ភ្នំពេញៈ បាតុភូត​ភ្លៀងខ្យល់ និង​ផ្គរ រន្ទះ ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២០ បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​ ១៨០ ​នាក់​ ដែល​ចំនួន​នេះ​មាន​ការថយចុះ​ ១០៧ ​នាក់ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃអាទិត្យ​។

ទិន្នន័យ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​នេះ បាតុភូត ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​បាន​បង្ក​ឱ្យ​មនុស្ស​ ៥ ​នាក់​ស្លាប់ និង​ ៦២ ​នាក់​ទៀត​រងរបួស ខណៈ​ផ្ទះ​ប្រជាពលរដ្ឋ និង​សំណង់​អគារ​រដ្ឋបាល​សាធារណៈ សរុប​ជាង​ ៦០០០ ​ខ្នង​បាន​រង​ការខូចខាត​យ៉ាងដំណំ​។ ក្នុង​រយៈពេល​ដូចគ្នា​នេះដែរ បាតុភូត​ផ្គរ រន្ទះ​បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ៧៥ ​នាក់ ស្លាប់ និង​ ៣៨ ​នាក់​ទៀត​រងរបួស ព្រមទាំង​បាន​បណ្តាល​ឱ្យ​គោក្របី​របស់​ប្រជាកសិករ​សរុប​ ៩០ ​ក្បាល​ងាប់ និង​ខូចខាត​ផ្ទះ​ចំនួន​ ១២ ​ខ្នង​។

តួលេខ​នេះ​ត្រូវ​បាន​លោក​​ ឃុន សុខា អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​អះអាង​ថា មាន​ការថយចុះ​ប្រមាណ​ជាង​ ៤០ ​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ ៩ ​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ បាតុភូត ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់ និង​ផ្គរ រន្ទះ បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​សរុប​ ២៨៧ ​នាក់ និង​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​សរុប​ជាង​ ១៤ ០០០ ​ខ្នង​ផ្ទះ​ ក្នុង​នោះ​ផ្ទះ​​ ១ ៥៩៥ ​ខ្នង​រង​ការខូចខាត​ទាំងស្រុង និង​បាន​បង្ក​ឱ្យ​ងាប់​គោក្របី​កសិករ​អស់​ ៨៦ ​ក្បាល​។

លោក​ថ្លែងថា​៖ «​ថ្វីបើ​ចំនួន​ជនរងគ្រោះ​មាន​ការថយចុះ ប៉ុន្តែ​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​បាតុភូត​ធម្មជាតិ​ទាំងនេះ​នៅតែ​ជា​ក្ដីកង្វល់ និង​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​យើង​»​។

ករណី​គ្រោះថ្នាក់​រន្ទះបាញ់​នេះ​ផងដែរ លោក​ ផាច ជី អធិការ​ស្ដីទី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ភ្នំ ជលសា អាយុ ២៣ ​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ បឹងស្មុក ឃុំ​ស្វាយស ស្រុក​ក្រគរ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ខណៈ​គាត់​កំពុង​ដុស​ជូត​សម្អាត​ម៉ូតូ​នៅ​ក្រោម​ផ្ទះ​ជាមួយ​ប្រពន្ធ និង​កូនតូច​របស់​គាត់ ពេល​មេឃ​កំពុង​រក​កលភ្លៀង​។

លោក​ថ្លែងថា​៖ «​យើង​ពិបាក​កំណត់​ថា តើ​គួរ​ត្រូវ​ផ្សព្វផ្សាយ​បែបណា​ដល់​ប្រជាពលរដ្ឋ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​នៃ​រន្ទះបាញ់​។ ខណៈ​កាលពី​ពេល​កន្លង​មក​យើង​ណែនាំ​ឱ្យ​ពលរដ្ឋ​កុំ​ចេញ​ក្រៅ​ផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង ឬ​កុំ​ស្ដាប់​វិទ្យុ ទស្សនា​ទូរទស្សន៍ និង​ប្រើប្រាស់​ទូរស័ព្ទដៃ ដែល​មាន​ធាតុ​ចម្លង​វិទ្យុសកម្ម​ក្នុង​អំឡុងពេល​មាន​ភ្លៀង​»​។

ករណី​នេះ​បាន​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ដោយ​ករណី​រន្ទះបាញ់​ក្នុង​ឆ្នាំ​ ២០២០ គិត​ត្រឹម​ថ្ងៃទី​ ៤ ​ខែ​តុលា​បាន​កើន​ដល់​ ៧៦ ​នាក់​។

