ភ្នំពេញ: សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ក្រាប​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កំណត់​សរុប​ជាង ២៨ ម៉ឺន​គ្រឿង​ក្នុង​អំឡុងពេល​ត្រួតពិនិត្យ​តាមផ្លូវ​ក្នុង​រយៈពេល​មួយ​ឆមាស​ឆ្នាំ​ ២០២០ ខណៈដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ព្រមាន​ដាក់​ដេញថ្លៃ​លក់​ជា​សាធារណៈ​នូវ​រថយន្ត​ចង្កូត​ឆ្វេង និង​ស្តាំ​ចំនួន ៨៤៦ គ្រឿង​ដែល​ត្រូវបាន​បង្ក្រាប​ក្នុង​រយៈពេល​ ៣-៤ ​ឆ្នាំ​កន្លង​មក ប្រសិន​បើ​ម្ចាស់​រថយន្ត​ទាំងនេះ​មិន​ចូលខ្លួន​ទៅ​ដោះស្រាយ​។

តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​នៃ​ក្រសួង​សាធារណការ​ចុះ​ថ្ងៃទី​ ០៦ ​ខែ​កក្កដា ​ឲ្យ​ដឹងថា ការអនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ​មាន​រថយន្ត​សរុប​ចំនួន ១ ០៩៤ ៣៩៧ គ្រឿង​ ត្រូវបាន​ត្រួតពិនិត្យ​ក្នុង​នោះ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២៨១ ២៤៤ ​គ្រឿង ​ស្មើនឹង​ ២៥,៧០%​។

លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​ ១ ​ក្នុង​ឆ្នាំ​ ២០២០ ​ថា ក្រុមការងារ​គ្រោង​បង្កើត​ទីតាំង​ស្ថានីយ​ថ្មី​បន្ថែម និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នៅតាម​ស្ថានីយ​មួយ​ចំនួន​ដែលមាន​ស្រាប់​។

លោក​ថា​៖ «​យើង​បាន​ណែនាំ​ដល់​មន្ត្រី​តាម​ស្ថានីយ​ឲ្យ​ពង្រឹង​ការអនុវត្ត​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ប្រកាន់ខ្ជាប់​នូវ​ក្រម​សីលធម៌​ការងារ និង​សហការ​ល្អ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​»​។

ដោយឡែក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អ.គ.រ) ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពី​ម្សិលមិញ​បាន​ប្រកាស​ឲ្យ​ម្ចាស់​រថយន្ត និង​ម្ចាស់​ទំនិញ​រត់គេច​ពន្ធ​ចូលខ្លួន​មក​ដោះស្រាយ និង​បង់ពន្ធ​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​ និង​រឹបអូស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​ម្ចាស់​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​។ ប្រសិន​បើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​ទេ រថយន្ត និង​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​ដាក់​ដេញថ្លៃ​លក់​ជា​សាធារណៈ​។

បើតាម​សេចក្តី​ជូនដំណឹង​របស់ អ.គ.រ ចុះ​ថ្ងៃទី ០៨ ខែ​កក្កដា​បញ្ជាក់ថា អ.គ.រ សូម​ប្រកាស និង​អញ្ជើញ​ជា​លើក​ចុងក្រោយ​ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញ​គេចពន្ធ​ដែល​ត្រូវបាន​បង្ក្រាប និង​រក្សាទុក​បណ្ដោះអាសន្ន​ដោយ​រដ្ឋបាល​គយ សូម​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​ និង​ពិន័យ​តាមច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​ក្នុង​រយៈពេល​មិន​លើស​ពី ៦០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។

ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ម្ចាស់​រថយន្ត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន​ ២ ​រួមមាន ទី​១- ​កក់ប្រាក់​ចំនួន ៧០ ​ភាគរយ​នៃ​ប្រាក់​ពន្ធអាករ និង​ពិន័យ​ដែល​ត្រូវ​បង់ និង​យក​រថយន្ត​ទៅ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​នៅ​យានដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​។ ទី​២- ​ក្នុង​រយៈពេល​មិន​លើសពី ៣០ ​ថ្ងៃ ម្ចាស់​រថយន្ត​ត្រូវ​យក​រថយន្ត​ដែល​បាន​កែ​ចង្កូត​រួច​មក​បង្ហាញ​មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច និង​បង់ប្រាក់​ពន្ធអាករ និង​ពិន័យ​បន្ថែម​ ៣០ ​ភាគរយ​ទៀត ដើម្បី​ទទួល​បាន​បង្កាន់ដៃ​ពន្ធ​យានយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការចុះបញ្ជី​យានយន្ត​ស្រប​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

សេចក្តី​ជូនដំណឹង​ព្រមាន​ថា ក្នុង​ករណី​ម្ចាស់​រថយន្ត និង​ម្ចាស់​ទំនិញ​ខកខាន​មិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ និង​ពេលវេលា​ដូច​បាន​រៀបរាប់​ខាងលើ និង​អនុលោម​តាម​បញ្ញត្តិ​មាត្រា ៥៤ និង​មាត្រា ៥៥ នៃ​ច្បាប់​ស្ដីពី​គយ​ទេ​នោះ យានយន្ត និង​ទំនិញ​ទាំងនោះ​នឹងត្រូវ​ចាត់ទុក​ជា​ទំនិញ​គ្មាន​ការទាមទារ ​ហើយ អ.គ.រ ​នឹង​ប្រកាស​ដាក់លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​។

មន្ត្រី​ម្នាក់​នៃ អ.គ.រ ថ្លែង​សុំ​មិន​បញ្ចេញឈ្មោះ​ពី​ម្សិលមិញ​ថា ទំនិញ​ដែល​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ និង​រឹបអូស​នេះ​មាន​ច្រើន​ប្រភេទ​មិន​អាច​រៀបរាប់​អស់​ទេ ដោយ​បាន​រឹបអូស​ជា​បន្តបន្ទាប់​ដែល​ទំនិញ​ខ្លះ​បាន​បង្ក្រាប​រយៈពេល​ ៣ ឬ ​៤ ​ឆ្នាំ​មកហើយ ប៉ុន្ដែ​មិនទាន់​មាន​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទេ​។

លោក​បន្តថា ក្រៅពី​ទំនិញ​សមត្ថកិច្ច​បាន​រឹបអូស​រថយន្ត​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ចំនួន ៨៤៦ ​គ្រឿង​។ លោក​បញ្ជាក់ថា​៖ «​ទំនិញ​ដែល​យើង​ចាប់​បាន​នេះ គឺជា​ទំនិញ​ល្មើសច្បាប់​ក្នុង​ស្រុក មិនមែន​ចាប់​ពេល​នាំ​ចូល​ពី​បរទេស​ទេ ព្រោះ​ទំនិញ​នាំ​ចូល​ពី​បរទេស​តាម​ច្រកទ្វារ​អន្តរជាតិ គឺ​សុទ្ធ​តែ​ត្រូវ​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​»៕