បាត់ដំបងៈ ដោយគ្មានភ្លៀងធ្លាក់មួយតំណក់លើដីស្រែដ៏ស្ងួតហួតហែងរបស់ពួកគេកសិករនៅ ស្រុកបវេល ខេត្តបាត់ដំបង កំពុងអង្វរក្រុមហ៊ុនសាងសង់ឲ្យឈប់បិទទឹកស្ទឹងដើម្បីកុំឲ្យស្រូវប្រាំងរបស់ពួកគេងាប់ដោយសារខ្វះទឹក។
ស្ពានដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលតភ្ជាប់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានរាំងស្ទះចរន្តទឹកស្ទឹងចាប់តាំងពីការសាងសង់បានចាប់ផ្តើមកាលពី ខែធ្នូ មក។ នេះបើយោងតាមមេភូមិ សាំងរាំង ក្នុង ស្រុកបវេល ខេត្តបាត់ដំបង។ ទោះជាយ៉ាងណា ប្រជាកសិករ បានដាំស្រូវរាប់រយហិកតា កាលពី ខែមេសា ដោយរំពឹងទៅលើទឹកភ្លៀងក្នុងរដូវវស្សា។ ប៉ុន្តែបែរជាពុំមានភ្លៀងធ្លាក់ទៅវិញ។
លោក លីញ សាលឿន នាយកប្រតិបតិ្តនៃសមាគមសហប្រតិបតិ្តការដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ដែលជួយកសិករបានឲ្យដឹងថា៖ «កាលពីឆ្នាំមុន មានទឹកជំនន់ច្រើន ហើយឆ្នាំនេះ មានគ្រោះរាំងស្ងួតច្រើន។ ដំណាំកំពុងតែងាប់»។
អ្នកភូមិ និងមេឃុំបានស្នើសុំឲ្យអភិបាលស្រុកធ្វើអន្តរាគមន៍ និងធ្វើឲ្យទឹកហូរតាមព្រែកស្ទឹងឡើងវិញ។ កាលពីថ្ងៃចន្ទ ក្រុមហ៊ុនសាងសង់ស្ពានបានឆ្លើយតបដោយបញ្ចេញទឹកច្រើន ប៉ុន្តែ មិនគ្រប់គ្រាន់ដើម្បីទៅដល់ដីស្រែគ្រប់ភូមិទេ។ លោក សូ សាវឿន ដែលជាមេភូមិ បានថ្លែងថា៖ «ទឹកហូរយឺតលើតំបន់ទឹករាក់ វាមិនអាចទៅដល់កន្លែងឆ្ងាយពីស្ពានដែលជាដីស្រែខ្ញុំផ្ទាល់ និងកូនខ្ញុំ ប្រហែល ៤ ហិកតានោះទេ។ ស្រូវប្រាំងនឹងរងការខូចខាតទាំងស្រុង ប្រសិនបើគ្មានទឹកក្នុងមួយខែទេនោះ»។ លោក សាវឿន ថ្លែងថា ប្រជាជន ៤០៥ គ្រួសារនៅក្នុងភូមិលោក បានទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងការបិទទឹក ដោយសារតែការសាងសង់ស្ពាន។ ក្រៅពីបិទទឹក អ្នកស្រុកព្រួយបារម្ភថា គម្រោងសាងសង់ស្ពាន ៥៥ លានដុល្លារនេះ កំពុងតែបំពុលទឹកស្ទឹង ទន្លេ ដោយសារតែការចាក់ស៊ីម៉ងត៍ចោល និងកាកសំណល់ដទៃទៀតក្នុងទឹក។
លោក សាលឿន បញ្ជាក់ថា៖ «ទឹកកខ្វក់ណាស់ហើយពុំមានក្លិនល្អទេ»។ លោកបន្ថែមថា គ្រួសារគ្មានប្រភពទឹកផ្សេងបានបន្តប្រើប្រាស់ទឹកពីស្ទឹងទន្លេនេះ ជាហេតុធ្វើឲ្យមនុស្សជាច្រើននាក់កើតជំងឺរាក និងឈឺពោះ។
លោក Eirk Sidgwick នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា ធនាគារមិនទទួលបានពាក្យបណ្តឹងពីអ្នកភូមិទេ ប៉ុន្តែលោកនឹងបញ្ជូនមនុស្សមួយក្រុមឲ្យទៅស៊ើបអង្កេតនៅថ្ងៃពុធ។
លោក ប៉ាញ ឧត្តម អនុប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងថា៖ «នៅ ខែកក្កដា សីហា និង កញ្ញា ទឹកទន្លេមានកម្រឹតទាបមិនជាបញ្ហាទេ ប៉ុន្តែនៅ ខែមិថុនា ដោយសារតែគ្រោះរាំងស្ងួត គ្មានទឹកហូរចូលព្រែកគឺជាបញ្ហា។ បើគ្មានការជួយអន្តរាគមន៍ទេ ដំណាំរដូវប្រាំងទាំងអស់របស់កសិករ អាចនឹងរងការខូចខាត»៕ TK