ចំណែក​លោក​ ម៉ឹង វុទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​កាលពី​ល្ងាច​ថ្ងៃទី​ ២ ខែ​តុលា មាន​ករណី​ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់ កើតឡើង​នៅក្នុង​ក្រុង​ស្រុក​ចំនួន​ ២ គឺ​ក្រុង​សំរោង និង​ស្រុក​កោះអណ្តែត ដោយបាន​បង្ក​ឱ្យ​លំនៅឋាន​ពលរដ្ឋ​ចំនួន​ ៤២ ​ខ្នង​រង​ការខូចខាត​យ៉ាងដំណំ និង​បាន​បង្ក​ឱ្យ​របួស​មនុស្ស​ ២ ​នាក់​ផងដែរ​។

ករណីនេះ​បាន​ធ្វើឱ្យ​តួលេខ​នៃ​ចំនួន​អ្នករងរបួស​ដោយ​ករណី​ខ្យល់​កន្ត្រាក់​ក្នុង​ឆ្នាំ​ ២០២០ ​គិត​ត្រឹម​ថ្ងៃទី​ ៤ ខែតុលា បានកើន​ដល់​ ៦៤ ​នាក់​។

ក្រៅពី​គ្រោះ​ធម្មជាតិ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ ជំនន់​ទឹកភ្លៀង ដែល​បង្កឡើង​ពី​ព្យុះនូល និង​ប្រព័ន្ធ​សម្ពាធ​ទាប​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ១២ ​នាក់​ស្លាប់ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ជនបទ និង​ស្ពាន​ជាច្រើន​ខ្សែ ព្រម​ទាំង​ជន់លិច​ផលដំណាំ​ជាច្រើន​រយ​ហិកតា​ផងដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ប្រមូល​បាន​ពី​តាម​បណ្ដា​ខេត្ត​ចំនួន​ ៨ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​ថ្មីៗ​នេះ រួមមាន​ខេត្ត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះសីហនុ ឧត្ដរមានជ័យ និង​ខេត្តកំពត​។

ជុំវិញ​ករណី​ជំនន់​ទឹកភ្លៀង​នេះ​ដែរ​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ៤ តុលា ថា​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ហក់​ឡើង​លើស​កម្រិត​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ជាថ្មី​ម្ដងទៀត ខណៈ​ភ្លៀង​នៅ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ​នៃ​ជួរ​ភ្នំក្រវាញ​។

លោក​ វ័យ ​ថ្លែង​ថា​៖ «​គិត​ត្រឹម​ម៉ោង​ ៣ ​រសៀល​ថ្ងៃទី​ ៤ ខែ ​តុលា ឆ្នាំ​ ២០២០ កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​បាន​ជន់​ឡើង​ដល់​កម្រិត​ ៥,១៣ ​ម៉ែត្រ លើស​ពី​កម្រិត​នៃ​ការប្រកាស​អាសន្ន​ ០,១៣​ សង់ទីម៉ែត្រ​។ វា​អាច​នឹង​ជន់លិច​ចូល​លំនៅឋាន​ពលរដ្ឋ​ជាថ្មី​ម្ដងទៀត ប្រសិន​បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាងលើ​នៃ​ស្រុក​ភ្នំក្រវាញ​»​។

ចំណែក​លោក​ អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ព្រឹក​ម្សិលមិញ​ថា​ទឹក​បាន​ស្រក​ទៅវិញ​ហើយ​។ ប៉ុន្តែ​លោក​ប្រាប់​នា​ថ្ងៃទី​ ៤ តុលា ដែរ​ថា លំនៅឋាន​ប្រជាពលរដ្ឋ​ប្រមាណ ៥០ ​ខ្នង​ស្ថិត​ក្នុង​ភូមិ​ព្រៃសន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ​បាន​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ប្រព័ន្ធ​ដៃ​ស្ទឹង​ព្រែក​នានា​នៃ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង និង​ទឹក​ដែល​ហូរ​ចាក់​ពី​ភ្នំ​តាម​ជ្រលងអូរ​ ៧៥ ​នៃ​ឃុំ​អូរអណ្ដូង​។

លោក​ ប៊ុនលី ​បាន​បន្តទៀតថា កំណាត់​ផ្លូវលំ​ប្រវែង​ជាង​ ២៥០ ​ម៉ែត្រ​ក្នុង​ស្រុក​សាលាក្រៅ​ត្រូវ​បាន​ទឹក​ហូរ​កាត់ និង​មិន​អាច​ធ្វើ​ចរាចរណ៍​បានទេ​។ ប៉ុន្តែ​ទោះយ៉ាងណា​មិន​មាន​ការជម្លៀស​អ្នកភូមិ​ចេញពី​លំនៅឋាន​នោះទេ ខណៈ​អាជ្ញាធរ​ក៏​កំពុង​បន្ត​ចុះ​ឃ្លាំមើល និង​ត្រៀម​ការជួយ​អន្តរាគមន៍​៕