
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទថ្មីៗនេះ។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៨ នេះអគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បង្ក្រាបបទល្មើសនេសាទបាន ២២៤៨ ករណីដែលទិន្នន័យនេះបានថយចុះចំនួន ៦២២ ករណី បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ នេះបើតាមការអះអាងរបស់លោក ហុង ហ៊ី មន្ត្រីរដ្ឋបាលជលផល។
លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថាឆ្នាំ ២០១៨ នេះបទល្មើសនេសាទមានការធ្លាក់ចុះដោយសារមានការសហការគ្នាបានល្អទាំងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមផ្សំនឹងសម្ទុះទឹកបានកើនឡើងខ្លាំងជាងឆ្នាំមុន។
លោកបន្ដថា៖ «ឆ្នាំនេះទឹកឡើងគំហុក ដូច្នេះអ្នកដាក់ស្បៃមុងនេសាទដែលអាចប៉ះពាល់ដល់ផលនេសាទនោះមិនអាចដាក់ស្បៃនោះទាន់ទេ។ កត្ដានេះហើយទើបបទល្មើសនេសាទមានការធ្លាក់ចុះ ហើយសម្ទុះត្រីក៏អាចនឹងកើនឡើងដែរ»។
លោកលើកឡើងទៀតថាកត្ដាដែលទឹកជំនន់បន្ដឡើងជាប់រហូតនេះ ទើបអ្នកនេសាទដែលប្រើវិធីនេសាទខុសច្បាប់មិនអាចបន្ដនេសាទបាន ព្រោះទឹកនៅកម្រិតជ្រៅរហូត ហើយដល់ពេលស្រកចុះគឺស្រកលឿនតែម្ដង។
លោកបន្តថា៖ «ពេលទឹកឡើងចុះជាប់រហូតបែបនេះបានជះឥទ្ធិពលល្អដល់ការបង្កាត់ពូជត្រី និងអាចឲ្យត្រីបន្ដពូជបានច្រើន ហើយទឹកនៅតាមបឹង និងអូរបានផ្លាស់ប្ដូររហូតទឹកមិនស្អុយ»។
លោក ម៉េង សុថៃ អនុប្រធានការិយាល័យវិវាទកម្មនៃអគ្គនាយកដ្ឋានរដ្ឋបាលជលផលថ្លែងដែរថាតាមរយៈបទល្មើសនេសាទឆ្នាំ ២០១៨ នេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងដែលសង្ស័យចំពោះករណីបទល្មើសនេសាទទៅតុលាការចំនួន ៦១ ករណីបញ្ជូនជនសង្ស័យចំនួន ២៧ នាក់ទៅតុលាការ និង ២ នាក់បានបញ្ជូនទៅពន្ធនាគារក្នុងបទល្មើសនេសាទ។
លោកបន្ដថា៖ «ឆ្នាំនេះបទល្មើសមានការធ្លាក់ចុះព្រោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានសហការគ្នាបានល្អ និងបានចុះទៅធ្វើសិក្ខាសាលាដល់មូលដ្ឋាននៅតាមសហគមន៍ និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងផ្សេងៗផងដែរ»។
កាលពីឆ្នាំ ២០១៧ បទល្មើសនេសាទបានកើនឡើងចំនួន ២៨៧០ ករណី៕