ភ្នំពេញៈ មនុស្ស​ ១៣ ​នាក់​ក្នុង​ចំណោម​មនុស្ស​ ៧ ​ពាន់​នាក់​ដែល​ភាគច្រើន​ជា​កុមារ​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​រាតត្បាត​នៅក្នុង​រយៈពេល ៧ ខែ​នៅក្នុង​ឆ្នាំ​ ២០១៨ ​នេះ​។ នេះ​បើ​តាម​លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​។

លោក ឫទ្ធា ថ្លែង​ថា​ឆ្នាំ​ ២០១៨ ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន សម្ទុះ​នៃ​ជំងឺ​គ្រុនឈាម​មាន​ការ​កើនឡើង ប៉ុន្ដែ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាជ្ញាធរ​អាច​គ្រប់គ្រង​បាន​។

លោក​បាន​ថ្លែង​ថា​៖ «​មិន​មាន​ការផ្ទុះ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ​ទេ គ្រាន់តែ​មាន​ការ​កើនឡើង​ជាង​ឆ្នាំ​មុន​។ តាម​របាយការណ៍​ត្រឹម​សប្ដាហ៍​ចុងក្រោយ​នេះ​មាន​កើតឡើង​ជាង ៧ ​ពាន់​ករណី​ហើយ និង​មាន​ករណី​ស្លាប់ ១៣ ​នាក់​ដែល​ភាគច្រើន​ជា​កុមារ​ហើយ​ករណី​ស្លាប់​នេះ​ ព្រោះ​អាណាព្យាបាល​ភាគច្រើន​គាត់​យឺតយ៉ាវ​បញ្ចូន​កូន​មក​មន្ទីរពេទ្យ​រដ្ឋ​ដើម្បី​ទទួល​ការព្យាបាល​»​។

លោក​បាន​អះអាង​ផង​ដែរ​ថា អាណាព្យាបាល​បើ​ដឹង​ថា​កូន​មាន​ជំងឺ​គ្រុនឈាម កុំ​ព្យាយាម​សាកល្បង​ព្យាបាល​តាមរយៈ​ថ្នាំ អាស្ពីរីន ឬ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ឲ្យ​សោះ​ត្រូវ​ប្រញាប់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ដើម្បី​ទទួល​បាន​ការព្យាបាល​ទាន់ពេល​។

តាម​របាយការណ៍​ជំងឺ​គ្រុនឈាម ២៦ ​សប្ដាហ៍​ឆ្នាំ​ ២០១៨ ​នេះ​បាន​បង្ហាញ​ថា​មាន​ជំងឺ​គ្រុនឈាម​កើតឡើង​ចំនួន ៥២៨៤ ​ករណី​កើនឡើង​ចំនួន ៣៧០៤ ​ករណី​ស្មើនឹង ៧៧ ​ភាគរយ​បើ​ធៀប​ក្នុង​ឆ្នាំ​ ២០១៧ ដែល​មាន​តែ​ ១៥៨០ ​ករណី​។

រហូត​មក​ដល់​ពេល​នេះ​ស្ថិតិ​ក្នុង​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ៧១ ​ភាគរយ​នៃ​ករណី​គ្រុនឈាម​គឺជា​កុមារ​អាយុ​ពី ៥ ដល់​ ១៤ ​ឆ្នាំ​ដែល​ភាគច្រើន​កំពុង​រៀន​ក្នុង​សាលា​។ យោង​តាម​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា​ទទួល​រងគ្រោះ​ដោយ​ការ​រាតត្បាត​ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​ជំងឺ​គ្រុនឈាម​ជាប្រចាំ​រវាង ៣-៥ ឆ្នាំ​ម្តង​។

នៅ​ឆ្នាំ​ ២០១៦ មាន​អ្នក​ជំងឺ​សង្ស័យ​គ្រុនឈាម​ចំនួន ១២៨៤៣ ករណី (​បើ​គិត​ជា អាំងស៊ីដង់ ឬ​ករណី​ថ្មី គឺ ៧៧.៥% ក្នុង​ចំណោម​ប្រជាជន ១០០ ០០០ ​នាក់​) ត្រូវ​បាន​រាយការណ៍​តាម​ប្រព័ន្ធ​របាយការណ៍​កម្មវិធី​ជាតិ​ក្នុង​នោះ​មាន​កុមារ​ចំនួន ១៨ ​នាក់​បាន​ស្លាប់ (​បើ​គិត​ជា​អត្រា​ស្លាប់​គឺ ០,១%)​។

ស្ថិតិ​មួយ​ភាគ​ធំ​នៃ​ករណី​ឈឺ​បណ្ដាល​មកពី​ជំងឺ​គ្រុនឈាម​ដែល​មាន​នៅក្នុង​របាយការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​គឺ​កើត​មាន​លើ​ក្រុម​កុមារ​ចាប់ពី​អាយុ ៥ ​ឆ្នាំ​ទៅ​ក្រោម ១០ ​ឆ្នាំ (២៤៣៤ ករណី ឬ ៣៨,២%) បន្ទាប់​មកលើ​កុមារ​អាយុ​ពី ១០ ​ឆ្នាំ​ទៅ​ក្រោម​ ១៥ ឆ្នាំ (២២៧១ ​ករណី ឬ ៣៥,៦%) កុមារ​អាយុ​ក្រោម ៥​ ឆ្នាំ (១៣០៥ ​ករណី ឬ​ ១០,៧%) និង​កុមារ​អាយុ​លើស​ពី ១៥ ​ឆ្នាំ (៣៦២ ករណី​ឬ ៥.៦%)៕