ន សំអាត បានបន្តថាក្រោយការធ្វើពិសោធន៍ទឹកនោមសមត្ថកិច្ចរកឃើញថាមនុស្ស ៥៤ នាក់មានផ្ទុកសារជាតិគ្រឿងញៀនប្រភេទម៉ាទឹកកកហើយក្នុងនោះមានក្មេងម្នាក់អាយុ ១៤ ឆ្នាំផងដែរ។
លោកថា៖ «សម្រាប់ក្មេងអាយុ ១៤ ឆ្នាំនោះ និងអ្នកសេសសល់គ្មានសារជាតិគ្រឿងញៀនគឺត្រូវបានបញ្ជូនត្រឡប់ទៅឲ្យអាណាព្យាបាលដើម្បីបញ្ជូនទៅមណ្ឌលអប់រំចំណែកអ្នកទាំង ៥៣ នាក់ទៀតគឺត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការព្រោះពួកគេទាំងនោះក៏ជាមុខសញ្ញាក្រុមក្មេងពាល ចោរឆក់ ចោរគាស់ផ្ទះ និងពួកកាប់ចាក់គ្នាផងដែរ»។
លោក សំអាត បានហៅសកម្មភាពអនាធិបតេយ្យការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិត្រពាំងឈូកនេះថាមានលក្ខណៈច្រើនបែប និងមិនចេះចប់ដោយលោកបានប្រដូចកិច្ចការនេះទៅនឹងភ្លៀងរលឹមចាប់មិនចេះអស់។ ជាក់ស្តែងកាលពីថ្ងៃទី ២១ ខែសីហាជនសង្ស័យ ៨៨ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងតំបន់នេះ។
បើតាមលោក ប៊ន សំអាត ករណីអ្នកទាំង ៨៨ នាក់នោះមានខ្លះត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែឯខ្លះទៀតត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារព្រៃសជាដើម។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិរយៈពេល ៦ ខែដើមឆ្នាំ ២០១៥ នេះនគរបាលបានចាប់ខ្លួនមនុស្សចំនួន ១៩៥៩ នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនដែលបង្ក្រាបបានចំនួន ៩៩៨ ករណី។
គ្រឿងញៀនកំពុងតែក្លាយទៅជាក្តីកង្វល់ដ៏ធំមួយនៅក្នុងសង្គមខ្មែរបច្ចុប្បន្នខណៈដែលក្មេងៗទើបតែមានអាយុត្រឹមជាង ១០ ឆ្នាំក៏អាចមានសមត្ថភាពស្វែងរកទិញគ្រឿងញៀនយកមកប្រមូលផ្តុំគ្នាជក់បានដែរនោះ៕