ភ្នំពេញៈ នៅ​ក្នុង​អំឡុង​ឆមា​ស​​ទី១ ឆ្នាំ ២០១៩ នេះ​ កងទ័ព​កម្ពុ​ជា ​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅ​តាម​តំបន់​ព្រំដែន​​បាន​ជិត ៣ ពាន់​ករណី ក្នុង​នោះ​ភាគ​ច្រើន ​គឺបទល្មើស​ព្រៃឈើ ​និងឆ្លងដែន​ខុស​​ច្បាប់​។ នេះ​បើ​តាម​​ នាយ​ឧ​ត្ត​មសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋ​លេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។

​ជា​មួយ​គ្នា​នេះ លោក សុជា​តិ ក៏​ឲ្យ​ដឹង​ផង​​ដែរ​ថា​ ប្រទេ​ស​ កម្ពុ​ជា​ បាន​បន្ត​កិច្ច​សហការ​ល្អជា​មួ​យ​​ប្រទេស​ជិត​ខាង និងបាន​​​ដោះ​ស្រា​យ​បញ្ហាផ្សេងៗដោយ​សន្តិ​​​វិធី។ ​ក្រសួងការពារជាតិ​ កាល​ពី​ម្សិល​មិញ បាន​រៀប​ចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផ​ល​​ការងារ​ប្រចាំ​ឆមាស​ទី១ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ការងារ​សម្រាប់​ឆមា​ស​​ទី២ ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​ ក្រោម​អធិបតី​ភាពលោក ទៀ បាញ់​​​ ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

លោក ឈុំ សុជាតិ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ថា​ ក្នុង​ឆ្នាំ ២០១៩ ក្នុង​​រយៈពេល​ឆមាស​ទី១ នេះ​ កងយោធពល​ខេមរភូមិន្ទ​ ​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗសរុប​បាន​ចំនួន ២ ៩​៨​១ ករណី​ នៅតាម​ខ្សែបន្ទាត់​ព្រំដែ​​​​ន​ ក្នុង​នោះ​នៅតាម​បណ្តោយព្រំដែន​កម្ពុជា-ថៃ​ មានចំនួន ១ ២​៨៩ ករណី ព្រំ​ដែន​វៀតណាម​មាន​ចំនួន ១ ១៧៩ ករណី និង​ព្រំដែន​កម្ពុជា-ឡាវ មាន​ចំនួន ៥១៣ ករណី។

លោក​ សុជាតិ បញ្ជាក់​ដូច្នេះ​ថា៖ «សម្រាប់​ឆមាស​ទី១ ឆ្នាំ ២០១៩ នេះកងយោធពល​ខេម​រភូមិន្ទបាន​បន្តពង្រឹងការ​ការ​ពារជាតិលើ​គ្រប់​វិស័យ ​នៅ​តាម​តំបន់​ព្រំដែនដោយ​ធ្វើ​ល្បា​ត​ជាប្រចាំ ដើម្បី​តាមដានត្រួត ពិនិត្យ​គ្រប់​គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ និង​សកម្ម​ភាព​ឆ្លង​ដែនខុស​ច្បាប់ ព្រម​ទាំង​បាន​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេសជិ​ត​ខាង ដោយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ដែល​កើត​ឡើង​ដោយ​សន្តិវិធី»។

លោក​គូស​បញ្ជាក់ថា​ បទ​ល្មើស​​ជិត ៣ ពាន់​ករណី​ ដែល​កងទ័ព​កម្ពុជា​បាន​ទប់ស្កាត់ និ​ង​បង្ក្រាប​នៅតាម​តំបន់​ព្រំដែ​ន ​ភាគ​ច្រើន គឺជា​ «បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់ និង​ឆ្លង​ដែន​ខុស​ច្បាប់»។

លោក​មាន​ប្រសាសន៍​ថា៖​​​ «​ស្ថានភាព​សន្តិសុខ​នៅតាម​ព្រំដែន​ នៅ​ដើម​ឆមាស​នេះ មាន​លក្ខណៈ​ល្អប្រសើរ​ និង​រីក​​ចម្រើនជាង​ឆ្នាំមុន (២០​១៨​) ដោយសារតែ​អាជ្ញាធរ​យើង​ បាន​សហ​ការ​គ្នា​បានល្អ​ជាមួយ​ប្រជាពលរដ្ឋ និងយើង​មានការ​ជួបជុំគ្នា​ញឹក​ញាប់​ជាមួយ​​កម្លាំង​នៅតាម​បណ្តោយ​​ព្រំដែន»។

យ៉ាង​ណាក្តី លោក​ ស៊ឹង សែ​ន​​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​បាន​លើកឡើងថា បទល្មើស កាប់​ព្រៃឈើខុសច្បាប់ និង​ឆ្លងដែន​ខុសច្បាប់​ដ៏​ច្រើន​នេះ​ បាន​បង្ហាញថា ការ​អនុវត្ត​ច្បាប់​​របស់​សមត្ថកិច្ចនៅតាមប​ណ្តោ​​យ​ព្រំដែន​នៅមានកម្រិត និង​មាន​ភាព​ធូរ​រលុង​ ដែល​បណ្តាល​​ឲ្យ​ជនល្មើសនៅ​​បន្តធ្វើ​សកម្ម​​ភាព​កាប់​ព្រៃឈើ និងឆ្លងដែន​ខុស​ច្បាប់។ លោក​បន្ត​ថា​​ ​រាជរដ្ឋា​​ភិបាល ​ត្រូវតែ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​អ្នក​​ដែល​បាន​រំលោភ​បំពាន​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ការ​ទទួ​ល​​ខុសត្រូវរ​បស់​សមត្ថកិច្ច​នៅ​តា​ម​បណ្តោយ​ព្រំដែន​នៅមាន​ភាព​ធូរ​រលុង ដោយមិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ថា អាច​មាន​អ្នកមានអំណាច ​ឬ​អ្នកធំ​នៅ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​ករណី ឆ្លង​ដែន​ខុស​ច្បាប់​ និង​បទ​ល្មើ​ស​​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន»។

បើ​តាម​លោក ឈុំ សុជាតិ ​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​ កងទ័ព​ជើង​គោក​កម្ពុជា​​ បាន​​ត្រួត​ពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើសផ្សេងៗ​​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​បាន​សរុប​​ចំនួន ៥ ១៩៣ ករណី​ និង​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​សន្តិ​​សុខ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ភាព​ល្អប្រសើរ​ជាង​កាល​ពី​ឆ្នាំ ២០១៧៕