ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទឹកជំនន់កំពុងបន្តបំផ្លិចបំផ្លាញខេត្តចំនួន ១៥ ក្នុងចំណោមខេត្តទូទាំងប្រទេសរបស់កម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរទៅលើខេត្ត សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្ត បន្ទាយមានជ័យ ហើយបានសម្លាប់ជីវិតមនុស្សចំនួន ៨៣ នាក់។
លោក ញឹម វណ្ណដា អនុប្រធាន ទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃម្សិលមិញ មានមនុស្សចំនួន ៨៣ នាក់បានស្លាប់ហើយចំនួននេះអាចនឹងកើនឡើងខណៈប្រជាជនជាង ៨០០ ០០០ នាក់និងស្រែចំនួន ១២០ ០០០ ហិកតា ទទួលរងផលប៉ះពាល់អវិជ្ជមានរួចទៅហើយ។ លោក បានថ្លែងបន្តថា៖ «ទឹកជំនន់តាមផ្លូវជាតិលេខ ៥ បានក្លាយជាធ្ងន់ធ្ងរកាលពីម្សិលមិញដោយសារភ្លៀងធ្លាក់ខ្លាំងនៅព្រំដែន កម្ពុជា-ថៃ»។
លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បាត់ដំបង បានថ្លែងឲ្យដឹងថា ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងខ្លាំងបានវាយប្រហារ ស្រុកទាំង ១៤ ក្នុងខេត្ត បាត់ដំបង ដោយបាននាំឲ្យមានការជម្លៀសគ្រួសារជាង ៧០០ ដែលរស់នៅនិង ធ្វើការនៅជិតអាង កំពីងពួយ ស្រុក បាណន់។ លោក បានថ្លែងបន្តថា៖ «[កាលពីម្សិលមិញ] យើងបានសម្រេចជម្លៀសប្រជាជនជាងមួយរយនាក់ដែលរស់នៅនិងធ្វើការជិតអាង កំពីងពួយ ពីព្រោះទំនប់នោះកំពុងបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ ហើយយើងចង់បញ្ចៀសមិនឲ្យមានការលង់ទឹកច្រើន។ ប្រជាជនចំនួន ១០ នាក់បានលង់ទឹករួចទៅហើយនៅក្នុងទឹកជំនន់ ក្នុងខេត្ត បាត់ដំបង»។
ទន្ទឹមនេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្ត សៀមរាប បានឲ្យដឹងថា អាជ្ញាធរខេត្ត សៀមរាប កំពុងព្យាយាម ប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ដោយព្យាយាមបង្វែរទិសទឹកដើម្បី បញ្ចៀសការជនលិចព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប និងឧទ្យាន បុរាណវិទ្យា អង្គរ។
លោក សៅ សារាត នាយខុទ្ទកាល័យខេត្ត ប៉ៃលិន បានឲ្យដឹងថា នៅក្នុងខេត្ត ប៉ៃលិន ទឹកជំនន់បានធ្វើឲ្យខូចខាតធ្ងន់ធ្ងរទៅដល់ផ្ទះរាប់ពាន់ខ្នងរបស់ប្រជាជន ដោយបាននាំឲ្យមានការជម្លៀសបន្ថែមទៀតកាលពីម្សិលមិញ។ លោក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ទឹកជំនន់ក្នុងខេត្ត ប៉ៃលិន កាលពីម្សិលមិញ បានបណ្តាលឲ្យប្រជាជនរាប់ពាន់គ្រួសារត្រូវបានជម្លៀស»។
ចំណែក ឯលោក ក្លូត សុភា អធិការនគរបាលស្រុក កោះញែក បានឲ្យដឹងថា នៅក្នុងខេត្ត មណ្ឌលគិរី មិនត្រឹមតែទទួលរងទឹកជំនន់ទេ ប៉ុន្តែថែមទាំងគ្រុនផ្តាសាយដែលបានធ្វើឲ្យប្រជាជនយ៉ាងហោចណាស់ចំនួន ៥៥៣ ឈឺ។ លោកថ្លែងបន្តថា៖ «មន្រ្តីមន្ទីរសុខាភិបាលខេត្តនិងស្រុកត្រូវបានបញ្ជូនទៅព្យាបាលប្រជាជននិងដើម្បីវិភាគរោគសញ្ញា»។
