បន្ទាយមានជ័យៈ លោក ឈុន ម៉ៅ មេបញ្ជាការ​ប្រចាំ​ទិស​ទី​ ១ នៃ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ខែកុម្ភៈ​ដល់​ដើម​ខែ​សីហា​ ឆ្នាំ​ ២០២០ ​កម្លាំងយោធា​នៃ​យោធភូមិភាគ​ទី​៥ ​បាន​រួមគ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​ជាង​ ៤០០ ​នាក់​។

លោក ឈុន ម៉ៅ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ទៀតថា សម្រាប់​តួលេខ​ ១ ​ខែ​ ក្នុង​ខែ​កក្កដា ​វិញ ចំពោះ​អ្នក​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ តាម​ច្រកព្រំដែន​ខេត្ត​បន្ទាយមានជ័យ​គឺ​មាន​ជាង ៧ ០០០ ​នាក់​ ចំណែក​អ្នក​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ​ដែល​ត្រូវបាន​ឃាត់ខ្លួន គឺមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ព្រោះ​មាន​តែ​ជាង ១០ ​ករណី​ សម្រាប់​ខែកក្កដា​។

លោក​មេបញ្ជាការ​ប្រចាំ​ទិស​ទី​១ ​រូប​នេះ​បញ្ជាក់ថា មូលហេតុ​ដែល​ពលរដ្ឋ​សម្រេចចិត្ត​វិល​ប្រឡប់​ទៅ​ប្រទេស​ថៃ និង​វិល​ចូល​មក​កម្ពុជា​វិញ​ក៏​ព្រោះ​បណ្តាល​មកពី​កត្តា​អត់​ការងារ​ធ្វើ​។

លោក​បន្តថា ពួកគាត់​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ​ហើយ​បាន​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​រក​ការងារ​ធ្វើ​មិនបាន ក៏​សម្រេច​វិលត្រឡប់​ទៅ​ប្រទេស​ថៃ ​វិញ ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​ដែល​បាន​វិលត្រឡប់​ទៅ​ប្រទេស​ថៃ ​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​ជាង ៤០០ នាក់​ទេ ចេញ​ពី​ខ្មែរ​ទៅ​ថៃ ទៅ​រក​ការងារ​ធ្វើ ដែល​យើង​ចាប់បាន និង​ថៃ​គាត់​ឃាត់​បាន ហើយ​បញ្ចូន​មក​យើង​វិញ​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​។ ការព្យាយាម​ចេញ និង​ចូល​ប្រទេស​នៅពេល​នេះ​គឺ​បង្ក​ការលំបាក​ណាស់ ព្រោះ​យើង​ត្រូវ​ចំណាយពេល​បញ្ចូន​ពួកគាត់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ស្រុកកំណើត​របស់​ពួកគាត់​វិញ​ហើយ​យើង​ក៏​ចំណាយ​ថវិកា និង​កម្លាំង​ដែរ​»​។

បើ​តាម​លោក ឈុន ម៉ៅ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ចំនួន​ពលរដ្ឋ​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​វិញ គឺ​មាន​ចំនួន​ថយចុះ បើ​ធៀប​នឹង​ដើម​ឆ្នាំ ដែល​មាន​ចន្លោះ​ពី ៤០០ ទៅ​ ៥០០ ​នាក់ ​មក​នៅត្រឹម ២០០ ឬ​ ៣០០ ​នាក់​ប៉ុណ្ណោះ​ ក្នុង​ ១ ​ថ្ងៃ​។

កាលពី​ថ្ងៃទី​ ៨ សីហា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹងថា ក្នុង​អំឡុង​ពេល​ដែល​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាមួយ​កម្ពុជា​ចាប់​តាំងពី​ខែ​មីនា​ មក​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១ ​ពាន់​នាក់ បាន​ចាញ់​បោក​មេខ្យល់​ដោយ​ព្យាយាម​ចូលទៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបាន​ថៃ​ចាប់បញ្ជូន​មកវិញ​។

លោក ឃុន ថារ៉ូ អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស និង​ការងារ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) ​បាន​លើកឡើង​ថា មកដល់​ពេល​នេះ​ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​តែ​បន្តធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​នៅតាម​ច្រករបៀង​តូចៗ បើទោះបី​ជា​មាន​ការបិទ​ព្រំដែន និង​មាន​ការយាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ថៃ​ និង​កម្ពុជា​។

លោក​បន្តថា ការឆ្លងដែន​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​មេខ្យល់ ឬ​តាម​ទំនៀមទម្លាប់​នៃ​ការធ្វើ​ចំណាកស្រុក ដោយ​ធ្វើ​ឡើង​តាមរយៈ​អ្នក​ស្គាល់ ឬ​បងប្អូន ហើយ​រូបភាព​បែប​នេះ​គឺ​នៅ​តែ​បន្ត​កើតឡើង គឺ​អត់​មាន​ភាពស្រាកស្រាន្ត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​គាត់​ធ្វើ​ចំណាកស្រុក​គឺ​គាត់​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ឲ្យ​ទៅ​មេខ្យល់​ និង​អ្នក​ដែល​ស្គាល់​ហ្នឹង ដើម្បី​អាច​ឆ្លងកាត់​តាម​ព្រំដែន​បាន​ដោយ​មិន​មានការ​ធានា​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ក្នុងករណី​ដែល​អាច​ឆ្លងដែន​បាន​មែន ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ចូន​ត្រឡប់​មកវិញ​ដែរ​»​។

លោក ឃុន ថារ៉ូ ក៏បាន​លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​ចំណាកស្រុក​មួយ​ចំនួន​បាន​ដឹង​ច្បាស់​អំពី​ផលវិបាក​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ជម្រើស​អ្វី​ក្រៅពីនេះ​ទើប​សម្រេច​ចិត្ត​ទាំង​ប្រថុយប្រថាន​ក្នុង​ការធ្វើ​ចំណាកស្រុក​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ព្រោះ​តែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​។

លោក​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​នេះ​។ លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​រក​លទ្ធភាព​ណាមួយ​ក្នុង​ការបើក​ច្រកព្រំដែន​​ក្នុង​កម្រិត​ណាមួយ ដែល​អាច​ឲ្យ​ពលរដ្ឋ​នៅតាម​បន្ទាត់​ព្រំដែន​អាច​ប្រកប​អាជីវកម្ម​របស់ខ្លួន ដើម្បី​ចិញ្ចឹមជីវិត​។

ម្យ៉ាងទៀត រដ្ឋាភិបាល​ក៏​គួរតែ​បង្កើត​ការងារ​នៅក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដូចជា​រោងចក្រ សួន​ឧស្សាហកម្ម​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​រួមទាំង​ការបន្ត​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជុំវិញ​ការធ្វើ​ចំណាកស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ផងដែរ​»៕