ភ្នំពេញៈ នៅ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ ២០១៩​ នេះ សមត្ថ​​កិច្ចបាន​ធ្វើ​ការ​បង្ក្រាប​​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ជួញ​ដូរ​ផ្លូវភេទបាន​ចំនួន ៧៨ ​ករណី​គឺ​មា​ន​ការ​កើន​ឡើង​ ២៥ ​ភាគ​រយ​ និ​ង​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ២៦៣ នាក់ គឺ​កើន​ឡើង ១៤៨ ភាគ​រយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) បាន​ចេញ​របាយការណ៍​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ជួញដូរ​ផ្លូវភេទ កាល​ពី​ម្សិល​មិញ​នៅ​​ក្នុង​កិច្ចប្រជុំ ក្រុម​​​​ការងារ​អន្ដរក្រសួង​ ស្ថា​ប័ន​ចំនួ​ន ៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើ​ជួញ​ដូរ​មនុស្ស​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១៩ ដែលកិច្ច​ប្រជុំ​នេះ ​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ គ.ជ.ប.ជ។

របាយ​ការណ៍​នេះ ​បាន​កត់​ត្រា​​ថា អគ្គ​ស្នងការ​ដ្ឋាន​នគ​របាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ចំនួន ១៩ បាន​តាមដាន​ស្រាវ​ជ្រាវបង្ក្រា​ប​​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ សរុប​បាន​ចំនួ​ន​ ៧៨ ករណី ខណៈ​ដែល​រយៈ​ពេ​ល​​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​មាន​ ៦២​ ករ​​ណី (កើន​ឡើង ១​៦ ករណី ស្មើ​នឹង ២៥ ភាគរយ)។

របាយ​ការណ៍​​ដដែល​បន្ត​ថា ក្នុង​នោះឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូ​ន​ទៅ​​តុលាការ​បាន​ចំនួន​ ៩​៧ នា​ក់​ ខណៈ​រយៈ​ពេល​ដូច​គ្នា​កា​ល​ពី​ឆ្នាំ​មុន​មាន ៨៥ ​នាក់ (កើន ១​២ នាក់​ស្មើ​នឹង ១៤%) ក្នុង​នោះ​ស្ត្រី ២២ ​នាក់អនីតិ​ជន​ ៩ នា​​ក់ជា​ជនបរទេស ១៤ នាក់​ សញ្ជាតិ​ចិន ១២​​ នាក់និង​អាមេរិ​ក ២ នាក់​ ហើយ​​បាន​សង្គ្រោះ​ជនរងគ្រោះចំនួន ២៦៣ នាក់ ខណៈ​កាល​ពី​ឆ្នាំ​មុន​សង្គ្រោះ​បា​ន ១០៦​​ នាក់ គឺ​កើន ១៥៧ នាក់ ស្មើនឹង ១៤៨% ក្នុង​នោះ​​មានអាយុ​ក្រោម ១៥ ឆ្នាំ ៧០ នាក់ អាយុ ១៥ ដល់​ ១៧ ​ឆ្នាំ​ ៣១ នា​ក់ និង​ពី ១៨ ឆ្នាំ​ឡើង ១៦២ នាក់ ហើយ​បាន​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​ចំនួន ៧២​ នាក់ និង​ប្រគល់​ទៅ​គ្រួសារ​ពួកគេ​វិញ​ ១៩១ នាក់។

លោកស្រី ជូ ប៊ុន​អេង រដ្ឋលេ​​ខា​ធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍ គ.ជ.ប.ជ បាន​ថ្លែងប្រាប់​អ្នកសារ​ព័ត៌មា​ន ​ក្រោយ​ពី​​បញ្ចប់​កិច្ចប្រជុំ​បិទ​ទ្វារ​ថា​ របាយការណ៍​​នេះ​គឺ​​​បង្ហាញ​ថា សមត្ថ​កិច្ច​ និង​អាជ្ញា​ធរពាក់​ព័ន្ធ​ បាន​ខិតខំ​ធ្វើ​ការ​​ទប់ស្កាត់​ និង​បង្ក្រាបអំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ជួញដូរ​ផ្លូវភេទ។

លោកស្រី​បញ្ជាក់ថា៖ «យើង​អាច​និយាយ​បាន​ថា​ យើង​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវ​ជ្រាវ និង​បង្ក្រាបបាន​ច្រើន​ជាង​ឆ្នាំ​មុ​ន សង្គ្រោះ​ជនរង​គ្រោះ​បាន​ច្រើន​ជាង​ឆ្នាំមុន ហើយ​ការផ្តន្ទា​ទោ​ស​​បាន​ច្រើនជាង​ឆ្នាំមុន​នៅក្នុង​រយៈពេល​ដូច​គ្នា​ដូច្នេះ​យើង​វាយ​​តម្លៃថា​ អ្វីដែល​យើង​ធ្វើបាន​ក្នុង​ដើម​ឆមាស​នេះ​គឺ​ល្អ​ប្រសើ​របើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន»។