លោក សូនី គ្រីសណាន់ មន្រ្តីផ្នែកទំនាក់ទំនងសម្រាប់អង្គការសុខភាពពិភពលោកប្រចាំ កម្ពុជាបានថ្លែងឲ្យដឹងថា បើទោះជាអ្នកភូមិជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងគ្រុនផ្តាសាយ ក៏ដោយ ក៏ភ្លៀងធ្លាក់ខ្លាំងនិងអាកាសធាតុសើមគឺទំនងជាបុព្វហេតុនាំ ឲ្យមានគ្រុនផ្តាសាយ។ លោក គ្រីសណាន់ បានថ្លែងថា៖ «អង្គការសុខភាពពិភពលោកកំពុងជួយក្រសួង សុខាភិបាល ស៊ើបអង្កេតករណីគ្រុនផ្តាសាយទាំងនេះ។ ការកើនឡើងករណីនេះមិនអាចមិនរំពឹងថា កើតមានក្នុងអាកាសធាតុនេះទេ»។
យោងតាមសារាចររបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ចេញកាលពីថ្ងៃ ទី៦ ខែ តុលា បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យ អុំទូក ដែលនឹងប្រព្រឹត្តទៅថ្ងៃ ទី១៦ ១៧ និង ១៨ ខែ វិច្ឆិកា ប៉ុន្តែការរៀបចំពិធីនេះនៅតាមទីកន្លែងដទៃទៀតអាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។ ជាមួយនេះដែរ ការឈប់សម្រាករបស់មន្ត្រីរាជការ និងនិយោជិតកម្មករចំនួនបីថ្ងៃនេះនៅតែរក្សាដដែល ហើយគ្រប់ក្រសួង ស្ថាប័ន រាជធានី និងខេត្តត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការជួយ សង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយកង្វះខាតស្បៀង ជម្រក ថ្នាំពេទ្យ និងត្រូវយកចិត្តទុកដាក់ស្តារឡើងវិញនូវដំណាំស្រូវដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធដែលបានរងការខូចខាត។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានមានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា បើពិនិត្យទៅលើបណ្តាខេត្តដែលមានទូកច្រើននោះគឺនៅតែបន្តលិចលង់ ដោយសារតែទឹកជំនន់រហូតមកដល់ពេលនេះ ដែលធ្វើឲ្យយើងនៅតែធ្វើការសង្គ្រោះយ៉ាងយកចិត្តទុកដាក់។
លោកបានថ្លែងថា៖ «យ៉ាងយូរមួយខែទៀតទឹកស្រក ហើយនៅពេលដែលទឹកស្រកប្រជាពលរដ្ឋយើងត្រូវធ្វើការបង្កបង្កើនផល។ ដូចនេះដោយសារការលិចលង់នេះហើយបានជាធ្វើឲ្យរាជរដ្ឋាភិបាលយើងធ្វើការពន្យារពេលប្រារព្ធពិធីនេះឡើង»។
លោក ជាម យៀប បានបន្តទៀតថា នេះជារាជរដ្ឋាភិបាលស្របច្បាប់ ដូចនេះលោកអាចពន្យារពេលណាក៏បានដែរ ហើយណាមួយលោកត្រូវគិតពិចារណាដល់ការស្រោចស្រង់ជីវភាពរបស់ ប្រជាពលរដ្ឋយើងក្រោយពេលទឹកជំនន់។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាល ក៏ដូចជាព្រះមហាក្សត្រព្រះរាជទានព្រះរាជទ្រព្យ ឬថវិកាជាតិអស់ជាច្រើនក្នុងការប្រារព្ធពិធីនេះ។ ដូចនេះយើងទុកលទ្ធភាពទាំងនេះដើម្បីទិញស្រូវពូជ និងស្តារហេដ្ឋារចនាសម្ព័ន្ធក្រោយពេលទឹកស្រកទៅវិញ»៕PS
រាយការណ៍បន្ថែម Amelia Woodside