ទន្ទឹម​នឹង​នេះ​លោក​ស្រី​ក៏​បា​ន​​​សម្តែង​ការសោកស្តាយ​ ដែល​លោក​ស្រី​ថាអា​មេរិក​​បាន​លើ​ក​យក​អតីតគណ​បក្ស​សង្គ្រោះ​​ជាតិមក​វាយតម្លៃ​ឲ្យ​កម្ពុជា​ជាប់​​​​ចំណាត់​ថ្នាក់​លេខ ២ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​ ដែល​បញ្ហា​នេះ ជា​រឿង​ ២ ដាច់​ដោយ​ឡែក​ពីគ្នា។

លោកស្រី​បន្ត​​ថា​៖ «មាន​រឿង​ខ្លះ​ដែល​គាត់​ដាក់​សម្ពាធ​បន្ថែ​ម​​ទៀតឲ្យ​យើង​ធ្វើ​នេះធ្វើ​នោះ​រហូ​ត គាត់​ដាក់​ប​ញ្ចូល​ទៅក្នុង​ការងារ​នយោបាយ​ដែល​គាត់​យក​​ករ​ណី​បក្ស​ប្រឆាំងនិយាយ​ចូល​នៅ​ក្នុ​ង​នេះវា​ជា​រឿងមិន​គួរ​និយា​យ​បាន​​ន័យ​ថា វា​ជា​រឿង​បច្ចេក​ទេ​ស ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​​ដូរ​មនុស្ស​មិន​​គួរ​យក​រឿង​នយោបាយ​មក​វាយ​តម្លៃ​កម្ពុជា ទាប​បែប​នេះ​ទេ»។

បើ​តាម​លោកស្រី​ ប៊ុន​អេង នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក ស ខេង បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្តប្រឹង​ប្រែង​ជួយ​​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​ជួញ​ដូ​រ​​មនុស្ស​ និង​អំពើ​ជួញដូរ​ផ្លូវភេទ​ ដោយ​លោក​លើក​ឡើង​ថា បើ​សិន​កម្ពុជា​មិន​​ខំ​ប្រឹង​ប្រែង​​ទេនោះ ​កម្ពុជា​នឹង​​ធ្លាក់​ទៅ​លេខ ៣ ​ជាមិន​ខាន។

លោក​ស្រី រស់ សុភាព នាយិ​កាប្រតិបត្តិ​នៃ​អង្គការ​យេន​ឌ័រ និ​ង​​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​សម្តែ​ង​ការអបអរ​សាទរចំពោះលទ្ធផ​ល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម​ត្ថកិច្ច​ និង​អាជ្ញាធរពាក់​ព័ន្ធ ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុ​ស្ស​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​។ ​ទោះ​យ៉ាង​ណា​លោក​ស្រី​ថ្លែង​ថា ស្ត្រី​នៅ​តែ​ប្រឈម និង​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ជួញ​ដូរ​ផ្លូវភេទ​ នៅតាម​កន្លែង​កម្សាន្ត​មួយចំនួន​ និង​ការ​ជួញដូរ​មនុ​ស្ស តាម​រូបភាព​អាពាហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

លោក​ស្រី​បញ្ជាក់​ថា៖ «ពួក​គាត់​នៅតែ​ប្រឈម​មុខ​​ទៅ​នឹង​ការ​កេង​ប្រវ័ញ្ច​ក្រោម​​ស្លាក ​KTV និង​ក្លិបហើយ​ពេល​ស្ត្រី​ត្រូវ​បា​ន​ភ្ញៀវ​រំលោភ​ឬ​វាយដំ អ្នក​ដែល​ផ្តល់​សេវា​ហ្នឹង​មិនមាន​វិធានការ​​អី​ដែល​អាចជួយស្ត្រី​នោះ​ឲ្យ​មាន​សុវត្ថិ​ភាព​ និង​ការពារ​សិទ្ធិ​នោះ​ទេ»។

បើ​តាម គ.ជ.ប.ជ ការ​បង្ការទប់​ស្កាត់ ការជួញ​ដូរ​មនុស្ស​តា​ម​រូបភាពអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស ក្នុ​ង​ឆមាស​ទី ១ ឆ្នាំ ២០១​៩ ​ក្រសួ​ង​ការ​បរទេស និង​ច្រក​ចេ​ញ​ចូល​តែ​មួយ​របស់​​ក្រសួង​មហាផ្ទៃទទួល​បន្ទុក ការងារ​អា​ពា​ហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស បានទទួល​ពាក្យ និង​ធ្វើ​​សម្ភាស​ពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេសសរុប​ចំនួន ១០០​៩ គូ ដែល​បានដាក់​ពាក្យសុំ​រៀប​អាពាហ៍​ពិពាហ៍​តាម​ផ្លូវ​ច្បាប់៕